អាសូរ​ពន់ពេក​! ២​នាក់​ប្តី​ប្រពន្ធ​សម្រាក​នៅ​ពេទ្យ​មិន​​​ដឹង​យ៉ាងណា​​ផង ផ្ទះ​គេ​ដុត​​ខ្ទេច​ទៀត


ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានរឿង​មួយ​ដែល​គួរ​ឱ្យ​សង្វេគ​ចិត្ត​បំផុត ដែល​មិន​អាច​ទទួលយក​បាន​សម្រាប់​ជន​រង​គ្រោះ ខណៈ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​របួស​យ៉ាងធ្ងន់ធ្ងរ និង​កំពុង​តែ​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី នៅ​ឯ​ភ្នំពេញ ដោយ​មិន​ទាន់​ដឹង​ពី​ស្ថានភាព​បែប​ណា​ផង​នោះ ក៏​ស្រាប់តែ​ជួបនឹង​រឿង​មួយទៀត​បាន​កើតឡើង គឺ​ផ្ទះ​ជន​រង​គ្រោះ​ត្រូវ​គេ​លួច​ដុត​ឆេះ​អស់​គ្មាន​សល់​ទៅ​ទៀត ដែល​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ធ្នោះ ឃុំ​អង្គ​កែវ ស្រុក​ទ្រាំង ខេត្តតាកែវ​។

បើ​តាម​លោក ប៊ិ​ច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​អគ្គិភ័យ​បាន​លេប​ត្របាក់​ឆេះ​អស់ទាំង​ស្រុង​ខាងលើ​នោះ​មាន​ចំនួន​២​ខ្នង ក្នុង​នោះ​ម្ចាស់ផ្ទះ​ទី​១-​ឈ្មោះ មាស សា​ម៉​ន អាយុ​៥៦​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ វ៉ា ស្រី អាយុ​៥៧​ឆ្នាំ ផ្ទះ​មាន​ទំហំ 5×6​ម៉ែត្រ ខូចខាត​ទាំងស្រុង និង​សម្ភារ​ដែល​បាត់បង់​មាន ម៉ូតូ​វី​វ៉ា​១​គ្រឿង អង្ករ​១​បេ មាស​៣​ជី កង់​១​គ្រឿង និង​សម្លៀក​បំពាក់​ទាំងអស់ ដែល​ជា​របស់​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ឯ​មន្ទីរពេទ្យ​រុ​ស្ស៊ី នៅ​រាជធានី​ភ្នំពេញ​នោះ​។

លោក​អធិការរង​បន្ត​ថា ចំណែក​ម្ចាស់ផ្ទះ​ទី​២ មាន ឈ្មោះ វ៉ា សា​រឿ​ន អាយុ​៦០​ឆ្នាំ មាន​ទំហំ 4×5​ម៉ែត្រ ឆេះ​ទាំងស្រុង ចំណែក​សម្ភារៈ​ដែល​ខូចខាត​មាន កង់​២​គ្រឿង ទូរទស្សន៍​១​គ្រឿង ប្រាក់ 1,5000​បាត ស្រូវ អង្ករ និង​សម្លៀក​បំពាក់​ផង​ដែរ​។

លោក​អធិការរង​នគរបាល​ស្រុក​បន្ត​ទៀត​ថា ដោយសារ​រដូវ​នេះ​ជា​រដូវក្តៅ​ផង​នោះ ធ្វើ​ឱ្យ​ភ្លើង​ឆាបឆេះ​យ៉ាង​រហ័ស​បំផុត ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ជួយ​សង្គ្រោះ​ផ្ទះ​ទាំង​២​ខ្នង​ខាងលើ​ពី​អគ្គិភ័យ​បាន​ឡើយ ហើយ​នៅ​ពេល​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​នោះ គឺ​អណ្តាតភ្លើង​បាន​ឆាបឆេះ​អស់​ទៅ​ហើយ​។

បើ​តាម​សាក្សី​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​នេះ​បានឱ្យ​ដឹង​ថា នេះ​ពិតជា​ទុក្ខ​ជាន់​លើ​ទុក្ខ​ហើយ សម្រាប់​ជន​រង​គ្រោះ មាស សា​ម៉​ន និង វ៉ា ស្រី ដែល​ពេល​នេះ​ពួក​គាត់​កំពុង​តែ​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ឯ​ភ្នំពេញ ដែល​ត្រូវ​គេ​លួច​កាប់​គាត់​ដល់​ក្នុងផ្ទះ​នោះ​ហើយ​ពួក​គាត់​មានកូន​៣​នាក់ តែ​ការ​ចេញ​អស់​២​នាក់​ហើយ គឺ​មាន​តែ​កូន​ម្នាក់​នៅ​ជាមួយ​គាត់ ហើយ​ពេល​នេះ​កំពុង​នៅ​មើលថែ​ពួក​គាត់​នៅ​ឯ​មន្ទីរពេទ្យ ។

សាក្សី​ដដែល​បាន​បន្ត​ទៀត​ថា ក្រុម​គ្រួសារ​ពួក​គាត់​នេះ ធ្វើ​ជា​គ្រូខ្មែរ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ចោទប្រកាន់​ថា ចេះ​អាប់​ធ្មប់ និង​មិន​ពេញចិត្ត​ចំពោះ​គ្រួសារ​ពួក​គាត់​គ្រប់​ៗ​គ្នា​។

គួ​រំលឹក​ផង​ដែរ​ថា នៅ​យប់​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០២០ កាលពី​ម៉ោងជាង​១១​និង​១៥​នាទី​យប់ គឺ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​បងប្អូន​បង្កើត​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ប្រដាប់​ដោយ​កាំបិត​ក្រ​ង៉ុ​ក​ចូល​ទៅ​កាប់​ប្រហារ​មិន​ប្រណី​ដៃ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​តែ​ម្តង បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ត្រូវ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​រុ​ស្ស៊ី​ភ្នំពេញ​។ លុះដល់​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា នោះ ជនសង្ស័យ​ម្នាក់​ឈ្មោះ​ម៉​ម ឯម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ចំណែកឯ​ឈ្មោះ​ម៉​ម អន ជា​ប្អូន បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ