ខេត្តបាត់ដំបង ៖ ក្រោយពីបានទទួលការបណ្តុះបណ្តាលផ្នែកទ្រឹស្តីរយៈពេល២ថ្ងៃរួចមក នៅថ្ងៃទី០៤ និងទី០៥ ខែមីនា ឆ្នាំ២០២០នេះ បាននាំមន្ត្រីប៉ូលិសចរាចរណ៍ក្នុងខេត្តបាត់ដំបងចំនួន៣៩នាក់មកពីគ្រប់ស្រុក ដើម្បីចុះអនុវត្តន៍ផ្ទាល់ផ្នែកវិធីជួយសង្គ្រោះជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទាន់ពេលវេលា និងបានប្រគល់ទុកឧបករណ៍មួយចំនួនឲ្យប្រើប្រាស់ជាបន្តទៀតផងដែរ ។
លោកផាន់ សុជាតិ ទីប្រឹក្សាជំនាញសង្គ្រោះវេជ្ជសាស្ត្ររបស់អង្គការខេមសេហ្វបានបញ្ជាក់តាមទូរស័ព្ទថា តាមរយៈអង្គការខេមសេហ្វ (Cam safe) បានសហការជាមួយអង្គការក្តីស្រឡាញ់ តាមរយៈសកម្មភាព (Love in Action) បានទំនាក់ទំនងគ្រូជនជាតិអាមេរិកាំង គឺលោកត្រាវីល ស្កែនលី ជំនាញផ្នែកប៉ូលិសចរាចរណ៍ និងលោកត្រេវើ ស្កែនលី ជំនាញផ្នែកមន្ទីរពេទ្យ និងវិធីជួយសង្គ្រោះមនុស្សជួបគ្រោះថ្នាក់ឲ្យបានទាន់ពេលវេលាចៀសវាងការគ្រោះថ្នាក់នោះអាចបណ្តាលឲ្យបាត់បង់ជីវិត ។
លោកផាន់ សុជាតិ បានបន្ថែមថា លោកគ្រូជំនាញជនជាតិអាមេរិក២នាក់នេះ ធ្លាប់ចូលមកប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ហើយជាច្រើនលើកមកហើយក្នុងគោលបំណងមនុស្សធម៌ ដែលពីដំបូងផ្នែកគ្រូពេទ្យបានចុះជួយផ្នែកសុខមាលភាពដល់កងទ័ពនៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ ជាច្រើនលើកមកហើយ ដោយបាននាំទាំងគ្រឿងបរិក្ខា សម្ភារៈពេទ្យមកជួយផ្តល់បន្ថែមទៀតតាមរយៈនៃការអនុញ្ញាត្តពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។
ហើយដោយឃើញសកម្មភាពផ្នែកគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ទើបមានការណែនាំលោកគ្រូជំនាញប៉ូលិសជនជាតិអាមេរិកាំងមកចូលរួមបន្ថែម ក្នុងនាមមនុស្សធម៌ដែលបានជួយបណ្តុះបណ្តាលចំនួន១៣លើកមកហើយនៅកម្ពុជា ដោយគ្រប់លើកតែងតែពាំនាំគ្រឿងឧបករណ៍មកជួយផ្តល់សម្រាប់ជួយសង្គ្រោះបន្ថែមទៀត ក្នុងកិច្ចជួយកាត់បន្ថយការលំបាក និងផ្តល់ចំណេះដឹងបន្ថែមក្នុងការជួយសង្គ្រោះមនុស្សឲ្យបានទាន់ពេលវេលា ។
ចំពោះគ្រឿងឧបករណ៍ដែលត្រូវប្រើប្រាស់ក្នុងការជួយសង្គ្រោះនេះ គឺជាប្រដាប់ប្រដាសម្រាប់កាត់ដែកឡានដែលករណីណាមានមនុស្សកៀបជាប់ក្នុងឡានឲ្យបានលឿនក្នុងពេលសង្គ្រោះមនុស្សគ្រោះថ្នាក់ ដែលបានផ្សែផ្សំសុំប្រមូលពីតាមមន្ទីរពេទ្យ និងកន្លែងមួយចំនួននៅអាមេរិកដើម្បីរៀបចំដាក់កុងតឺន័របញ្ជូនយកមកប្រើប្រាស់ជាផលប្រយោជន៍តាមតម្រូវការនៅកម្ពុជាក្នុងការជួយសង្គ្រោះមនុស្ស ។
លោក ត្រាវីល ស្កែនលី បានប្រាប់ពីគំរោងបន្តទៀតថា ក្នុងសប្តាហ៍នេះ លោកត្រូវជួយបណ្តុះបណ្តាលដល់មន្ត្រីចរាចរណ៍នៅខេត្តបាត់ដំបង ហើយនៅថ្ងៃសុក្រស្អែកនេះ ក្រុមរបស់លោកដោយមានការសម្របសម្រួលពីអង្គការពាក់ព័ន្ធនៅកម្ពុជា ត្រូវបានចេញទៅខេត្តសៀមរាបជាបន្តទៀត ដើម្បីជួបពិភាក្សាស្តីអំពីជួយសង្គ្រោះដល់មនុស្សរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅទីនោះបន្ថែមទៀត ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ