ខេត្តកំពង់ធំ ៖ បុរសម្នាក់សង្ស័យខឹងបុរសម្នាក់ទៀតទុកគោយន្តកន្ត្រៃតាមផ្លូវ ធ្វើឱ្យទើសផ្លូវគោយន្តរបស់ខ្លួនបើកដឹកស្រូវមិនកើត បង្កឱ្យមានទំនាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យ៏បានទាញដែកសំពងក្បាលជនរងគ្រោះ បណ្តាលឱ្យរងរបួសបែកក្បាល ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១៤និង៣០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចទួលខ្វាវ ស្ថិតក្នុងភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនសង្ស័យឈ្មោះ ទ្រឿន ភ័ព្វ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក បានធ្វើសកម្មភាពយកដែកថ្នាំងអំពៅវាយទៅលើជនរងគ្រោះឈ្មោះ រ៉ាយ រើន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក បណ្តាលឱ្យបែកក្បាលខាងក្រោយ បន្ទាប់ពីមានការទាស់ពាក្យសម្តីគ្នាជាមួយនឹងជនសង្ស័យរឿងឈប់គោយន្តលើផ្លូវ ។ បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពតាំងក្រសាំងដេរមុខរបួសអស់ជាច្រើនថ្នេរ។
ក្រោយពេលកើតហេតុ កំលាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងឃាត់ខ្លួុនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ