ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សណ្ឋាគារ​និង​ផ្ទះសំណាក់​នៅ​តែ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ​ទោះ​រដ្ឋ​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​មួយ​រយៈ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ដោយសារ​វិស័យ​ទេសចរណ៍​កម្ពុជា​រង​ផល​ប៉ះពាល់​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ Covid-19 នោះ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​លើកលែង​នូវ​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​របស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប សម្រាប់​រយៈពេល​បួន​ខែ​ដោយ​រដ្ឋ​នឹង​ទទួល​បន្ទុក​ពន្ធ​ជំនួស​នោះ តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​ម្ចាស់​អាជីវកម្ម​ខាងលើ​នៅ​តែ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ​-​អាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាន​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម…

ខេត្តសៀមរាប​៖ ដោយសារ​វិស័យ​ទេសចរណ៍​កម្ពុជា​រង​ផល​ប៉ះពាល់​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ Covid-19 នោះ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​លើកលែង​នូវ​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​របស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប សម្រាប់​រយៈពេល​បួន​ខែ​ដោយ​រដ្ឋ​នឹង​ទទួល​បន្ទុក​ពន្ធ​ជំនួស​នោះ តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​ម្ចាស់​អាជីវកម្ម​ខាងលើ​នៅ​តែ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ​-​អាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាន​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ជា​រៀង​រាល់​ខែ​ក្នុង​រយៈពេល​លើកលែង​ពន្ធ​ចាប់ពី​ខែកុម្ភៈ ដល់​ខែឧសភា ឆ្នាំ​២០២០ ។

លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​និយាយ​កាលពី​ថ្ងៃ​ទី ០២ ខែ​មិ​នា នៅ​ក្រុង​សៀមរាប​ក្នុង​ឱកាស​បើក​ដំណើរការ​អង្គ​សិក្ខាសាលា​ស្តី​ពី«​វិធានការ​សម្រួល​ផ្នែក​ពន្ធដារ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ លើ​វិស័យ​សណ្ឋាគារ​-​ផ្ទះ​សំណា​ក់ និង​វិស័យ​អចលនទ្រព្យ​» ព្រមទាំង​ផ្សព្វផ្សាយ​អំពី​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ ការ​ប្រកាស​ពន្ធ​អាជីវកម្ម​តាម​អន​ឡាញ និង​វិធាន​វិក្កយបត្រ​ទម្រង់​ថ្មី របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​» ការ​បំពេញ​កាតព្វកិច្ច​របស់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ លើ​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ គឺជា​វិធានការ​ប្រមូល​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ជា​សេនា​ធិ ការ​ជំនាញ​របស់​រដ្ឋ ក្នុង​ការ​លើក​បង្ហាញ​ឲ្យ​ដឹង​ថា តើ​រដ្ឋ​ត្រូវ​បាន​ចំណាយ​ថវិកា​ក្នុង​ទំហំ​ប៉ុនណា លើ​ការ​លើកលែង​ពន្ធ​រយៈ ពេល​៤​ខែ​នេះ​។

លោក​បាន​បន្ត​ថា «​ការ​លើកលែង​ពន្ធ​នេះ ជា​គោលបំណង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​បន្ត​និរន្តរភាព​របស់​ខ្លួន និង​ជា​ឱកាស​នៃ​ការ​ដាក់​ចេញ​តម្លៃ​សេវាកម្ម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ​។ អគ្គនាយកដ្ឋាន​ពន្ធដារ​ពុំ​មានការ​ធ្វើ​សវន​កម្ម​ពេញលេញ​នោះ​ទេ សម្រាប់​កាលបរិច្ឆេទ​ឆ្នាំ​២០២០​នេះ ហើយ ជាមួយនឹង​ការ​មិន​ធ្វើ​សវន​កម្មនេះ សូម​ឲ្យ​វិស័យ​ឯកជន​ដែល​ជា​អ្នក​ជាប់ពន្ធ​ប្រើប្រាស់​កាត​ព្វ​ដាក់​លិខិត​ប្រកាស​ពន្ធ ក្នុង​ភាព​ស្មោះត្រង់​ជាមួយ​គ្នា រួមចំណែក​ទាំងអស់​គ្នា​ដើម្បី​កំណើន​សេដ្ឋកិច្ចជាតិ​» ។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងផង​ដែរ​ថា «​ការ​មិន​យកពន្ធ​នេះ គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ស្ថានភាព​ជម្ងឺឆ្លង Covid-19 ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ យ៉ាងណា​ក៏​ដោយ បើ​ទោះជា​មានការ​លើកលែង​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​ម្ចាស់​ស​ណ្ខា​គារ និង​ផ្ទះសំណាក់ ចាំបាច់​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដាក់​លិខិត​ប្រកាស​ពន្ធ ដូចដែល​ធ្លាប់​បាន​អនុវត្ត​កន្លង​មក​» ។

​លោក​បាន​បន្ត​ថា​វីរុស COVID-19 មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពិភពលោក​រង​ផល​ប៉ះពាល់​សឹង​គ្រប់​វិស័យ​នោះ​ទេ ក្នុង​នោះ​ប្រទេស​កម្ពុជា​យើង​ក៏​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ផង​ដែរ ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍​តែ​ម្តង បើ​ទោះបីជា​កម្ពុជា​មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​ក្តី ក៏​គ្រប់​ស្ថាប័ន​និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​វិធានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ករណី​នេះ​ដែរ ។ ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ COVID-19 នេះ​ធ្វើ​ឲ្យវិស័យ​ទេសចរណ៍​និង​វិស័យ​អចល​ទ្រព្យ​របស់​កម្ពុជា ក៏​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ជា​ច្រើន ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​គួរ​ឲ្យ​កត់សំគាល់ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក ទៀ សីហា បាន​សំណូមពរ​ដល់​ម្ចាស់​សណ្ឋាគារ និង ផ្ទះសំណាក់​ទាំងអស់​ចូលរួម​ចំណែក​ក្នុង​ការ​ទាក់ ទាញ​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្តសៀមរាប ដោយ​រក្សា​ឲ្យ​បាន​នូវ «​គុណភាព​នៃ​សេវាកម្ម និង​តម្លៃ​ជូន​ភ្ញៀវ​ទេសចរ ដែល​អញ្ជើញ​មក​ស្នាក់​នៅ និង​មក​លំហែ​កម្សាន្ត​» ជា​ពិសេស​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង អ្នក​ពាក់ព័ន្ធ នឹង​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ឆ្នាំ​២០២០ ដើម្បី​អបអរសាទរ ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ ដែល​នឹង​ឈាន​មក​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ផង​ដែរ ។

​ចំណែក​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ក្រៅពី​វិធាន​ការណ៍​លើកលែង​នូវ​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​របស់​សណ្ឋាគារ និង​ផ្ទះសំណាក់​រយៈពេល ៤ ខែ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​សំខាន់​ៗ​ផ្សេង​ៗ​ទៀត ដូច​ជា​៖ ១- បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ​រួម​គ្នា​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង (​បាងកក​-​សៀមរាប និង ហូ​ជី​មិ​ញ​-​សៀមរាប​) ពិសេស​តាម​រយៈ​រថយន្តក្រុង ឬ​រថយន្ត​ផ្ទាល់ខ្លួន ដោយ​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​បញ្ហា​ប្រឈម​នានា ដែល​កើត​មាន​ឡើង​នៅ​កន្លែង​ទទួល​សេវាកម្ម​ឆ្លងកាត់​ព្រំដែន និង​បញ្ហា​ពាក់ព័ន្ធ​ដទៃ​ទៀត​។ ២- រក្សា​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ឲ្យ​នៅ​ដដែល ប៉ុន្តែ​បន្ថែមចំនួន​ថ្ងៃ​សម្រាប់​ប្រភេទ​សំបុត្រ​នីមួយ​ៗ សំបុត្រ​សម្រាប់ ១​ថ្ងៃ អាច​ចូល​មើល​បាន ២​ថ្ងៃ សំបុត្រ​សម្រាប់ ៣​ថ្ងៃ អាច​ចូល​មើល​បាន ៥​ថ្ងៃ និង​សំបុត្រ​សម្រាប់ ៧​ថ្ងៃ អាច​ចូល​មើល​បាន ១០​ថ្ងៃ ដើម្បី​ទាក់ទាញ​ទេសចរ​ឲ្យ​ស្នាក់​នៅ​បន្ថែម​នៅ​កម្ពុជា​។

៣ – ក្រសួងទេសចរណ៍​នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ដល់​កម្មករ​-​និយោជិត ដែល​បាត់បង់​ការងារ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ (​បុគ្គលិក​បម្រើ​ការ​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ និង​ភ្នាក់ងារទេសចរណ៍​) តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាននូវ​វគ្គ​បណ្តុះបណ្តាល​នៃ​មុខ​វិជ្ជា​ចំណេះដឹង​ថ្មី (Re-skilling) ឬ​ការ​បង្កើន​ចំណេះដឹង​បន្ថែម (Upskilling) និង​ការ​ផ្តល់​នូវ​ប្រាក់ខែ​សមរម្យ​។​ចំណុច​នេះ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត អោយ មគ្គុទេសក៍ ទេសចរណ៍ យើង​ចូលរួម ឧទ្ទ​សនាម​ដល់​ក្រុម​ភ្ញៀវ​ទេសចរ ក្នុងស្រុក អោយ​បាន​ល្អ ដែល​ការងារ​នេះ​ម​គ្គុ​ទេស​ក៏ ទេសចរ​យើង នឹង​ទទួល​បាន​កម្រៃ​សមរម្យ​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ