ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​តំណាង​លោកស្រី​ឡោក ខេ​ង​ ចេញ​​​លិខិត​បំភ្លឺ​ករណី​ទិញ​លក់​-​ដី​ជាមួយ​លោក​ស ថា​វី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មេធាវី​តំណាង​លោកស្រី​ ឡោក ខេ​ង អ្នកតំណាង​រាស្ដ្រ​មណ្ឌល​ភ្នំពេញនៅ​ថ្ងៃ​ទី​៣ ​មីនា ឆ្នាំ​២០២០ ​បាន​ចេញ​លិខិត​បំភ្លឺ​មួយ ដោយ​បាន​ច្រានចោល​នូវ​ការ​ផ្ស​ព​ផ្សាយ​ព័ត៌មាន​មិន​ពិត…

រាជធានីភ្នំពេញ ៖ មេធាវី​តំណាង​លោកស្រី​ ឡោក ខេ​ង អ្នកតំណាង​រាស្ដ្រ​មណ្ឌល​ភ្នំពេញនៅ​ថ្ងៃ​ទី​៣ ​មីនា ឆ្នាំ​២០២០ ​បាន​ចេញ​លិខិត​បំភ្លឺ​មួយ ដោយ​បាន​ច្រានចោល​នូវ​ការ​ផ្ស​ព​ផ្សាយ​ព័ត៌មាន​មិន​ពិត មិន​គ្រប់​ជ្រុង​ជ្រោយបង្ក​ឲ្យ​មានការ​យល់​ច្រឡំ ពាក់ព័ន្ធ​នឹង​ជំ​លោះ​ដីធ្លី​មួយ​កន្លែងនៅ​​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ ។

បើ​យោង​តាម​លិខិត​បំភ្លឺ​របស់​លោក​មេធាវី​ ហ៊​ល ស៊ី​ណា បាន​ឲ្យ​ដឹង​ថា ដី​ទំហំ២២,៩០០​ម៉ែត្រការ៉េ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ គឺជា​ដី​ដែល​លោកស្រី​ឡោក ខេ​ង ​ទិញ​ពី​ឈ្មោះ​ស ថា​វី អតីត​អភិបាលខេត្ត​ឧត្តរមានជ័យ និង​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​​ការពារជាតិក្នុង​តម្លៃ​៦០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​ជា​តម្លៃ​លក់​សម​ស្រប​តាម​ទីផ្សារ​ជាក់​ស្តែង មិន​ដូច​ជា​ការ​ផ្សព្វផ្សាយ​ថា លោកស្រី​ទិញ​ដី​នេះ​ក្នុង​តម្លៃ​ត្រឹមតែ​១៥​ម៉ឺន​ដុល្លារ ​។

ដោយឡែក ​ចំពោះ​មូលប្បទានបត្រ​១៥​ម៉ឺន​ដុល្លាររបស់​ធនាគារ​កា​ណា​ឌី​យ៉ា នោះ​គឺជា​ទឹកប្រាក់​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ត្រូវ​ទូទាត់​ជូន​ម្ចាស់​ដើម ក្នុង​ចំណោម​ទឹកប្រាក់​សរុប តាម​ការ​ឯកភាព​ពី​លោក​ស ថា​វី (​អាច​មើល​ឯកសារ​ភ្ជាប់​ខាងក្រោម​)​។

ចំពោះ​ប្រតិបត្តិការ​ទិញ​លក់​វិញ ត្រូវ​បាន​បញ្ជាក់​ថា មានការ​ដឹង​ឮពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បានដឹង​ឮ ដោយ​មានការ​ចូលរួម​វាស់វែង កំណត់​ព្រំប្រទល់​ដី​ច្បាស់លាស់ បាន​បង់ពន្ធ​ប្រថាប់ត្រា និង​បាន​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ត្រឹមត្រូវ ឲ្យ​មក​ឈ្មោះ​យស ម៉ា​លី​ណា ត្រូវជា​បងថ្លៃ​របស់​កូនក្ដី​របស់​លោកស្រី​ឡោក ខេ​ង ដោយ​ជឿជាក់​តាម​ឯកសាររបស់​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​សាលា​ខណ្ឌ​ព្រែក​ព្នៅ​។

ចំពោះ​ការ​ចោទប្រកាន់​ថា បាន​ធ្វើ​របង​ស័ង្កសី​ព័ទ្ធ​ជុំវិញ​ដី​ដែល​កំពុង​មាន​វិវាទ​នេះ ត្រូវ​បាន​បកស្រាយ​ថា​គឺជា​ភាព​ចាំបាច់​ក្នុង​ការ​ការពារ និង​ថែរក្សា​ដី ក្រោយ​ពី​ការ​ធ្វើ​សកម្មភាព​របស់​ឈ្មោះ​ភឺន ផល្លា និង​បក្សពួក ហើយ​ការ​រៀបចំ​សាងសង់​របង​ស័ង្កសី​ព័ទ្ធ​ជុំវិញ​ដី គឺ​ធ្វើ​ឡើង​នៅ​មុន​ពេល មាន​កិច្ចប្រជុំ​នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ និង​មិន​មានការ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ឬ​គំហាត់​ពី​តុលាការ​ណាមួយ​ឡើយ​។

ដោយឡែក ​ពាក់​ព​ន័្ធនឹង​ការ​កាន់កាប់​ដី​វិញ មេធាវី​តំណាង​លោកស្រី​ ឡោក ខេ​ង ​បាន​ពន្យល់​ថា ក្នុង​កាលៈ​ទេសៈ​នៃ​ការ​ប្រទាញប្រទង់​គ្នាពី​ការ​ទាមទារ​សិទ្ធិជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី រវាង​ឈ្មោះ​ភឺន ផល្លា និង​ឈ្មោះ​
ស ថា​វី ជា​អ្នក​ត្រូវ​ទទួលខុសត្រូវ ក្នុង​ឋានៈ​ជា​អ្នកលក់​ដី ទើប​កូនក្ដី​របស់​លោក​នៅ​តែ​បន្ត​ការ​កាន់កាប់ និង​ថែរក្សា​ដី​ជា​ធម្មតាតាម​ការ​លក់​ទិញ​ ដែល​មានការ​ដឹង​ឮពី​សំណាក់​អាជ្ញាធរ​សាលា​ខណ្ឌ​ព្រែក​ព្នៅ ដោយ​រង់ចាំ​សេចក្ដីសម្រេច​អំពី​សិទ្ធិ កម្មសិទ្ធិ​នេះ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​តុលាការ​ចប់​ជា​ស្ថាពរ ស្រប​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩​ ។

ម្យ៉ាងវិញទៀត​ តាម​រយៈ​ការ​ទាមទារ​ខាងលើ​នេះ នៅ​មិន​ទាន់​មាន​សេចក្ដីសម្រេច​ណាមួយ​ពី​តុលាការ ដែល​បាន​សម្រេច​ប្រគល់​សិទ្ធិ កម្មសិទ្ធិ​ដី​នេះ ឲ្យ​ទៅ​ភាគី​ណា​ជា​អ្នក​ឈ្នះ​នៅឡើយ​ទេ ដោយ​ភាគី​វិវាទ​
នៅ​តែ​បន្ត​ប្រើប្រាស់​យន្តការ​ច្បាប់ សម្រាប់​ការ​ទាមទារ និង​ដោះស្រាយ​ពី​សិទ្ធិ កម្មសិទ្ធិ​នេះ​។

គួរ​បញ្ជាក់​ថា នៅ​រយៈពេល​ចុង​ក្រោយ​នេះ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​មិន​គ្រប់​ជ្រុងជ្រោយ បណ្ដាល​ឲ្យ​មានការ​ភ័ន្ដ​ច្រឡំ​មក​លើ លោកស្រី​ឡោក ខេ​ង អ្នកតំណាង​រាស្ដ្រ​មណ្ឌល​ភ្នំពេញ ពាក់ព័ន្ធ​នឹង​វិវាទ​ដី​ទំហំ​២២៩០០​ម៉ែត្រការ៉េ​នេះ ​។

ដី​នេះ​ បច្ចុប្បន្ន​កំពុង​តែ​មាន​វិវាទ​រវាង​ឈ្មោះ​ភឺន ផល្លា​ ជា​ឧត្តម​សេ​នីយ៍ទោ នៅ​មេបញ្ជាការ​រង​កងពលតូច​លេខ​៧០ និង​ឈ្មោះ​ស ថា​វី អតីត​អភិបាលខេត្ត​ឧត្តរមានជ័យ និង​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​ពារជាតិ ដោយ​ម្នាក់​ៗ​សុទ្ធតែ​អះអាង​ថា ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់ និង​កំពុង​តតាំង​បណ្តឹង​នៅ​តុលាការ​។

យ៉ាងណា​ក៏​ដោយ​ តាម​រយៈ​មេធាវី លោកស្រី​ ឡោក ខេ​ង និង​បច្ចុប្បន្ន​ជា​ម្ចាស់​ដី ដែល​ទិញ​ដី​ពី​ឈ្មោះ ស ថា​វី​ បាន​បញ្ជាក់​ថា ការ​ទិញ​-​លក់​ដី​មួយ​កន្លែង​នេះ​ ធ្វើ​ឡើង​ដោយ​ស្របច្បាប់ និង​មានការ​ដឹង​លឺ​ពី​អាជ្ញាធរ​ភូមិ​សង្កាត់​ និង​ខណ្ឌ​។ ចំពោះ​វិវាទ​ដែល​បាន​កើតឡើង គឺ​ទុក​ឲ្យ​ឈ្មោះ​ភឺន ផល្លា និង​ឈ្មោះ ​ស ថា​វី ដោះ​ស្រាយ​គ្នា ​នៅ​តុលាការ​តាម​ផ្លូវច្បាប់ ​៕

អត្ថបទសរសេរ ដោយ