ខេត្តកំពង់ឆ្នាំង ៖ «វិថីស្អាត ម្ហូបអាហារស្អាត និងទីក្រុង រមណីយដ្ឋានស្អាត គឺជាចំណង់ចំណូលចិត្តនៃភ្ញៀវទេសចរណ៍គ្រប់រូប ដែលយើងគឺជាម្ចាស់មូលដ្ឋានទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់» ។
លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍បែបនេះនៅក្នុងពិធីសំអាតទីក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ដោយមានមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋជាច្រើនរូបទៀតចូលរួម។
លោកអភិបាលរងខេត្តបានបន្តថា តាមគោលការណ៍របស់ខេត្តកន្លងមកបានណែនាំអោយប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និងហាងលក់ដូរ ឬតាមវត្តអារាម និងតាមមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវមានធុងសំរាម៣ប្រភេទ គឺពណ៌ខ្មៅ ពណ៌លឿង និងពណ៌ខៀវ ដើម្បីដាក់សំរាមតាមប្រភេទផ្សេងៗគ្នា សម្រាប់ទុកអោយក្រុមហ៊ុនអនាម័យប្រមូលដឹកយកទៅចោល ។បើយើងធ្វើបានទាំងអស់គ្នាបែបនេះគឺ ទីក្រុងយើងពិតជាស្អាត មានបរិដ្ឋានល្អ ភ្ញៀវទេសចរណ៍និងចូលចិត្តមកលេងកំសាន្ត ហើយប្រជាពល រដ្ឋយើង និងបានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ បន្ថែមទៀត។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអោយអោយដឹងថា បញ្ហាសំរាមកន្លងមកពិតជានៅមានការលំបាកខ្លះៗ ដោយសារប្រជាពរដ្ឋយើងមិនទាន់យល់ដឹង និងមិនទាន់មានការភ្ញាក់រលឹក ដោយពួកគាត់បានបោះសំរាម និងស្បោងប្លាស្ទិកចោលពាសវាលពាលកាល តាមទីសាធារណៈ តាមទីប្រជុំជន និងតាមសួនច្បារជាដើម ពិសេសនៅតាមតំបន់ទេសចរណ៍នានាដែលមានមនុស្សច្រើន។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្តថា ដូច្នេះហើយខាងមន្ទីរទេសចរណ៍របស់លោក ក៏ដូចជាអាជ្ញាធរខេត្តកំពង់ឆ្នាំង សំណូមពរប្រជាពលរដ្ឋយើង ត្រូវតែចូលរួមសំអាតទីក្រុង រមណីយដ្ឋាន និងតំបន់ទេសចរណ៍ផ្សេងៗទាំងអស់គ្នា ដោយត្រូវចោលសំរាមក្នុងធុងឲ្យបានត្រឹមត្រូវ និងត្រូវណែនាំកូនក្មួយអោយចេះធ្វើអនាម័យតាមកន្លែងរស់នៅ កន្លែងលក់ដូរ ដោយត្រូវចូលរួមអនុវត្ត តាមអនុសាសន៍របស់សម្តេចតេជោ ដែលបានដាក់ចេញថា វិថីស្អាត ម្ហូបអាហារស្អាត ភ្ញៀវទេសចរណ៍ និងចូលចិត្ត មានសុខ ភាពល្អ ក្រុមគ្រួសារ ពិតជាមានសុភមង្គលរុងរឿង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ