ប្រជាជន​កម្ពុជា​ត្រូវ​យល់​ដឹង​អំពី​វិធី​កុំអោយ​ឆ្លង​មេរោគ​កូ​វី​ដ​១៩


វា​ជា​រឿង​ដ៏​ល្អ​មួយ​ដែល​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ​នៅឡើយ​ទេ ។ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​យើង​ត្រូវ​ព្រងើយកន្តើយ​នឹង​មេរោគ​នេះ​ឡើយ ។

តាម​ទ្រឹស្តី​វេជ្ជសាស្ត្រ ការ​ចាត់វិធានការ​បង្ការ​បាន​មុន​វា​ជា​រឿង​ដ៏​ល្អ​មួយ ដើម្បី​ទប់ទល់​នឹង​ជំងឺ​គ្រប់​ប្រភេទ ហើយ​វា​រឹង​តែ​សំខាន់​ទៀត​នៅ​ពេល​នេះ ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩ ។

ខណៈ​ដែល​យើង​ត្រូវ​តែ​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​ចៀសវាង​ការ​ភ័យ​ខ្លាច​ដែល​មិន​សម​ហេតុផល​នោះ​វា​ចាំបាច់​ណាស់​ដែល​មនុស្ស​គ្រប់​គ្នា​មានចំណេះ​ដឹង​គ្រប់គ្រាន់ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ខ្លួន​អាច​ចៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ ។

ប្រជាជន​កម្ពុជា​អាច​បង្កើន​ចំណេះដឹង​ទាក់ទង​នឹង​មេរោគ​កូ​វី​ដ​១៩​នេះ តាម​រយៈ​ការ​តាមដាន​អោយ​ជាប់លាប់​បំផុត​រាល់​ការ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​មេរោគ​នេះ ពិសេស​វិធានការ​បង្ការ​ដែល​ត្រូវ​ប្រកាន់​យក ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ចៀស​ផុត​ពី​មេរោគ​នេះ ។

ក្រសួងសុខាភិបាល​ត្រូវ​ពង្រីក​ការ​ផ្សព្វផ្សាយ​អំពី​រោគ​សញ្ញា​អំពី​វិធី​ចម្លង​វិធី​ការពារ និង របៀប​ស្វែងរក​ជំនួយ អោយ​មានការ​ទូលំទូលាយ​បំផុត ទៅ​ដល់​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស ។ ការ​ផ្សព្វផ្សាយ​នេះ​អាច​នឹង​ជួយ​អោយ​ប្រជាជន​មានចំណេះ ដឹង​គ្រប់គ្រាន់​ដើម្បី​ដឹង​ពី​វិធី​បង្ការ​ការ​ឆ្លង​មេរោគ ការ​ចៀសវាង​ការ​ចម្លង​មេរោគ និង​ការ​ដឹង​រោគ​សញ្ញា​នៃ​ជំងឺ​ដើម្បី​ឆាប់​រាយការណ៍ និង វិធី​លើកកម្ពស់​សុខភាព​ផ្ទាល់ខ្លួន​ដើម្បី​មាន​ភាពរឹងមាំ​ទល់​នឹង​ជំងឺ​នានា ។ សារសំខាន់​ដូច​គ្នា​នេះ ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងសុខាភិបាល​ក៏​ជួយ​ទប់ស្កាត់​ផង​ដែរ ការ​ភ័យ​ជ្រួលច្របល់​ដែល​អាច​ជះ​ឥ​ទ្ឋិ​ពល​ដោយសារ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តា​ញាស​ង្គ​ម ។

អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​នៅឡើយ​ដើម្បី​អោយ​យល់​កាន់តែ​ច្បាស់​អំពី​វិធី​ដែល​មេរោគ​នេះ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។ ការ​ចម្លង​មេរោគ​អាច​កើត​មានបាន នៅ​ពេល​មនុស្ស​នៅ​ជិត​គ្នា​ពេក ជាមួយនឹង​មនុស្ស​ដែល​មាន​មេរោគ ឬ​ក៏​នៅ​ពេល​ដែល​អ្នកមាន​មេរោគ​ក្អក​ឬ​កណ្តាស​បញ្ចេញ មេរោគ នេះ​ដែល​អាច​ធ្វើ​អោយ​វា​ខ្ទាត​ចូល​ដល់​ផ្លូវដង្ហើម​របស់​មនុស្ស​ដែល​នៅ​ក្បែរ​នោះ​។

ដូច្នេះ ជាបឋម​ប្រជាជន​កម្ពុជា​ត្រូវ​យល់​ដឹង​ថា មេរោគ​នេះ​អាច​ចម្លង​តាម​រយៈ​ការ​ក្អក ការ​កណ្តាស ការ​ចាប់ដៃ ការ​អោប​ថើប​ជាមួយ និង​ការ​នៅ​ជិត​អ្នក​ដែល​មាន​មេរោគ​។ យោង​តាម​មជ្ឈមណ្ឌល គ្រប់គ្រង​ជំងឺ​អា​មេ​រិ​ក​នោះ មេរោគ​នេះ​ក៏​អាច​ចម្លង​មក​មនុស្ស​ផង​ដែរ​តាម​រយះ​ការ​ប៉ះ​ឬ​កាន់ កន្លែង​ណាមួយ​ដែល​មាន​មេរោគ​ស្ថិត​នៅ​។

ចំណែកឯ​វិធានការ​ដែល​ប្រជាជន​កម្ពុជា​អាច​ប្រកាន់​យក​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​នេះនោះ​អាច​រួម​មានការ​ចៀសវាង​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ដែល​មានការ​រាលដាល​មេរោគ​និង​ការ​អនុវត្ត​អនាម័យ​អោយ​បាន​ល្អ ។ ដូច្នេះ​វិធី​ការពារ​ខ្លួន​អ្នក និង​អ្នក​ដទៃ អាច​មាន​ដូច​ខាងក្រោម​នេះ​។

  • លាងដៃ​របស់​អ្នក ៖ ចូរ​លាង​សម្អាត​ដៃ​របស់​អ្នក​ជាមួយ​សាប៊ូ និង​ទឹក​ហូរ​ស្អាត (​ទឹក​រ៉ូ​ប៊ី​ណេ​)​។ លាង​សម្អាត​ដៃ​រួម​ទាំង​ខ្នងដៃ ចន្លោះ​ម្រាមដៃ និង​នៅ​ក្រោម​ក្រចក​របស់​អ្នក ក្នុង​រយៈពេល​យ៉ាង​ហោច ណាស់ ២០ វិនាទី មុន​ពេល​លាង​ទឹក​ជម្រះ​។
  • គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ដោយ​ក្រដាស​ស្អាត មុន​ពេល​អ្នក​ក្អក ឬ​កណ្តាស់ បន្ទាប់​មក​បោះ វា​ចោល​ក្នុង​ធុងសំរាម ហើយ​លាងដៃ​របស់​អ្នក​។ ប្រសិនបើ​អ្នក​មិន​មាន​ក្រដាស​ជូត​មាត់​នៅ​ជិត​ខ្លួន ចូរ​ក្អក ឬ​កណ្តាស់​ក្នុង​កែងដៃ​របស់​អ្នកជា​ជាង​ក្នុង​ដៃ​របស់​អ្នក​។
  • ម៉ាស់ ឬ​របាំងមុខ​ផ្តល់​នូវ​ការ​ការពារ​មួយ​ចំនួន​។ ម៉ាស់​អាច​ផ្តល់​នូវ​ការ​ការពារ​ខ្លះ ខណៈ​ពេល​ដែល ពួក​វា​រារាំង​ដំណក់ទឹក​។ ទោះ​យ៉ាងណា​ក៏​ដោយ ពួក​វា​មិន​អាច​រារាំង​ភាគល្អិត​តូច​ៗ​ដែល​អាច​ឆ្លង កាត់ ម៉ាស់​នោះ​ទេ​។ ម៉ាស់​មិន​អាច​បិទ​ភ្នែក​អ្នក​ជិត​នោះ​ទេ ហើយ​ដែល​ថា​វីរុស​ខ្លះ​អាច​ចម្លង​ពី​មនុស្ស ម្នាក់​តាម​រយៈ​ភ្នែក​។
  • ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ ។ ចូរ​ទៅ​ជួប​គ្រូពេទ្យ នៅ​ពេល​ពេល​អ្នក​ក្តៅខ្លួន ក្អក និង​ពិបាក​ដកដង្ហើម ហើយ​ចូរ​ប្រាប់​ប្រវត្តិ​ធ្វើ​ដំណើរ​របស់​អ្នក​ទៅ​កាន់​គ្រូពេទ្យ​របស់​អ្នក​។
  • ប្រសិនបើ​អ្នក​ទើបតែ​វិល​ត្រឡប់​មក​ពី​តំបន់​ដែល​រង​មាន​ឆ្លង​វីរុស​នេះ ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​ចុង ក្រោយ​នេះ ចូរ​ស្នាក់​នៅ​ក្នុងផ្ទះ និង​ជៀសវាង​ការ​ទាក់ទង​ជាមួយ​មនុស្ស​ផ្សេង​ទៀត​ក្នុង​រយៈពេល ១៤ ថ្ងៃ​។ នេះ​គឺ​មាន​ន័យ​ថា មិន​ទៅ​ធ្វើការ មិន​ទៅ​សាលារៀន ឬ​កន្លែង​សាធារណៈ​។

នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​ម្នាក់​ៗ​មានការ​យល់​ដឹង​កាន់តែ​ខ្ពស់​អំពី​របៀប​ចម្លង​មេរោគ រោគ​សញ្ញា​ដែល បណ្តាល​មក​ពី​ជំងឺ​ដោយ​មេរោគ​កូ​វី​ដ​១៩ វិធី​បង្ការ​ការ​ចម្លង​មេរោគ និង ចំណេះដឹង​ផ្សេង​ៗ​ទៀត​ទាក់ ទង​នឹង​មេរោគ​នេះនោះ ពួក​គេ​នឹង​អាច​បង្ការ​ខ្លួន​ពី​ជំងឺ​នេះ​ហើយ​កាត់​បន្ថយ​ផល ប៉ះពាល់​នៃ​ជំងឺ​នេះ មក​លើ​សេ​ដ​ក្ឋ​កិច្ច​និង​សង្គម​កម្ពុជា​។

អ្វី​ដែល​ធ្វើ​អោយ​ពិភពលោក​ទាំងមូល​បារម្ភ​នោះ​គឺ​មេរោគ​នេះ​បាន​រាលដាល​ដល់​ជាង​៧០​ប្រទេស​ក្នុង​ពិភពលោក​ហើយ​មនុស្ស​ជាង​៩​ម៉ឺន​នាក់​បាន​ឆ្លង​មេរោគ​នេះ ហើយ​ជាង ៣០០០​នាក់​បាន​ស្លាប់​ដោយ សារ​មេរោគ​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ