ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Kingtel សាកល្បង​បណ្តាញ 5G SA ដំបូង​គេ​នៅ​កម្ពុជា !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ឃី​ង​ថេ​ល ខម​ម្ញូ​នី​ខេ​សិន លី​មី​ធី​ត (Kingtel Communications Limited) បាន​ធ្វើការ​សាកល្បង​បណ្តាញ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ឃី​ង​ថេ​ល ខម​ម្ញូ​នី​ខេ​សិន លី​មី​ធី​ត (Kingtel Communications Limited) បាន​ធ្វើការ​សាកល្បង​បណ្តាញ 5G SA នៅ​ឯ​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ខ្លួន ដែល​ស្ថិត​​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹម វុ​ត្ថា សមាជិក​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ជា​តំណាង​ឯកឧត្តម ម៉ូ​វ ចរិយា ប្រធាន​​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។

ឯកឧត្តម សន វី ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​ទូរគមនាគមន៍​កម្ពុជា លោកស្រី Jannifer Yang ប្រធាន​ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) លោក Shi Feng ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel), ដៃគូរ​អាជីវកម្ម​, ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ អ្នក​សារព័ត៌មាន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ក៏​បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​ផង​ដែរ ក្រោម​ប្រធានបទ «​នេះ​ជា​អនាគត​» ។

លោក Shi Feng ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) បាន​មាន​ប្រសាសន៍​ថា ការ​សាកល្បង​បណ្តាញ 5G SA នេះ គឺជា​កំណត់​ត្រា​ថ្មី​មួយទៀត បន្ទាប់​ពី​ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) បាន​ដាក់​ឱ្យ​ដំណើ​ការ​ប្រព័ន្ធ 4G LTE និង​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ខ្លួន​កាលពី​ឆ្នាំ ២០១៦ ។ សព្វថ្ងៃ​ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) កំពុង​តែ​បម្រើ​សេវាកម្ម​អ៊ី​ន​ធើ​រ​ណិ​ត 4G LTE និង​ខ្សែកាប​អុ​ប​ទិ​ក​ដល់​អ្នក​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន ក្រុម​គ្រួសារ និង​បណ្តា​សហគ្រាស ឬ​អាជីវកម្ម​នៅ​ទីក្រុង​ភ្នំពេញ សៀមរាប ព្រះ​សីហ​នុ បាត់ដំបង បា​វិត និង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Huawei ដើម្បី​អភិវឌ្ឍ និង​ដំឡើង​ស្ថានីយ​សេវា 5G នៅ​កម្ពុជា ។ ក្នុង​ឆ្នាំ​២០២០ ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) នឹង​ដំឡើង​ស្ថានីយ​សេវា 5G ប្រមាណ ៦៥០ កន្លែង ហើយ​ក្រុមហ៊ុន​នឹង​សាងសង់​ស្ថានីយ​សេវា 5G ចំនួន ១២០០ កន្លែង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២ ០២១ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ សៀមរាប ព្រះ​សីហ​នុ បាត់ដំបង កំពង់ចាម ក្រុង​បា​វិត ទីប្រជុំជន និង​តំបន់​ដែល​មាន​សក្តានុពល​ជា​ច្រើន​ទៀត​ពាសពេញ​ប្រទេស​កម្ពុជា ។ នៅ​ពេល​នោះ ស្ថានីយ​សេវា 4G LTE បច្ចុប្បន្ន​ទាំងអស់​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​តំបន់​ជនបទ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​មានការ​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណិ​ត​បន្ថែម​ទៀត​នៅ​តាម​ទី​តំបន់​ជនបទ​ទាំងនោះ ។

លោកស្រី Jennifer Yang ប្រធាន​ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ធ្វើតេស្ត​សាកល្បង​បណ្តាញ 5G SA ថា ក្រុមហ៊ុន​ឃី​ង​ថេ​ល (Kingtel) ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា ដែល​អាច​ផ្តល់​បច្ចេកវិទ្យា​ឈានមុខ​គេ​ជា​លើក​ដំបូង​សម្រាប់​សេវា​ជា​សំឡេង​តាម​ប្រព័ន្ធ 5G SA (VoNR – Voice over New Radio) ក្នុង​យុគ​សម័យ​ថ្មី​នៃ​បណ្តាញ 5G SA មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ ។

សេវា 5G របស់​ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) អាច​គ្រប់​ដណ្តប់​បាន​ខ្លាំង​ល្អ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រតិបត្តិ​ករ​ផ្សេង​ៗ​ទៀត ។ បណ្តាញ​សេវា 5G របស់ ឃី​ង​ថេ​ល (Kingtel) ចំនួន​តែ ១ សែ​ល (one cell) អាច​មាន​សេវា​គ្របដណ្ដប់​ក្នុង​អគារ​បាន​ទាំងមូល ខណៈ​ដែល​ក្រុមហ៊ុន​ផ្តល់​សេវា 5G ផ្សេង​ទៀត អាច​គ្របដណ្ដប់​បាន​តែ​ផ្នែក​ណាមួយ​នៃ​អគារ​ប៉ុណ្ណោះ ។ នៅ​ប្រទេស​កម្ពុជា មាន​តែ ឃី​ង​ថេ​ល (Kingtel) ប៉ុណ្ណោះ ដែល​អាច​ផ្តល់​ជូន​សេវា​ជា​លក្ខណៈ E2E 4K HD ដោយ​ផ្អែក​លើ​បណ្តាញ Kingtel 5G SA និង​ប្រព័ន្ធ​សេវា OTT ។

ឃី​ង​ថេ​ល (Kingtel) គ្រោង​នឹង​សាងសង់​ស្ថានីយ​សេវា 5G ចំនួន ៦៥០ កន្លែង ដើម្បី​ផ្តល់​សេវា​គ្របដណ្តប់​នៅ​ក្នុង​ទីក្រុង និង​ទីប្រជុំជន​នានា រួម​មាន​ទាំង​ផ្លូវជាតិ​សំខាន់​ៗ សម្រាប់​គម្រោង 5G ដំណាក់​ទី ១ នៅ​ឆមាស​ទី​២ នៃ​ឆ្នាំ​២០២០ ហើយ​មាន​បំណង​បើកដាក់​ឱ្យ​មានការ​ប្រើប្រាស់​បណ្តាញ 5G SA ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​ណិ​ត​ល្បឿន​លឿន 5G ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​នា​ពេល​អនាគត​ឆាប់​ៗ​នេះ ។

លោកស្រី​ប្រធាន​ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) មាន​ជំនឿ​ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ដោយ​មានការ​ណែនាំ​ជា​គោលការណ៍​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ការ​ដាក់​ឱ្យ​ប្រើប្រាស់​សេវាកម្ម 5G របស់ ឃី​ង​ថេ​ល (Kingtel) នឹង​ទទួល​បាន​ជោគជ័យ​ជាក់​ជា​មិន​ខាន ។

ឯកឧត្តម អ៊ឹម វុ​ត្ថា សមាជិក​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​លើក​ឡើង​ថា ក្រុមហ៊ុន ឃី​ង​ថេ​ល ខម​ម្ញូ​នី​ខេ​សិន លី​មី​ធី​ត (Kingtel Communications Limited) បាន​ចាប់ផ្តើម​ប្រតិ​បត្តិការ​សេវាកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ ជាមួយនឹង​ភាព​ខ្លាំង​នៃ​ប្រព័ន្ធ 4G LTE ហើយ​វា​មិនយឺត​ពេល​នោះ​ទេ ក្នុង​ការ​ចូល​ទៅ​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​កម្ពុជា​នេះ ។ ថ្ងៃនេះ​ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) គឺជា​ប្រតិបត្តិ​ករ​មួយ​ក្នុង​ចំណោម​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ផ្សេង​ៗ​ទៀត ដែល​បាន​បង្ហាញ​ការ​សាកល្បង​បណ្តាញ 5G នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប្រជាជន​កម្ពុជា​ស្ទើរតែ ១០០% បាន​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម​អ៊ី​ន​ធើ​រ​ណិ​ត​តាម​ទូរស័ព្ទ​ចល័ត ស្មើរ​នឹង​ចំនួន​អ្នក​ប្រើប្រាស់​ប្រមាណ​ជា ១៦ លាន​នាក់ ហើយ​ទិន្នន័យ​នេះ គឺ​ព័ត៌មាន​ល្អ​សម្រាប់​បណ្តា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងឡាយ ។

លោក​សង្ឃឹមថា ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​នឹង​មាន​ប្រព័ន្ធ 5G ពិតប្រាកដ ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ឆាប់​ៗ​នេះ ដើម្បី​ផ្តល់​សេវាកម្ម​អោយ​កាន់តែ​ប្រសើរ​ឡើង​ទៅ​ដល់​អ្នក​ប្រើប្រាស់​ទាំងឡាយ បន្ទាប់​ពី​ទទួល​បាន​នូវ​គោលនយោបាយ បទបញ្ជា និង​ការ​អនុ​ញ្ញាត​យ៉ាង​ច្បាស់លាស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។ សេវា​5G គឺជា​ការ​ឆ្លើយ​តប​ចំពោះ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៥ នៃ​រដ្ឋ​សភាជាតិ ។ ការ​ផ្តល់​ជូន​សេវាកម្ម​ទាំងឡាយ​តាម​រយៈ​ប្រព័ន្ធ 5G នឹង​ជួយ​ព​ន្លឿ​ន​ប្រទេស​កម្ពុជា ឱ្យ​ឈាន​ទៅ​ដល់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដើម្បី​ឆ្ពោះទៅ​រក​ឧស្សាហកម្ម ៤.០ ។

បច្ចុប្បន្ន​ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) កំពុង​ផ្តល់​ជូន​នូវ​បណ្តាញ​អ៊ី​ន​ធើ​រ​ណិ​ត 4G LTE និង​ខ្សែកាប​អុ​ប​ទិ​ក​ជាមួយនឹង​កញ្ចប់​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​សម្រាប់​បណ្តា​សហគ្រាស ឬ អាជីវ​កម្ម ក្រុម​គ្រួសារ និង​អតិថិជន​បុគ្គល ។ ក្រុមហ៊ុន ឃី​ង​ថេ​ល (Kingtel) កំពុង​នាំ​មក​នូវ​បច្ចេក​វិទ្យា 5G SA មក​កាន់​កម្ពុជា ស្រប​តាម​ការ​លើកទឹកចិត្ត​ពី​សំណាក​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ថា​វិស័យ​ឯកជន​ក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍ គួរតែ​នាំ​មក​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ប្រជាជន និង​សហគ្រាស​ដែល​មាន​បំណង​ចង់​មាន​ដំណោះស្រាយ​ល្អ​ប្រសើរ​សម្រាប់​ការ​រស់នៅ​ក្នុង​ឧស្សាហកម្ម​ឌី​ជី​ថ​ល ៤.០ ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ