ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​រហាត់ទឹក​» ទាក់ទាញ​ភ្ញៀវ​ទេសចរ តែ​​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​គេ​ធ្វើ​ដំណើរ​ត្រឹមតែ​២​គីឡូម៉ែត្រ ចេញពី​ទីរួមខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាង​ជើង នឹង​ដល់​រមណីយដ្ឋាន​មួយ​កន្លែង ដែល​ម្ចាស់​បង្កើត​អស់​រយ​:​ពេល​ច្រើន​ឆ្នាំ​មក​ហើ យ ដោយ​ដាក់​ឈ្មោះ​ថា រមណីយដ្ឋាន…

ខេត្ត​ប៉ៃលិន ៖ បើ​គេ​ធ្វើ​ដំណើរ​ត្រឹមតែ​២​គីឡូម៉ែត្រ ចេញពី​ទីរួមខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាង​ជើង នឹង​ដល់​រមណីយដ្ឋាន​មួយ​កន្លែង ដែល​ម្ចាស់​បង្កើត​អស់​រយ​:​ពេល​ច្រើន​ឆ្នាំ​មក​ហើ យ ដោយ​ដាក់​ឈ្មោះ​ថា រមណីយដ្ឋាន «​រហាត់ទឹក​» ព្រោះ​គេ​បង្កើត​រហាត់​ឱ្យ​វិល​ជាប់​ជា​និច្ច ពេល​ទឹក​ហូរ​ខ្លាំង ដើម្បី​ទាញ​ឌី​ណា​ម៉ូ បង្កើត​ទៅ​ជា​ភ្លើង​វា​រី​អគ្គិសនី សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ។

រមណីយដ្ឋាន​នេះ ត្រូវ​បាន​គេ​បង្កើត​កន្លែង​លេង​កំសាន្ត​ជា​ច្រើន ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​ទៅ​លេង​កំសាន្ត​នា​រដូវ​បុណ្យ​ទាន និង​ថ្ងៃ​ឈប់​សម្រាក ដែល​ទីតាំង​នេះ ស្ថិត​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ពេជ្រ លី​ដា អាយុ​៣៧​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា រមណីយដ្ឋាន​ខាងលើ បាន​បង្កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មានការ​អភិវឌ្ឍ​ជា​បណ្តើរ​ៗ មាន​រហាត់ទឹក​នៅ​ក្នុង​អូរ បង្កើត​ឱ្យ​មាន​ទា​ទឹក ទូក​អុំ​លេង អាង​ហែល​ទឹក និង​សួន​កំសាន្ត ហើយ​ក្នុង​រមណីយ​ដ្ឋាន​នេះ ដែល​មាន​ផ្ទៃដី​ជិត​២​ហិ​កតា ចំណែកឯ​ការ​ចូល​ទៅ​ទស្សនា​ក្នុង​រមណីយដ្ឋាន​នេះ គឺ​មិន​គិតថ្លៃ​សំបុត្រ​នោះ​ទេ ដោយ​គ្រាន់តែ​ចត​ម៉ូតូ និង​រថយន្ត​មាន​របៀបរៀបរយ​ប៉ុណ្ណោះ ។

គាត់​បញ្ជាក់​ទៀត​ថា នៅ​រដូវប្រាំង​ឆ្នាំ​២០២០​នេះ មានការ​ខ្វះខាត​ទឹក​អស់​រយ​:​ពេល​២​ទៅ​៣​ខែ​មក​ហើយ ដោយសារ​រាំងភ្លៀង​រយ​:​ពេល​យូរ​ពេក បណ្តាល​ឱ្យ​ទឹកអូរ​រីង​ខះ​អស់ ជា​ហេតុ​ធ្វើ​ឱ្យ​អាង​ហែល​ទឹក​លេង ក៏​អត់​មានទឹក​សម្រាប់​ឱ្យ​ភ្ញៀវ​ហែល​លេង​នោះ​ដែរ ។ ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កំសាន្ត​នៅ​ក្នុង​រមណីយដ្ឋាន​ខាងលើ គឺ​ធ្វើ​ដំណើរ​មក​ពី​ក្នុង​ទីរួមខេត្ត តាម​បណ្តា​ខេត្ត​នានា​ជា​ច្រើន ដូច​ជា បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប ពោធិ៍សាត់ និង​រហូត​ដល់​រាជធានី​ភ្នំពេញ ។

គាត់​បន្ត​ទៀត​ថា ចំពោះ​ផ្ទះ​ជួល និង​ផ្ទះសំណាក់ នៅ​ក្នុង​រមណីយដ្ឋាន​ខាងលើ​នេះ គឺ​មាន​តម្លៃ​សមរម្យ មិន​ថ្លៃ​លើស​ពី​កន្លែង​ផ្សេង​ៗ​នៅ​ក្នុង​ក្រុងប៉ៃលិន​ឡើយ ។ ដូច្នេះ​បើសិនជា​ភ្ញៀវ​ទេសចរ​ចង់​ចូល​មក​លេង អាច​ជួល​ស្នាក់​នៅ​ក្នុង​រមណីយដ្ឋាន​ខាងលើ ដោយ​មិន​ចាំបាច់​ទៅ​ជួល​កន្លែង​ស្នាក់​នៅ​ឆ្ងាយ​ពី​កន្លែង​លេង​នោះ​ឡើយ ។

ហើយ​នៅ​ក្នុង​រមណីយដ្ឋាន​នេះ មាន​សុវត្ថិ​ភាពល្អ មិន​ធ្លាប់​បាត់បង់ ម៉ូតូ ឬ​រថយន្ត​របស់​ភ្ញៀវ​នោះ​ឡើយ ដោយ​មានការ​យាមកាម​យ៉ាង​ល្អ​ពី​សន្តិសុខ ។ អ្វី​ដែល​ប្លែក​នោះ នៅ​ក្នុង​រមណីយដ្ឋាន​ខាងលើ​នេះ មាន​ដាំ​ដើមឈើ​អម​សងខាង​ផ្លូវ និង​ដើមឈើ​ធំ​ៗ​នៅ​ក្បែរ​មាត់​អូរ ជា​កន្លែង​ស្នាក់​នៅ​របស់​សត្វ​បក្សី និង​សត្វ​រៃ យំ​រំពង​ទ្រហឹង​ពេញទី​ធ្លី បង្កើត ទៅ​ជា​ដូ​តន្ត្រី​ស្តាប់​កំសាន្ត​យ៉ាង​ពីរោះ​ផង​ដែរ ៕ (​កែស​ម្រួ​ស​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ