ខេត្តរតនគិរី ៖ អាជីវកម្មបូមខ្សាច់ខុសច្បាប់របស់ជនជាតិវៀតណាមមួយកន្លែងត្រូវបានកម្លាំងមន្ទីររ៉ែនិងថាមពលខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំចុះបង្ក្រាបនិងបានរឹបអូសយកសម្ភារ:គ្រឿចក្រមួយចំនួនយកមករក្សាទុក។
ការចុះបង្ក្រាបអាជីវកម្មបូមខ្សាច់ខាងលើនេះ កម្លាំងសហការបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចទន្លេស្រែពក ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំបានឱ្យដឹងថាពេលកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបអាជីវកម្មបូមខ្សាច់ខុសច្បាប់ខាងលើនេះ ត្រូវបានម្ចាស់ដឹងខ្លួនមុនហើយនាំគ្នារត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកតែវត្ថុតាងមួយចំនួនតែប៉ុណ្ណោះ។
លោកបានបន្តថា អាជីវកម្មបូមខ្សាច់ខាងលើនោះផុតកុងត្រាធ្វើអាជីកម្មហើយ នៅតែបន្តសកម្មភាពទៀត ទើបកម្លាំងសហការចុះមកបង្ក្រាបតែម្តង រីឯសម្ភារៈដែលសមត្ថកិច្ចបានធ្វើការរឹបអូសនោះរួមមាន អេស្កាវាទ័រមួយគ្រឿង, ម៉ាស៊ីនបូមខ្សាច់ធុន២៨សេសចំនួន៣ គ្រឿង រួមទាំងទុយោជ័រមួយចំនួនធំទៀតផងដែរ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការចុះបង្ក្រាបក៏បានរឹបអូសយកវត្ថុតាងទាំងនោះយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ