ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ទេសចរណ៍​អាច​ប្រឈម​មុខការ​បិទទ្វា​ទាំងស្រុង​នា​ពេល​ខាង​មុខ​ខណៈ​សណ្ឋាគារ​មួយ​ចំនួន​បិទ​រួច​ទៅ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​ថា COVID-19 បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន​ហើយ​រីក​រាលដាល​និង​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​ពាន់​នាក់​នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ពីរ ឬ ៣ ខែ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដែល​មិន​មាន​ទុនបម្រុង​គ្រប់គ្រាន់​បាន​សម្រេច​បិទទ្វា​ឈប់​ធ្វើ​អាជីវកម្ម​ទាំង​នៅ​ក្នុង​តំបន់​និង​លើ​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​ថា COVID-19 បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន​ហើយ​រីក​រាលដាល​និង​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​ពាន់​នាក់​នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ពីរ ឬ ៣ ខែ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដែល​មិន​មាន​ទុនបម្រុង​គ្រប់គ្រាន់​បាន​សម្រេច​បិទទ្វា​ឈប់​ធ្វើ​អាជីវកម្ម​ទាំង​នៅ​ក្នុង​តំបន់​និង​លើ​ពិភពលោក ។ សម្រាប់​កម្ពុជា​ក៏​មិន​ខុស​គ្នា​ដែរ តួយ៉ាង​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​ខាង​សណ្ឋាគារ​ស្ថិត​នៅ​ខេត្តសៀមរាប​បាន​បិទទ្វា​ខ្លះទៅ​ហើយ ហើយ​គ្រា​បន្ទាប់​ទៅ​មុខ​នេះ​ទៀត​អាច​ដល់​ដំណាក់កាល​ក្រុមហ៊ុន​ទេសចរណ៍​ប្រឈម​មុខ​បិទទ្វា​ដូច​គ្នា​បើ​វីរុស​កូ​រ៉ូ​ណា​នៅ​កំរាម​កំហែង​។

លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៤ ខែមីនា​ម្សិលមិញ​ថា រហូត​មក​ដល់​ពេល​នេះ​សម្រាប់​ក្រុមហ៊ុន​ទេសចរណ៍​មិន​ទាន់​មានការ​ផ្អាក​អាជីវកម្ម​នោះ​ទេ គ្រាន់តែ​មានការ​កាត់​បន្ថយ​ចំនួន​បុគ្គលិកបម្រើ​ការ​៣០% ឬ​លើស​ពី​នេះ​ផ្នែក​ទៅ​តាម​សុខភាព​របស់​ក្រុមហ៊ុន​។​តែបើ​នៅ​តាម​សណ្ឋាគារ​វិញ​មានការ​ផ្អាក​អាជីវកម្ម​ប្រហែល​២០(​តូច​និង​ធំ​)​មា​នទី​តាំងនៅ​ខេត្តសៀមរាប​ដែល​បង្ក​ឡើង​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។

បើ​តាម​លោក​ជំទាវ ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​ទេសចរណ៍​អាច​ឈរជើង​បាន​ដូច​នៅ​ពេល​សព្វ​ថ្ងៃនេះ​មិនមែន​មាន​ន័យ​ថា​ការ​ធ្វើ​អាជីវកម្ម​របស់​ពួក​គេ​ទទួល​បាន​ប្រាក់​ចំណេញ​នោះ​ទេ តែ​គឺ​ដោយសារ​ក្រុមហ៊ុន​នៅ​ឈរជើង​បាន​ទាំងនោះ រំពឹង​ថា​អាច​នឹង​មាន​ចលនា​ទេសចរណ៍​ក្នុងស្រុក​ផុស​ឡើង​បន្ទាប់​ពី​មានការ​លើកទឹកចិត្ត និង​ម្យ៉ាងទៀត​គិត​ថា​ខ្លាច​ពិបាក​រក​ធនធានមនុស្ស​ត្រឡប់​មក​វិញ​នៅ​ពេល​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្រុមហ៊ុន​ទេ​ចរណ៍​ចង់​មិន​ចង់​អាច​នឹង​ត្រូវ​បិទទ្វា​អាជីវកម្ម ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​បន្ថែម​នៅ​ជំហាន​បន្ទាប់​ក៏​ដោយ​។

លោក​ជំទាវ ឆាយ ស៊ី​វលី​ន បាន​មាន​ប្រស​សន៍​ថា «​សម្រាប់​ក្រុម​ទេសចរណ៍​ដែល​បន្ត​ឈរជើង​បើកទ្វា​មិនមែន​មាន​ន័យ​ថា​នៅ​ចំណេញ​ទេ ។ ជួនកាល​ការ​បិទ​វា​មិន​ងាយស្រួល​សម្រាប់​ម្ចាស់​អាជីវកម្ម មិនមែន​នឹកឃើញ​ចង់​បិទ ញឺ​គាត់​បិទ​បាន​ភ្លាម​ទេ ។ តែ​អ្នកខ្លះ​គាត់​អាច​ទៅ​រួច​ដោយសារ​គាត់​មិនសូវ​ជា​ខ្វាយខ្វល់​ច្រើន​បើ​គាត់​ចង់​បិទ​គឺ​បិទ​បាន ។ តែ​សម្រាប់​ក្រុមហ៊ុន​ដែល​នៅ​ធ្វើ​ប្រតិបត្តិការ​នេះ​ដោយ​គាត់​រំពឹង​ថា​អាច​នឹង​ធ្វើ​ម៉េច​បាន​ចលនា​ទេសចរណ៍​ក្នុងស្រុក​ហើយ​គាត់​ពិបាក​និង​រក​ធនធានមនុស្ស​ត្រឡប់​មក​វិញ​តាម​រយៈ​មនោសញ្ចេតនា​រវាង​ម្ចាស់​អាជីវកម្ម​និង​បុគ្គលិក កម្មករ​»​។

លោក​ជំទាវ​បាន​សង្កត់ធ្ងន់​ថា «​យើង​ប្រឈម​មុខ​នឹង​ការ​បិទទ្វា​តែ​ម្តង​មិន​អាច​ទៅ​រួច​នោះ​ទេ បើ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​នៅ​តែ​អូស​បន្លាយ​វែង​ឆ្ងាយ​ទៅ​ទៀត ។ យើង​អត់​អាច​ឈរជើង​ទៀត​បាន​ទេ យើង​អត់​ទុន​ទុក​សម្រាប់​បង្វិល​នៅ​ក្នុង​អន្តរកាល​នេះ គឺ​យើង​ទប់​អត់​បាន​ទេ​។ យើង​ទប់ទល់​អាច​បាន​ត្រឹម​ដែល​រាជរដ្ឋាភិបាល​លើកលែង​ពន្ធ​៤​ខែ យើង​បាន​ត្រឹម​ប៉ុណ្ណឹង​ទេ តែបើ​វីរុស​កូ​រ៉ូ​ណា​បន្ត​រីក​រាលដាល ហើយ​គ្មាន​ភ្ញៀវ​មក​ចូល​ស្នាក់​នៅ​នោះ​នឹង​មានការ​បិទ​បន្តបន្ទាប់​ទៀត ហើយ​ក្រុមហ៊ុន​ទេសចរ​រណ៍​ក៏​ដូច​គ្នា ។ បើ​រាជរដ្ឋាភិបាល​មានការ​លើកទឹកចិត្ត​មិន​យកពន្ធ​នៅ​ជំហាន​បន្ទាប់​ក៏​នៅ​តែ​បិទ​ដែរ​។​ការ​លើកលែង​ពន្ធ​គ្រាន់តែ​ជួយ​បាន​មួយ​ចំណែក​ទេ តែ​នៅ​មួយ​ចំណែក​ធំ​ទៀត​គឺ​យើង​មិន​អាច​ទប់ទល់​រួច​បាន​ទេ​»​។

បើ​តាម​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​លើក​ឡើង​ថា «​បញ្ហា​វីរុស​កូ​រ៉ូ​ណា​ផ្ទុះ​ឡើង​ធ្វើ​ឱ្យ​ពួក​យើង​រង​ផល​ប៉ះពាល់​ខ្លាំង ធ្ងន់ធ្ងរ​មែនទែន តាំងពី​ណា​ពី​ណី​មក​យើង​មិន​ដែល​បាន​ទទួល​។​ទោះបី​ជំនាន់​ជំងឺសារ​កើតឡើង​ក៏​ដោយ​មនុស្ស​នៅ​ដើរ​កម្សាន្ត​ចេញ ចូល​ធ្វើ​ឱ្យ​អាជីវកម្ម​នូវ​តែ​អាច​ដំណើរការ​បាន​។​ប៉ុន្តែ​នៅ​ពេល​នេះ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង ហើយ​យើង​កំពុង​ព្រួយបារម្ភ​ថា​យើង​អាច​ឈរជើង​បាន​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត​នោះ​ទេ​» ។

ទន្ទឹម​នឹង​ប្រធាន​សមាគម​ទេសចរណ៍​ទ​កម្ពុជា​បង្ហាញ​ថា​នឹង​មាន​ក្រុមហ៊ុន​ទេសចរណ៍​អាច​និង​មានការ​បិទទ្វា​សម្រាប់​ធ្វើ​អាជីវកម្ម​នៅ​ពេល​ខាង​មុខ កម្ពុជា​ក៏​អាច​នឹង​បាត់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​២០២០​នេះ​ប្រហែល​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​និង​បាន​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយ​តប​បញ្ហា​វីរុស​កូ​រ៉ូ​ណា​នេះ​ផង​ដែរ​។

លោក​ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «​វឌ្ឍនៈភាព​និង​ទិស​ដៅ​ការងារ​បន្ត​របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃ​ទី​២​មីនា​ថា អំពី​វិធានការ​ចំពោះ​មុខ​ដែល​ជា​វិធានការ​អាទិភាព​ទាំង​៤​ដែល​ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​និង​អនុវត្ត​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​នឹង​ជំរុញ​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ពី​បញ្ហា​Covid 19 ៖ ទី​១)- ជំរុញ​សកម្មភាព​ស​ទេសចរណ៍​ផ្ទៃក្នុង នៅ​ពេល​មានការ​ថមថយ​នៃ​ស្ថានភាព​ទេសចរណ៍​អន្តរជាតិ​មក​ដល់​ដែល​យើង​បានដឹង​ហើយ​ថា​វា​ជា​បញ្ហា​សកល​។​នៅ​ពីរ​ខែ​ដើមឆ្នាំ​២០២០​នេះ​មានការ​ថមថយ​ក្នុង​រង្វង់​១៥%​នៃ​ទេសចរណ៍​អន្តរជាតិ​ធ្លាប់តែ​មាន​កំណើន​។​ទី​២)-​នៅ​តែ​ស្វាគមន៍​លំហូរ​ទេសចរណ៍​អន្តរជាតិ ដោយ​មានការ​រឹត​បណ្តឹង ឬ​បិទ​អ្វី​ទាំងអស់​គឺ​មាន​តែ​ការ​ជួយ​សម្រួល​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល​ដើម្បី​ទាក់ទាញ​ទេសចរណ៍​អន្តរជាតិ​ចូល​កម្ពុជា​។​ប៉ុន្តែ​ស្របគ្នា​នេះ​យើង​បាន​ដាក់​ចេញ​វិធានការ​បង្ការ ទប់ស្កាត់​និង​ដោះស្រាយ​។​

ទី​៣)- ធ្វើ​ឱ្យ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​គឺ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ឱកាស​ដែល​ភ្ញៀវ​មានការ​ថមថយ​ខ្លះ​គឺ​យើង​យក​ពេល​ក្នុង​ការ​រៀបចំផ្ទះ​សំបែង ផលិតផល ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​ស្អាត ដើម្បី​ត្រៀម​នៅ​ពេល​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​យើង​សង្ឃឹមថានឹង​មាន​ភ្ញៀវ​ទេសចរណ៍​មក​កាន់​កម្ពុជា​ច្រើន​និង ទី​៤)- បើសិន​យើង​ឃើញ​មានការ​ប៉ះពាល់ គឺ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ជួយ​សម្រួលការ​លំបាក​ពិសេស​ជួយ​ទៅ​ដល់​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ