ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ធ្វើស៊ី​អស់​ជាង​១​ពាន់​ដុល្លារ​ តែ​នាង​ដឹងខ្លួន​ទាន់​​ស្ទុះចាប់កន្ទុយម៉ូតូ​​ជាប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ ខណៈ​ហូប​បាយ​ថ្ងៃត្រង់​រួច​បាន​ដើរ​ចេញពីផ្ទះ​ជួល​សំដៅ​ទៅ​ធ្វើការ​រោងចក្រ​ ស្រាប់តែ​បាន​ជួប​នឹង​ក្រុម​ជនសង្ស័យ​​ទម្លាក់យោង​១​ក្រុម​មាន​គ្នា​ចំនួន៤​នាក់​ប្រើ​ល្បិច​និយាយ​លួងលោម​នាំនាង​​ទៅ​ដោះ​យក​គ្រឿងអលង្ការ​មាន​តម្លៃ​គិត​ជា​ទឹកប្រាក់​ចំនួន​១២៧០​ដុល្លារ ដោយ​ឲ្យ​មក​នាង​វិញ​នូវ​​ខ្សែ​ក​កាឡៃ​១​ខ្សែ​ ។ ក្រោយ​ពេល​ដោះ​យក​គ្រឿងអលង្ការ​ពី​ខ្លួន​នាង​បាន​សម្រេច​ហើយ​ ក្រុម​ជនសង្ស័យ​៣​នាក់​បាន​គេចខ្លួន​ទៅ​មុន​ ចំណែក​បក្ខ​ពួក​ម្នាក់​ទៀត​បម្រុង​គេចខ្លួន​ទៅ​តាម​ក្រោយ…

រាជធានី​ភ្នំពេញ ៖ ​​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ ខណៈ​ហូប​បាយ​ថ្ងៃត្រង់​រួច​បាន​ដើរ​ចេញពីផ្ទះ​ជួល​សំដៅ​ទៅ​ធ្វើការ​រោងចក្រ​ ស្រាប់តែ​បាន​ជួប​នឹង​ក្រុម​ជនសង្ស័យ​​ទម្លាក់យោង​១​ក្រុម​មាន​គ្នា​ចំនួន៤​នាក់​ប្រើ​ល្បិច​និយាយ​លួងលោម​នាំនាង​​ទៅ​ដោះ​យក​គ្រឿងអលង្ការ​មាន​តម្លៃ​គិត​ជា​ទឹកប្រាក់​ចំនួន​១២៧០​ដុល្លារ ដោយ​ឲ្យ​មក​នាង​វិញ​នូវ​​ខ្សែ​ក​កាឡៃ​១​ខ្សែ​ ។

ក្រោយ​ពេល​ដោះ​យក​គ្រឿងអលង្ការ​ពី​ខ្លួន​នាង​បាន​សម្រេច​ហើយ​ ក្រុម​ជនសង្ស័យ​៣​នាក់​បាន​គេចខ្លួន​ទៅ​មុន​ ចំណែក​បក្ខ​ពួក​ម្នាក់​ទៀត​បម្រុង​គេចខ្លួន​ទៅ​តាម​ក្រោយ ដែរ ​ប៉ុន្តែ​ត្រូវ​នាង​ស្រាយ​មាត់​ថង់​មើល​ដឹង​ថា​ជា​គ្រឿងអលង្ការ​កាឡៃ ​ទើប​នាង​ស្ទុះ​ទៅ​ចា​ប់​ទាញ​កន្ទុយ​ម៉ូតូ​​របស់​ជនសង្ស័យ​ជាប់​ រួច​ស្រែ​កថា​ ចោរ​ៗ ​ព្រមទាំង​យំ​ខ្លាំង​ៗ​ថែម​ទៀត​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ជួយ​ដេញចាប់​បាន​ ហើយ​វាយ​ទាត់​ធាក់​ម្នាក់​១​ដៃ​១​ជើង​បណ្ដាល​ឲ្យ​ជន​នេះ​រង​របួស​បែក​មុខ​បែក​មាត់​​ទើ​បប្រគល់​ឱ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេ​លា​ម៉ោង​១១​និង ៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ខែ​មិ​នា ឆ្នាំ​២០២០ ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ​បន្ទាប់​ពី​និយាយ​ល្បួង​នារីរងគ្រោះ​បាន​ហើយ​ ក្រុម​ជនសង្ស័យ​បាន​នាំ​​នាង​ទៅ​ដោះ​យក​គ្រឿង​អលង្ការ​នៅ​ចំណុច​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវ​ចាប់ខ្លួនជនសង្ស័យ​បានម្នាក់​​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​។

តាម​ប្រភពពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សែ​ម បូ​រ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជន​នេះ​មានជា​អ្នក​ជិះ​ម៉ូតូ​ដឹក​បក្ខ​ពួក​ចេញ​ធ្វើ​សកម្មភាព ហើយ​ស្នាក់​នៅផ្ទះ​ជួល ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ​និង​​មានស្រុក​កំណើត ភូមិ​ព្រៃ​ញ៉​យ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ហើយ​កន្លង​មក​ក៏​ធ្លាប់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ឃាត់ខ្លួន​បាន​បញ្ជូន​ទៅ​តុលាការ​ដែរ​ ​លុះពេល​ចេញ​មកវិញនៅតែ​បន្ត​​ធ្វើ​សកម្មភាព​បែប​នេះទៀត​​ ។ ​ចំ​ណែ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BO-០២២២ ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​នោះ​ក៏​ត្រូវ​បាន​នគរបាល​ដកហូត​យក​ផង​ដែរ​។

​ដោយឡែក​​នារី​រង​គ្រោះ​ឈ្មោះ ឆាន់ ស្រី​និ​ច អាយ​ុ២៥​ឆ្នាំ មុខរបរ​កម្ម​ការិ​នី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត ភូមិ​ច្រេស ឃុំ​ច្រេស ស្រុក​ជុំ​គិរី ខេត្តកំពត ​ស្នាក់​នៅផ្ទះ​ជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ​រីឯ​គ្រឿងអលង្ការ​ដែល​បាត់បង់​រួម​មាន ខ្សែ​ក​ប្លា​ទី​ន ទម្ងន់​៣​ជី​ តម្លៃ​២១៥​ដុល្លារ​, កងដៃ​មួយ​ឈុត​២៥​កង តម្លៃ​៩៣៥​ដុល្លារ​ និង​ចិញ្ចៀន​ប្លា​ទី​ន​តម្លៃ​១២០​ដុល្លារ សរុប​គិត​ជា​ទឹកប្រាក់​ចំនួន​១២៧០​ដុល្លារ​។

​តាម​ប្រភពពីនារី​រង​គ្រោះបាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នៅ​មុន​កើតហេតុ​ ក្រោយ​ពេល​ហូប​បាយ​ថ្ងៃត្រង់​រួច នាង​បាន​ដើរ​ចេញពីផ្ទះ​ជួល​សំដៅ​ទៅ​កាន់​រោងចក្រ​ដើម្បី​ចូល​ធ្វើការ​វិញ ប៉ុន្តែ​នៅពេលដើរ​​តាម​ផ្លូវ​នោះ ​នាង​បាន​ឆ្លៀតទៅ​​រក​ទិញ​ដង្កៀប​នៅ​ខាង​មុខ​រោងចក្រ​ដើម្បីកៀប​សក់​។ ​ ខណៈនោះ​នាង​បាន​ជួប​ស្ត្រី​ជាជន​សង្ស័យ​ម្នាក់​ដើរមក​ជិត​ ហើយ​បាន​សួរ​មក​កាន់​នាង​ថា ​«​មាន​គេ​ជ្រុះ​មាស​១​កញ្ចប់ តើ​មាន​រើស​បាន​ទេ» ។ ពេល​នោះ​នាង​ឆ្លើយ​វិញថា «​​អត់​ដឹង​ទេ»​ លុះ​ពេល​កំពុង​តែ​និយាយ​គ្នា​ស្រាប់តែ​មាន​ស្ត្រីជា​ជន​សង្ស័យ​ម្នាក់​ទៀត​បាន​មក​ដល់​ ហើយ​​ប្រាប់​​នាង​ថា ​«​កុំ​មាត់​ ខ្ញុំ​រើស​បាន ទុក​ចែក​គ្នា​» ព្រមទាំង​បាន​លាមាត់​ថង់​ឲ្យ​មើលឃើញ​សុទ្ធតែ​គ្រឿងអលង្ការ​ក្រហមឆ្អៅ​ថែម​ទៀត​ផង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ស្ត្រី​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​ល្បួងលួងលោម​ និង​បបួល​នាង​ទៅ​រក​កន្លែង​ស្ងាត់​ដើម្បី​ចែក​គ្នា ស្រប​ពេល​នោះ​ក៏​មាន​ជនសង្ស័យ​ជា​បុរស​២​នាក់​ទៀត​ជិះ​ម៉ូតូ​​២គ្រឿង​​ក្នុងនោះ​មួយគ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​ស្មាស់​ ​និង​​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ ធុនសេ​១២៥​បានមក​ទៅ​ដល់​ ។ បន្ទាប់មក​​ក្រុម​ជនសង្ស័យ​ក៏​បាន​ដឹក​នាង​នាំ​ទៅ​កាន់​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រួច​ក៏​​ដោះ​យក​គ្រឿងអលង្ការ​របស់​នាង ​ហើយ​​ហុច​កញ្ចប់​គ្រឿងអលង្ការ​ដែល​ពួក​គេ​អះអាង​ប្រាប់​នាង​ថា​ជា​មាស​ដែល​រើស​បាន​នោះ​ឲ្យ​នាង​។​

តាមប្រភពដដែលបានបន្តទៀត​ថា លុះ​ក្រោយ​ពី​ដោះ​យក​គ្រឿងអលង្ការ​បាន​សម្រេច​ហើយ​ ជនសង្ស័យ​​ជា​ស្ត្រី​២​នាក់​ និង​បុរសម្នាក់​​នាក់​បាន​រត់​គេចខ្លួន​ជា​បន្តបន្ទាប់​បាត់ ហើយ​នៅ​សល់​ម្នាក់​បម្រុង​រត់គេច​ខ្លួន​ដែរ ប៉ុន្តែ​នាង​ដឹងខ្លួន​ទាន់​ ព្រោះ​ស្រាយ​មាត់​ថង់​មើល​ម្ដងទៀត​ ទើប​ដឹង​ថា​ជា​គ្រឿងអលង្ការ​កាឡៃ ​ក៏​ស្ទុះ​ទៅ​ចាប់​កន្ទុយ​ម៉ូតូ​ជាប់ ហើយ​ស្រែ​កថា​ចោរ​ៗ និង​ទ្រហោ​យំ​ខ្លាំង​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ជួយ​ចាប់​បាន ។

​ក្រោយពេលកើតហេតុ ​ដោយសារ​តែ​មាន​កំហឹង​ខ្លាំង​ ជា​ពិសេស​អ្នក​ដែល​ធ្លាប់​ចាញ់ល្បិច​ទម្លាក់យោង​អស់ទ្រព្យ​សម្បត្តិ​​នា​​ពេល​កន្លង​មក​នោះ ​អ្នក​ភូមិ​បាន​វាយ​ទាត់​ធាក់​ជនសង្ស័យ​​ម្នាក់​​នោះ ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​ រួច​ទើប​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចាត់ការ​តាម​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)