ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង​ជា​ច្រើន​នាក់​ដួល​សន្លប់​បន្តបន្ទាប់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង «​វី​ង​ស្តា​ស៊ូ​» ជា​ច្រើន​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​សង្ស័យ​មក​ពី​ធុំក្លិន​កាវ​បិទ​ស្បែកជើង ហើយ​ត្រូវ​បាន​អ្នកគ្រប់គ្រង​រោងចក្រ​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន​ខ្លះ និង​ទៅ​មន្ទីរពេទ្យ​បង្អែក​រដ្ឋ​ខ្លះ រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់​មាន​អាកា​រៈ​ធូរស្បើយ​ឡើង​វិញ​ហើយ ដោយ​ពុំ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ ចំណែក​អ្នកខ្លះ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ផង​ដែរ…

ខេត្តកំពង់ស្ពឺ ៖ កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង «​វី​ង​ស្តា​ស៊ូ​» ជា​ច្រើន​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​សង្ស័យ​មក​ពី​ធុំក្លិន​កាវ​បិទ​ស្បែកជើង ហើយ​ត្រូវ​បាន​អ្នកគ្រប់គ្រង​រោងចក្រ​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន​ខ្លះ និង​ទៅ​មន្ទីរពេទ្យ​បង្អែក​រដ្ឋ​ខ្លះ រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់​មាន​អាកា​រៈ​ធូរស្បើយ​ឡើង​វិញ​ហើយ ដោយ​ពុំ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ ចំណែក​អ្នកខ្លះ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​រោងចក្រ​ផលិត​ស្បែកជើង​យីហោ «​វី​ង​ស្តា​ស៊ូ​» (wing star shoes) មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​មហាឫស្សី ស្រុក​គងពិសី ដែល​មាន​កម្មករ​ធ្វើការ​សរុប​ទាំង​ពីរ​អាគារ​នៃ​រោងចក្រ​មាន​ចំនួន​២.០៦៧​នាក់​។

បើ​តាម​ប្រភព​ពី​ប្រធាន​ក្រុម​កម្មការិនី​រោងចក្រ​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា ដំបូង​ឡើយ​មានកម្ម​ការិនី​ម្នាក់​មាន​អាកា​រៈ​វិលមុខ ដោយសារ​ពុល​កាវ​បិទ​ស្បែកជើង ហើយ​ក៏​បាន​ដួល​សន្លប់ ក្រោយមក​ទៀត​អ្នក​ដែល​នៅ​ក្បែរ​នាង​ក៏​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​រោងចក្រ​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ខ្លះ និង​នៅ​មន្ទីរពេទ្យ​ឯកជន​ខ្លះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេល​ដែល​កម្មការិនី​ចំនួន​៥​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ក្រោយមក​អ្នក​ផ្សេង​ៗ​ទៀត​ដែល​នៅ​ជិត​គ្នា​ហាក់​មាន​អាកា​រៈ​ពិត​ភ័យ​ក៏​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​គ្នា​រហូត​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ធ្វើការ​សង្គ្រោះ​ភ្លាម​ផង​ដែរ​។

លោក​ចិក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា អាកា​រៈទាំង​នេះ​គឺ​ដំបូង​ឡើយ​ដែល​មានកម្ម​ការិនី​ម្នាក់​បាន​ដួល​សន្លប់ ហើយ​អ្នក​ផ្សេង​ៗ​ទៀត​ឃើញ​បែប​នេះ​មាន​អាកា​រៈ​ភិតភ័យ​ក៏​ដួល​សន្លប់​បន្តបន្ទាប់​គ្នា និង​ត្រូវ​បាន​រដ្ឋបាល​រោងចក្រ​និង​មន្ទីរ​ការងារ​ដឹក​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​គងពិសី​មួយ​ចំនួន ចំណែក​មួយ​ចំនួន​ទៀត​បញ្ជូន​ទៅ​គ្លីនិក​ឯកជន​ដែល​នៅ​ជិត​រោងចក្រ​នោះ រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់​មាន​អាកា​រៈ​ធូរស្បើយ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​អស់ហើយ​ដែរ​។​ដោយឡែក​កម្មការិនី​ដែល​មាន​សុខភាព​ល្អ ក៏​ត្រូវ​ខាង​រោងចក្រ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ទាំងអស់​តែ​ម្ដង​។

លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បាន​បន្ត​ថា ករណី​ខាងលើ​នេះ​គឺ​ដោយសារ​តែ​ពួក​គាត់​មានការ​ភិតភ័យ ទើប​ដួល​សន្លប់​ជា​បន្តបន្ទាប់​គ្នា នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ចំពោះ​កម្មការិនី​ដែល​បំរើ​ការងារ​ក្នុង​រោងចក្រ ដោយ​កន្លង​មក​ក៏​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ដូច្នេះ​ដែរ ។ ក្នុង​ពេល​ដែល​កំពុង​សម្រាក​ព្យាបាល ក៏​មាន​ក្រុម​គ្រូពេទ្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នោះ លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក៏​បាន​ចុះ​សួរសុខទុក្ខ​កម្មការិនី​ទាំងអស់​ដោយ​ផ្ទាល់​នៅ​តាម​កន្លែងសម្រាកព្យាបាល​ ហើយក​ម្មកា​នី​ទាំងអស់​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​ជា​ពន់ពេក​ដែល​បាន​ឆ្លៀតពេល​មក​សួរសុខទុក្ខ​ពួក​គាត់​។

តាម​ប្រភព​ពី​កម្មការិនី​ម្នាក់​បាន​បញ្ជាក់​ប្រាប់​ថា ដំបូង​ឡើយ​គាត់​ឃើញ​មិត្ត​របស់​គាត់​ម្នាក់​បាន​ដួល​សន្លប់ ពេល​នោះ​គាត់​មាន​អារម្មណ៍​នឹងនរ​ធម្មតា តែ​ក្រោយមក​ទៀត​មិត្តភក្តិ​របស់​គាត់​ពីរ​បី​នាក់​ទៀត​ក៏​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​​គាត់​​មានការ​ភិតភ័យ​ក៏​សន្លប់​តាម​តែ​ម្ដង រហូត​មក​ដល់​ពេល​នេះ​គាត់ ព្រមទាំង​មិត្តភក្តិ​ទាំងអស់​មាន​អាកា​រៈ​ធូរស្បើយ​ឡើង​វិញ​ហើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ