ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ណែនាំ​ឲ្យ​រៀប​ចំការ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​បាន​ស្នើ និង​ណែនាំ​ដល់​បណ្តា​អង្គការ និង​ក្រុម​សិល្បៈ​នានា ឲ្យ​មានការ​រៀប​ចំការ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ ឲ្យ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​បាន​ស្នើ និង​ណែនាំ​ដល់​បណ្តា​អង្គការ និង​ក្រុម​សិល្បៈ​នានា ឲ្យ​មានការ​រៀប​ចំការ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ ឲ្យ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ដើម្បី​ចូលរួម​លើក​ស្ទួយ​តម្លៃ​សិល្បៈ និង​កិត្តិយស​របស់​ជាតិ​ទាំងមូល​។

សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​រូបភាព​នៃ​ជនជាតិ​សិង្ហ​បុរី​មួយ​រូប បាន​យក​របាំ​បុរាណ​ខ្មែរ​មួយ​ក្រុម​ទៅ​សម្តែង​នៅ​ទីតាំង​មួយ​ដែល​មិន​សមរម្យ ជា​ហេតុ​នាំ​ឲ្យ​មានការ​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រ​ជ​ពលរដ្ឋ​ខ្មែរ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​សាធារណៈ​កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ង​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សង្កេត​ឃើញ​នៅ​មាន​អង្គការ សមា​គម ក្រុម​សិល្បៈ ឬ​បុគ្គល​ខ្លះ​ៗ បាន​ប្រើប្រាស់​ទម្រង់​របាំ​ព្រះរាជ​ទ្រ​ព្រ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ ទោះ​ដោយ​ចេតនា​ក្តី អ​ចេតនា​ក្តី ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នូវ​ក្បួនខ្នាត ក្នុង​រូបភាព​មិន​សមរម្យ នៅ​តាម​ទីកន្លែង​មិន​សម​ស្រប ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាប់អោន ឬ​ជា​ការ​បន្ទាបបន្ថោក​ដល់​តម្លៃ​នៃ​សិល្បៈ ប៉ះពាល់​ដល់​កិត្តិយស​នៃ​អ្នករបាំ​ខ្មែរ ដែល​មាន​មនសិការ វិ​ជ្ជ​ជីវៈ​ច្បាស់លាស់ និង​ប៉ះពាល់​ដល់​កិត្តិ​ស័ព្ទ​នៃ​ប្រទេស​ជាតិ​ទាំងមូល​។

អាស្រ័យ​ហេតុនេះ ក្រសួង​សូម​ណែនាំ​ឲ្យ​បណ្តា​អង្គការ សមាគម ក្រុម​សិល្បករ​នានា ដែល​នឹង​រៀបចំ​យក​ទម្រង់ របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ ទៅ​សម្តែង​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្រៅប្រទេស សូម​សហការ​ជាមួយ​ក្រសួង​ឲ្យ​បាន​ជិត​ស្និត តាម​រយៈ​ការ​ផ្តល់​ជា​របាយការណ៍​សង្ខេប​ស្តី​ពី​ទស្សនទាន គោលបំណង ទីកន្លែង ឬ​បរិស្ថាន ដែល​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ត្រូវ​សម្តែង ដើម្បី​ជៀសវាង​នូវ​រូបភាព​មិន​សមរម្យ​ប៉ះពាល់​ដល់​តម្លៃ​សិល្បៈ និង​កិត្តិ​យស​របស់​ជាតិ​។

ជាមួយ​គ្នា​នេះ​ដែរ ចំពោះ​ការ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​នានា​ក្នុង​ប្រទេស​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្បួនខ្នាត អ្នករបាំ និង​ទីតាំង​ឲ្យ​បាន​សមរម្យ និង​តម្លៃ​មរតក​មនុស្សជាតិ និង​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ​ផង​ដែរ​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សង្ឃឹមថា បណ្តា​អង្គការ សមាគម និង​ក្រុម​អ្នកសិល្បៈ​នានា​នឹង​សហការ​យ៉ាង​ជិត​ស្និត​ក្នុង​ស្មារតី​រួម​គ្នា ថែរក្សា ការពារ​តម្លៃ​នៃ​សិល្បៈ​វប្បធម៌​ជាតិ​ឲ្យ​បាន​គង់វង្ស​ជា​អមតៈ​តរៀង​ទៅ​។ បើ​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យ​ដឹង​ថា របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ ត្រូវ​បាន​ចុះបញ្ជី​បេ​តិ​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ តាំងពី​ឆ្នាំ​២០០៣​រហូត​មក​។ ក្នុង​សម័យ​ចក្រភព​អង្គរ របាំ​នេះ​ជា​របាំ​សក្ការៈ​រាំ​ថ្វាយ​ទេវៈ បួងសួង​សុំ​សេចក្តីសុខ សិរី​សួស្តី​ថ្វាយ​ពរ​ជ័យ​ដល់​ជាតិ និង​ប្រជាជន​។

ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ រហូត​ដល់​បច្ចុប្បន្ន ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​មាន​មោទនភាព និង​រីករាយ​ដោយសារ​ការ​រស់​ឡើង​វិញ​នៃ​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ ដែល​ក្រសួង​ក៏​ដូច​ជា​បណ្តា​អង្គការ សមាគម ក្រុម​សិល្បៈ ធ្វើការ​បង្ហាត់បង្រៀន បណ្តុះបណ្តាល​យ៉ាង​ផុសផុល សំដៅ​រួមចំណែក​ថែរក្សា ការពារ និង​ផ្សព្វផ្សាយ ដើម្បី​លើកតម្កើង​អត្តសញ្ញាណ​វប្បធម៌​ជាតិ ហើយ​ដែល​ប្រការ​នេះ ក្រសួង​សូម​លើកទឹកចិត្ត ដើម្បី​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន​ថែម​ទៀត​។

គួរ​បញ្ជាក់​ថា របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខែ្ម​រ​មាន​ចំនួន​៨២​របាំ និង​របាំ​រឿង​មាន​ចំនួន​៣៥​​រឿង ហើយ​របាំ​ដែល​រស់​ឡើង​វិញ​មាន​ចំនួន​៥៤​របាំ និង​នៅ​បាត់បង់​ចំនួន​២៨​របាំ ខណៈ​ពេល​​របាំ​រឿង​ដែល​រស់​ឡើង​វិញ​មាន​ចំនួន​២១​រឿង និង​នៅ​បាត់បង់​ចំនួន​១៤ រឿង ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ