ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រប​ពេល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​កំពុង​បន្ត​ធ្លាក់​ចុះ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប ត្រូវ​ត្រៀមខ្លួន​បម្រើសេវា​កម្ម​មគ្គុទ្ទេសក៍​ជូន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​វិញ​ម្ដង បើ​ទោះបីជា​ការ​បម្រើសេវា​ជូន​ភ្ញៀវ​អន្តរជាតិ​រាង​ស្បើយ​បន្តិច​ក៏​ដោយ​នោះ​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​សៀមរាប​បាន​បង្ហាញ​ការ​ពេញចិត្ត និង​ត្រៀម​បម្រើសេវា​ជូន​ភ្ញៀវ​ក្នុងស្រុក​រួច​ជា​ស្រេច…

ខេត្តសៀមរាប ៖ តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប ត្រូវ​ត្រៀមខ្លួន​បម្រើសេវា​កម្ម​មគ្គុទ្ទេសក៍​ជូន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​វិញ​ម្ដង បើ​ទោះបីជា​ការ​បម្រើសេវា​ជូន​ភ្ញៀវ​អន្តរជាតិ​រាង​ស្បើយ​បន្តិច​ក៏​ដោយ​នោះ​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​សៀមរាប​បាន​បង្ហាញ​ការ​ពេញចិត្ត និង​ត្រៀម​បម្រើសេវា​ជូន​ភ្ញៀវ​ក្នុងស្រុក​រួច​ជា​ស្រេច ។

ការ​សាទរ​ចំពោះ​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ជួប​ជាមួយ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដែល​បាន​ដឹកនាំ​ក្រុមការងារ​ពិសេស​មួយ​ក្រុម​របស់​ក្រសួងទេសចរណ៍​ឧទ្ទេសនាម​ផ្សព្វផ្សាយ​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល និង​របស់​ក្រសួងទេសចរណ៍ ជុំវិញ​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ​ក្នុង​ដំណាក់កាល​កើត​មាន​វិបត្តិ​ជំងឺ Covid-19 ជូន​ដល់​បុគ្គលិក និយោជិត ប្រតិបត្តិ​ករ​ទេសចរណ៍ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប នា​ល្ងាច​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២០​។

កាលពី​ពេល​ថ្មី​ៗ​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏​បាន​លើក​ឡើង​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ជា​ច្រើន​លើក​ច្រើន​សារ​ជុំវិញ​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ Covid-19 នេះ​ក្នុង​នោះ​សម្ដេច​តេ​ជោ​ក៏​បាន​មាន​ប្រសាសន៍​ឱ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ត្រៀមខ្លួន​បម្រើសេវា​កម្ម​មគ្គុទ្ទេសក៍​ជូន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​លេង​ខេត្តសៀមរាប​វិញ​ម្ដង ស្រប​ពេល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​កំពុង​បន្ត​ធ្លាក់​ចុះ ។

នា​ឱកាស​នោះ​លោក​បាន​លើក​ឡើង​ថា ដោយសារ​តែ​វិបត្តិ​ជំងឺ Covid-19 បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម និង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​មាន​ប្រភព​ពី​កត្តា​ខាងក្រៅ​បាន​បណ្ដាល​ឱ្យ​កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​មិន​បាន​ដូច​ការ​ព្យាករណ៍ ជាក់ស្ដែង​នៅ​ឆ្នាំ​២០២០​នេះ តាម​ការ​ព្យាករណ៍​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​មានការ​ធ្លាក់​ចុះ​ប្រមាណ​១​លាន​នាក់ ខណៈ​ប្រទេស​ថៃ​បាន​ព្យាករណ៍​ដែរ​ថា ប្រទេស​គេ​នឹង​ជួប​បញ្ហា​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦​លាន​នាក់ ។

បើ​តាម​ការ​អះអាង​របស់​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ទោះបីជា​កម្ពុជា​ជួប​វិបត្តិ​ទាំងនេះ​ក៏​ដោយ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៥ ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា​នឹង​មានការ​កើនឡើង​ប្រមាណ​២៥% មក​វិញ នេះ​បើ​តាម​ការ​ព្យាករណ៍ ។ លោក​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​កាលដែល​ពិភពលោក​ជួប​វិបត្តិ​ជំងឺ SARS នៅ​ចុងឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៣ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហក ប៉ុន្តែ​នៅ​ខណៈនោះ​ក្រសួងទេសចរណ៍​បាន​ជំរុញ​ឱ្យ​មាន​ចលនា​ទេសចរ​ក្នុងស្រុក ដើម្បី​ជួយ​ទប់ទល់​ការ​ចំណាយ​របស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា ។

ជាក់ស្ដែង​ដោយ​អនុវត្ត​តាម​វិធានការ​នេះ​ហើយ​កម្ពុជា​បាន​ទទួល​នូវ​កំណើន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ដល់​ទៅ​៩% ហើយ​បញ្ហា​នានា​ត្រូវ​បាន​ដោះស្រាយ​គួរ​ជាទី​គាប់ប្រសើរ ។ ជា​អកុសល​នៅ​ចុងឆ្នាំ​២០១៩ រហូត​ដល់​ដើមឆ្នាំ​២០២០​នេះ​ពិភពលោក​បាន​ជួប​ប្រទះ​វិបត្តិ​ជំងឺ Covid-19 ថ្មី​នេះ​ទៀត​ដែល​បណ្ដាល​ឱ្យ​វិស័យ​ទេសចរណ៍​លើ​ពិភពលោក​ជួប​បញ្ហា​ឱនភាព ក្នុង​នោះ​កម្ពុជា​ក៏​គេច​មិន​ផុត​ពី​បញ្ហា​នេះ​ដែរ ដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​វិធានការ​ជំរុញ​ឱ្យ​មាន​ចលនា​ទេសចរ​ក្នុងស្រុក​ឱ្យ​កាន់តែ​ខ្លាំងក្លា ។

ជាមួយនឹង​ការ​រំពឹង​ទុក​ថា ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នឹង​មានការ​កើនឡើង​ដែរ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោ​ង ខុន បាន​អំពាវនាវ​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​ក្នុង​ប្រទេស ពិសេស​នៅ​ខេត្តសៀមរាប​ត្រូវ​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​ក្នុងស្រុក​ឱ្យ​បាន​ត្រឹមត្រូវ និង​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​បកស្រាយ​ពន្យល់​ប្រាប់​ពួក​គាត់​នូវ​អ្វី​ដែល​មាននៅ​តាម​គោលដៅ​ទេសចរណ៍​នីមួយ​ៗ ខណៈ​ពួក​គាត់​ក៏​ចង់​ដឹង​ពី​ព័ត៌មាន ឬ​អាថ៌​កំបាំង​ផ្សេង​ទៀត​ដែល​បង្កប់​លើ​ជញ្ជាំង​ប្រាសាទ ប្រាង្គ​ប្រាសាទ តំបន់​បេតិកភណ្ឌ​វប្បធម៌ អច្ឆរិយ​ភាព​របស់​ស្នាដៃ​ដូនតា​ខ្មែរ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ