ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ខែ​កម្ពុជា​នាំ​ចេញ​អង្ករ​កើនឡើង​២២%​ ខណៈ​ទីផ្សារ​មហាមិត្ត​ចិន​ស្រូប​​បាន​ច្រើន​ជាង​ទីផ្សារ​អឺរ៉ុប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២០​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ហាក់​មាន​សញ្ញា​វិជ្ជមាន បើ​ទោះបីជា​បណ្តា​ប្រទេស​ជា​ច្រើន​កំពុង​តែ​រង​គ្រោះ​ដោយសារ​តែ​បញ្ហា​នៃ​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 ។ ជាក់ស្តែង​បើ​យោង​តាម​របាយការណ៍​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​បង្ហាញ​ថា​២​ខែ​ដើមឆ្នាំ​នេះ ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​មាន​កំណើន​ជាង​២២​ភាគរយ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២០​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ហាក់​មាន​សញ្ញា​វិជ្ជមាន បើ​ទោះបីជា​បណ្តា​ប្រទេស​ជា​ច្រើន​កំពុង​តែ​រង​គ្រោះ​ដោយសារ​តែ​បញ្ហា​នៃ​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 ។

ជាក់ស្តែង​បើ​យោង​តាម​របាយការណ៍​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​បង្ហាញ​ថា​២​ខែ​ដើមឆ្នាំ​នេះ ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​មាន​កំណើន​ជាង​២២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ក្នុង​ខែកុម្ភៈ ការ​នាំ​ចេញ​បាន​កើនឡើង​៣​ម៉ឺន​៥​ពាន់​តោន ធៀប​នឹង​ខែមករា ឆ្នាំ​២០២០​នេះ ក្នុង​នោះ​ទីផ្សារ​មហាមិត្ត​ដែកថែប​ចិន​មាន​ចំនួន​ច្រើន​ជាងគេ ។

​តាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ពីរ​ខែ​ឆ្នាំ ២០២០​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ចំនួន​១៣៦.៤៩៩​តោន កើនឡើង​ជាង​២២​ភាគរយ ធៀប​នឹង​២​ខែ​កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ។ ​ក្នុង​រយៈពេល ២​ខែ​ដើមឆ្នាំ​នេះ​គឺ ប្រទេស​ចិន​បាន​ស្រូប​យក​ចំណែក​ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ច្រើន​ជាងគេ​បង្អស់ គឺ​សរុប​ប្រមាណ ៣៧​ភាគរយ សហគមន៍​អឺរ៉ុប​រួម​ទាំង​អង់គ្លេស ៣០​ភាគរយ ប្រទេស​នៅ​ក្នុង​បណ្តា​សហគមន៍​អាស៊ាន ១៨​ភាគរយ និង​បណ្តា​គោលដៅ​ផ្សេង​មាន​ជាង​១៤​ភាគរយ ។

​បើ​យើង​ក្រឡេក​ទៅ​មើល​កំនើន​ក្នុង​ខែកុម្ភៈ ក្នុង​ឆ្នាំ ២០២០ និង​ឆ្នាំ ២០១៩ ឃើញ​ថា​កំនើន​ទៅ​អ៊ឺ​រ៉ុ​ប កើន ១២៦ ភាគរយ កើន​ពី ១​ម៉ឺន​៨០ តោន ទៅ ២២.៧៥៣​តោន ។ ទីផ្សារ​ប្រទេស​ចិន កើន ៣៣​ភាគរយ ពី ពោល​គឺ​កើន​ពី ២៧.១៨៦​តោន​ទៅ ៣៦.០៨៥​តោន​តោន ទីផ្សារ​ក្នុង​ប្រទេស​អាស៊ាន ១១៩​ភាគរយ កើន​ពី ៨.៨២៥​តោន​ទៅ ១៩.៣៤៧​តោន និង​ទីផ្សារ​ផ្សេង​កើន ពី​៦.៧៧០​តោន ទៅ​៧.៨៦៤ តោន ។ ជា​រួម​សំរាប់​ខែកុម្ភៈ​២០២០ កើន ៦៣​ភាគរយ ធៀប​ទៅ​ខែកុម្ភៈ​ឆ្នាំ ២០១៩ ។

តាម​សេចក្តី​ប្រកាស​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់​ថា មា​នក​ក្តា​ជា​ច្រើន​ដែល​ជំរុញ​អោយ​មានការ​បញ្ជា​ទិញ​កើនឡើង​ដែល​ក្នុង​នោះ​រួម​មាន ៖ ទី​១ – ទីផ្សារ​សហគមន៍​អឺរ៉ុប អា​ត្រា​ពន្ធ​នាំ​ចូល​បាន​ធ្លាក់​ចុះ​ពី ១៧៥ អឺ​រ៉ូ​មក​នៅ ១៥០ អឺ​រ៉ូ ។ ទី​២ – កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​បាន​កំពុង​កើនឡើង ក្រោយ​កិច្ច​ផ្សព្វផ្សាយ និង​យុទ្ធនាការ​នានា លើ​ការ​ប្រឹងប្រែង​របស់​កសិករ​កម្ពុជា លើ​ការ​ផលិត​ស្រូវ​សរីរាង្គ ការ​ផលិត​ស្រូវ​ដែល​មាន​និរន្តរភាព ការ​ផលិត​ស្រូវ​ដែល​គោរព តាម​គោលការណ៍​សមធម៌​ពាណិជ្ជកម្ម ជាដើម ។ កត្តា​ទី​៣- ដោយ​សំដៅលើ​ទីផ្សារ​ប្រទេស​ចិន ដោយសារ​តែ​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​បង្ហាញ​ពី​ចំណងមិត្តភាព និង​ធ្វើ​អោយ​ចិន​បាន​ងាក​មក​ទិញ​អង្ករ​កម្ពុជា​កាន់តែ​ច្រើន​ផង​ដែរ ។ ក្នុង​នោះ​ដែរ រដ្ឋាភិបាល​ចិន ក៏​បាន​ជួយ​ផ្សព្វផ្សាយ​ពី​អង្ករ​កម្ពុជា ទៅ​កាន់​ប្រជាជន​ចិន អោយ​សាកល្បង​រស់ជាតិ​អង្ករ​កម្ពុជា ហើយ​ក៏​ទទួល​បានការ​គាំទ្រ​និង​ទទួលស្គាល់​រស់ជាតិ​អង្ករ​កម្ពុជា ធ្វើ​អោយ​ពាណិជ្ជករ​ចិន​បន្ត​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ។

លោក យ៉​ន សុវណ្ណ អគ្គនាយក​ក្រុមហ៊ុន​បាយ័ន​សៀ​រៀល និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អង្ករ​កម្ពុជា​មានគុណ​ភាព​ទើប​មានការ​ទទួលស្គាល់​ពី​ទីផ្សារ​អន្តរជាតិ ហើយ ទីផ្សារ​កម្ពុជា​ក៏​កាន់តែ​រីក​ធំ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ផង​ដែរ តែ​អ្វី​ដែល​សំខាន់​នោះ កសិករ​គួរតែ​ដាំ​ស្រូវ​ប្រភេទ​ណា​ដែល​មាន​ទីផ្សារ​សម្រាប់​នាំ​ចេញ ទៅ​កាន់​អន្តរជាតិ ជា​ជាង​ធ្វើ​ស្រូវ​ដែល​មិន​មាន​ទីផ្សារ ឬ​ប្រភេទ​ស្រូវ​ដែល​មាន​តម្រូវការ​តែ​ក្នុងស្រុក តែ​មិនសូវ​មាន​តម្លៃ​ខ្ពស់ ។ ​លោក​បាន​បន្ត​ថា « ចិន​កំពុង​ចាប់អារម្មណ៍​អង្ករ​សែន​ក្រអូប ដែល​ដាំ​ដុះ​នៅ​កម្ពុជា ហើយ​មាន​តែ​ខេត្ត​ប៉ុន្មាន​ប៉ុណ្ណោះ​នៅ​កម្ពុជា ដែល​អាច​ដាំ​ស្រូវ​ប្រភេទ​នេះ​បាន ។ ចំណែក​ស្រូវ​ផ្សេង​ទៀត​ក៏​មាន​តម្រូវការ​ខ្ពស់​ពី​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ដូច្នេះ​ហើយ​កសិករ ត្រូវ​ស្វែង​យល់​ពី​បញ្ហា​នេះ និង​មិន​គួរ​ស្រែ​កថា​ស្រូវ​ធ្លាក់​ថ្លៃ គឺ​ធ្លាក់​តែ​ប្រភេទ​ស្រូវ​ដែល​មាន​គ្មាន​ទីផ្សារ​នៅ​លើ​ឆាក​អន្តរជាតិ ប៉ុណ្ណោះ » ។

បើ​យោង​ទៅ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​វិញ បាន​បង្ហាញ​ផង​ដែរ​ថា ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​នេះ ការ​នាំ​ចេញ​កសិផល​សរុប​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ចំនួន ជាង​១,៧​លាន​តោន ក្នុង​នោះ​កសិផល​សំខាន់​ៗ រួម​មាន​អង្ករ , ស្រូវ ដំឡូង​មី គ្រាប់ស្វាយចន្ទី ពោត សណ្ដែក ចេក ផ្លែស្វាយ ម្រេច និង​បន្លែស្រស់​ជាដើម ។

​គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន​នេះ វិនិយោគិន​ចិន បាន​ដាក់​ទុន​បន្ថែម លើ​ឡ​ស​ម្ងួ​ត​និង​ឃ្លាំង​ស្តុក​ស្រូវ របស់​កសិករ​កម្ពុជា ដែល​អាច​អោយ​កម្ពុជា​មាន​ឃ្លាំង និង​ឡ​ស​ម្ងួ​ត​កាន់តែ​ច្រើន និង​មាន​សមត្ថភាព ក្នុង​ការ​ស្តុក​ស្រូវ​និង​កិន​លក់​ទៅ​កាន់​ទីផ្សារ​បរទេស ។ ធ្វើ​ដូចនេះ វា​នឹង​អាច​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​របស់​កសិករ ហើយ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ក៏​អាច​ធានា​បាន​នូវ​ស្រូវ​ស្តុក​ទុក​កិន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ក្រៅ នៅ​ពេល​មាន​តម្រូវការ​ពី​ទីផ្សារ​ទាំងនោះ​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ