បើ​ចង់​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល កុំ​ភ្លេច​គន្លឹះ​​ងាយ​ៗ​ទាំងនេះ


ជំងឺ​ស​សៃ​ឈាម​បេះដូង​កើន​ឡើងជា​លំដាប់​មក​ទល់​សព្វ​ថ្ងៃនេះ ហើយ​កត្តា​ហានិភ័យ​ចម្បង​មួយ​នៃ​ជំងឺ​នេះ​បណ្ដាល​មក​ពី​ការ​កើនឡើង​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ក្នុង​ឈាម​។​ប៉ុន្តែ​កុំ​បារម្ភ​! ក៏​ព្រោះ​អ្នក​អាច​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ដោយ​គ្រាន់តែ​ផ្លាស់​ប្ដូរ​ទម្លាប់​មួយ​ចំនួន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ជួយ​ទប់ស្កាត់​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ៖

១. ឈប់​ជក់បារី ៖ វា​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ឡើយ​ដែល​ការ​ជក់បារី គឺ​អាក្រក់​ចំពោះ​សុខភាព​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ការ​ជក់បារី​ក៏​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ឬ​ប្រូតេអ៊ីន HDL ហើយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ខ្ពស់​ដែល​នឹង​បង្ក​អោយ​មាន​គ្រោះថ្នាក់​ចំពោះ​ស​សៃ​ឈាម? ជា​លទ្ធផល​បញ្ហា​នៃ​ការ​ធ្លាក់​ចុះ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង​គួរ​ឱ្យ​ព្រួយបារម្ភ​។

២. រក្សា​របប​អាហារ​សុខភាព​ល្អ ៖ ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន​ពេក ក៏​បង្ក​បញ្ហា​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​គួរ​អោយ​កត់សម្គាល់​ផង​ដែរ​។ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់ ចូរ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ឆ្អែត ដោយ​ជំនួស​មក​វិញ​នូវ​បន្ថែ​ផ្លែ​ឈើ​ស្រស់ ត្រី​សម្បូរ​ខ្លាញ់ ព្រមទាំង​ធញ្ញជាតិ​គ្រាប់​ពេញ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​ជាតិ​ស​សៃ​ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​។

៣. គ្រប់គ្រង​ទម្ងន់​ត្រឹមត្រូវ ៖ ការ​ធាត់​លើស​ទម្ងន់ គឺជា​កត្តា​ចម្បង​បំផុត​មួយទៀត​នៃ​ការ​កើន​ឡើង​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ នោះ​ក៏​ព្រោះតែ​ការ​លើស​ទម្ងន់​បង្កើន​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​និង​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ឬ​ប្រូតេអ៊ីន HDL​។

៤. គ្រប់គ្រង​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស ៖ ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​គ្រប់ពេល​សឹងតែ​រាល់ថ្ងៃ​អាច​នឹង​បង្ក​បញ្ហា​សុខភាព​ជា​ច្រើន​។ នោះ​ក៏​ព្រោះតែ​ស្ត្រេ​សកាត់​បន្ថយ​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​គួរ​ឱ្យ​ព្រួយបារម្ភ ហើយ​អ្នក​នឹង​ងាយ​ប្រឈម​មុខជា​មួយ​ជំងឺ ឬ​បញ្ហា​សុខភាព​ផ្សេង​ៗ រួម​ទាំង​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​របស់​អ្នក​។

៥. ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ ៖ អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​កង្វះ​សកម្មភាព​រាង​កាយ​អាច​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​គួរ​ឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ណាមួយ​ដែល​បង្ក​ឡើង​ដោយសារ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់ ចូរ​ព្យាយាម​ធ្វើ​សកម្មភាព​រាង​កាយ ឬ​ហាត់ប្រាណ​អោយ​បាន​ទៀងទាត់​។

៦. ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ៖ ចូរ​បញ្ឈប់ ឬ​កម្រិត​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ប្រសិនបើ​អ្នក​ចង់​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ​លើស​ពី ១ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នារី ឬ ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល​ដែល​វា​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ​គួរ​អោយ​ព្រួយបារម្ភ រួម​ទាំង​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ