ខេត្តបន្ទាយមានជ័យ ៖ សំណង់បំពានចំណីផ្លូវនៅក្រុងប៉ោយប៉ែតមួយកន្លែងត្រូវបានម្ចាស់សម្រេចចិត្តកាត់តម្រឹមវិញតាំងពីជាន់លើរហូតដល់ក្រោម ក្រោយពីក្រុមគណៈកម្មការអន្តរក្រសួងចុះធ្វើការហាមឃាត់នាពេលកន្លងមក។
សំណង់មួយកន្លែងខាងលើនេះស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានទំហំ១២ម៉ែត្រគុណនិង២០ម៉ែត្រ កំពស់៦ជាន់ ។ ឃើញជាក់ស្តែងសំណង់នេះសង់លយចូលដីចំណីផ្លូវខុសពីសំណង់ឬផ្ទះអ្នកស្រុកដែលនៅក្បែរៗនោះមិនដឹងថា កន្លងមកអាជ្ញាធរដឹង ឬមិនដឹង ឬក៏ម្ចាស់សំណង់សង់បំពានច្បាប់ដោយខ្លួនឯងនោះទេ។
ម្ចាស់សំណង់ខាងលើដែលកំពុងកាត់តម្រឹមនេះ ពេលកោះសន្តិភាពទូរស័ពចូលក៏ចុចផ្តាច់វិញដោយនិយាយថាកំពុងជាប់រវល់ ។
ទោះបីជាយ៉ាងណា ពេលនេះសំណង់ខាងលើ គេឃើញក្រុមកម្មករចាប់ផ្តើមរុះរើកាត់តម្រឹមចំណុចដែលលយលើដីចំណីផ្លូវចេញតាំងពីជាន់លើរហូតដល់ក្រោម ដោយអាជ្ញាធរសង្កាត់ប៉ោយប៉ែតប្រាប់ថា ម្ចាស់សំណង់បានស្នើសុំសម្រុះសម្រួលទៅថ្នាក់លើ(ជំនាញ)ធ្វើការកែលម្អរនិងកាត់តម្រឹមឲ្យត្រឹមត្រូវឡើងវិញ។
ពាក់ព័ន្ធសំណង់ដ៏ធំសង់រំលោភដីចំណីផ្លូវនេះ ពេលសាកសួរ លោកអ៊ុំ សុផៃ មេភូមិក្បាលស្ពាន២ ប្រាប់ថាលោកមិនបានដឹងពីការសាងសង់ទេ ព្រោះម្ចាស់សំណង់គេទាក់ទងទៅជំនាញខាងលើ ។
អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តទទួលផ្នែកសំណង់ម្នាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ក្រុមគណៈកម្មការអន្តរក្រសួងចុះពិនិត្យនាពេលកន្លងមករកឃើញសំណង់អត់ច្បាប់ជាង៥០០កន្លែងនៅក្រុងប៉ោយប៉ែត។
តាមមន្ត្រីដដែលបន្តថា សំណង់ដែលកំពុងកាត់តម្រឹមនៅភូមិក្បាលស្ពាន២ពេលនេះក៍ជាសំណង់អត់ច្បាប់ដូចគ្នា។
យោងផេកហ្វេសប៊ុករបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យដែលបានបង្ហោះថ្មីៗគឺបានជម្រាបដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតជ្រាបថាសំណង់ពណ៌ស្វាយដែលបានសង់ខុសគន្លាតនគរូបនីប្បញ្ញត្តិដោយសង់លយចូលចំណីផ្លូវ៤,៥ម៉ែត្រនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ម្ចាស់សំណង់បានស្ម័គ្រមកស្នើសុំរុះរើផ្នែកដែលលយចូលចំណីផ្លូវ៤,៥ម៉ែត្រ គុណ១២ម៉ែត្រ ដោយខ្លួនឯង។ មិនតែប៉ុណ្ណោះមន្ទីរបានសសើរម្ចាស់សំណង់ខាងលើថាជាគំរូល្អ ព្រោះចេះទទួលខុសត្រូវ។
គួរបញ្ជាក់ថា ដីចំណីផ្លូវមួយចំនួននៅតាមភូមិក្នុងក្រុងប៉ោតប៉ែតគេឃើញក្លាយជារបស់បុគ្គលនិងកន្លែងខ្លះក្លាយជាតៀមឬតូបលក់ដូរឬយកទៅធ្វើជាកន្លែងប្រកបអាជីវកម្មផ្សេងៗទៀតផង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ