ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​៥០០​នាក់​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​រ៉ូ​ដ​សូ របស់​ធនាគារ​អេ​ស៊ី​លី​ដា មុន​បោះផ្សាយ​លក់​មូល​ប​ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រ៉ូ​ដ​សូ ឬ​ហៅ​ថា​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត​របស់​ធនាគារ​អេ​ស៊ី​លី​ដា ទៅ​កាន់​ដៃគូ​វិនិយោគ មាន​អ្នក​ចាប់អារម្មណ៍​ច្រើន និង​បាន​ចូលរួម​លើស​ពី​អ្វី​ដែល​បាន​គ្រោងទុក គឺ​មាន​រហូត​ដល់​ជាង​៥០០​នាក់​ខណៈ​ធនាគារ​រំពឹង​ថា​មាន​ត្រឹមតែ​៣០០​នាក់​ប៉ុណ្ណោះ ។ ព្រឹត្តិការណ៍​រ៉ូ​ដ​សូ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រ៉ូ​ដ​សូ ឬ​ហៅ​ថា​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត​របស់​ធនាគារ​អេ​ស៊ី​លី​ដា ទៅ​កាន់​ដៃគូ​វិនិយោគ មាន​អ្នក​ចាប់អារម្មណ៍​ច្រើន និង​បាន​ចូលរួម​លើស​ពី​អ្វី​ដែល​បាន​គ្រោងទុក គឺ​មាន​រហូត​ដល់​ជាង​៥០០​នាក់​ខណៈ​ធនាគារ​រំពឹង​ថា​មាន​ត្រឹមតែ​៣០០​នាក់​ប៉ុណ្ណោះ ។ ព្រឹត្តិការណ៍​រ៉ូ​ដ​សូ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៣ មីនា ២០២០ នៅ​ការិយាល័យ​កណ្ដាល​ធនាគារ​អេ​ស៊ី​លី​ដា ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​ធនាគារជាតិ និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ផង​ដែរ ។

លោក​បណ្ឌិត អុិ​ន ចាន់​នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​មិន​នឹក​ស្មានថា កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត​របស់​ធនាគារ​អេ​ស៊ី​លី​ដា ដែល​ធ្វើ​លើក​ទី​១​នេះ មាន​អ្នក​ចាប់អារម្មណ៍ និង​ចូលរួម​ច្រើន​ដូច្នេះ​ទេ ។ ដំបូង​ឡើយ​ខាង​ធនាគារ​គិត​ថា​ប្រហែលជា​មាន​អ្នកចូលរួម​ប្រមាណ​ត្រឹម​៣០០​នាក់​ប៉ុណ្ណោះ តែ​នៅ​ពេល​ជិត​ដល់​ថ្ងៃ​រៀបចំ​កម្មវិធី មាន​អ្នក​ចុះ​ឈ្មោះ​មក​ចូលរួម​រហូត​ដល់​៥០០​នាក់ ឯណោះ ។

លោក​បន្ត​ថា ធនាគារ​អេ​ស៊ី​លី​ដា ធ្វើ​អ្វី​ទៅ​តាម​លំដាប់លំដោយ និង​មិន​បង្ខំ​ក្នុង​ការ​លក់​មូល​ប​ត្រ​ទៅ​អតិថិជន​ឆាប់​ៗ​នោះ​ទេ តែ​យើង​ចង់អោយ​សាធារណជន​ដែល​គ្រោង​ទិញ​មូល​ប​ត្រ​កម្ម​សិទ្ធិ​សាធារណៈ​របស់​ធនាគារ​អេ​ស៊ី​លី​ដា បាន​យល់​ច្បាស់ និង​មិន​អោយ​ចេះ​តែ​ទិញ​ដោយ​មិន​បាន​យល់​ពី​អ្វី​ទៅ​ជា​ការ​ទិញ​លក់​ភាគហ៊ុន​នោះ​ទេ ដូច្នេះ​ហើយ​ទើប​អេ​ស៊ី​លី​ដា បាន​បង្កើត​នូវ​សិក្ខា​សាលា​ផ្សព្វផ្សាយ​ជា​ច្រើន​លើក និង​បន្តបន្ទាប់​មក​ទៀត ក៏​ធ្វើ​កម្មវិធី​បន្តបន្ទាប់ ជាក់ស្ដែង​ដូច​ជា​កម្មវិធី​រ៉ូ​ដ​សូ ដែល​គ្រោង​ធ្វើ​ពីរ​លើក និង​កម្មវិធី​បុក​បៀ​ល​ឌី​ង ជា​ច្រើន​ថ្ងៃ​ផង​ដែរ ។

លោក​ថា អេ​ស៊ី​លី​ដា គឺ​មិន​ប្រ​ញ៉ាប់​ក្នុង​ការ​លក់​ទៅ​សាធារណជន​នោះ​ទេ គឺ​ធ្វើ​អ្វី​ទៅ​តាម​ផែនការ ព្រោះ​អេ​ស៊ី​លី​ដា​មាន​ហិរញ្ញវត្ថុ​រឹង​មាំ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទុន​ពី​សាធារណជន​មក​ពង្រីក​អាជីវកម្ម​ទេ តែ​យើង​ចង់​ចែករំលែក​អោយ​សាធារណជន​ក្លាយជា​ម្ចាស់​ភាគ​ទុ​និករ​បស់​ធនាគារ​អេ​ស៊ី​លី​ដា​វិញ​» ។

លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​លើ​ភាគហ៊ុន​មិន​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ខ្វី​លុយ​ធនាគារ​ទៅ​វិនិយោគ​នោះ​ទេ ។ ការ​វិនិយោគ​គួរតែ​ចេញពី​ថវិកា​ផ្ទាល់ខ្លួន​ដែល​នៅ​សល់ ទើប​មិន​បង្ក​អោយ​មាន​ហានិភ័យ ។ លោក​ថា ការ​វិនិយោគ​ភាគហ៊ុន​គឺ​រំពឹង​ដើម្បី​បាន​ផល​ចំណេញ ហើយ​បើ​ផល​ចំណេញ​នោះ មិន​គ្រប់​នឹង​ថ្លៃ​សងការ​ប្រាក់​ទៅ​ធនាគារ​វិញ​ផង​នោះ តើ​គួរ​យក​សាច់ប្រាក់​ពី​ធនាគារ​មក​វិនិយោគ​ឬ​យ៉ាងណា ។

លោក​បន្ត​ថា ការ​វិនិយោគ​លើ​ផ្សារភាគហ៊ុន​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​មានការ​ចាប់អារម្មណ៍​ពី​សាធារណជន​កម្ពុជា​ជា​ច្រើន ដែល​ធ្វើ​អោយ​សកម្មភាព​នៃ​ការ​ទិញ​លក់​មូល​ប​ត្រ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់ ។ តាម​រយៈ​ការ​ចូល​ក្នុង​ផ្សា​រមូល​ប​ត្រ​របស់​ធនាគារ​អេ​ស៊ី​លី​ដា លោក​ជឿ​ថា​នឹង​ជំរុញ​អោយ​សកម្មភាព​នៃ​ការ​ជួញដូរ​ភាគហ៊ុន​នៅ​ក្នុង​ទីផ្សារ​នឹង​កាន់តែ​កើនឡើង​មួយ​កម្រិត ។

លោក ម៉ែ​ន ភក្ដី ប្រធាន​នាយកដ្ឋាន​អាជ្ញាប័ណ្ណ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ធនាគារ​អេ​ស៊ី​លី​ដា មានការ​រីក​លូតលាស់​ជា​បន្តបន្ទាប់​គួរ​អោយ​កត់សម្គាល់ ជាក់ស្ដែង​ធនាគារ​នេះ​បាន​ពង្រីក​សេវាកម្ម​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស ព្រមទាំង​បង្កើត​បាន​នូវ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​ផង​ដែរ ដូច​ជា​ធនាគារ​អេ​ស៊ី​លី​ដា​ឡាវ មីក្រូហិរញ្ញវត្ថុ មី​យ៉ា​ន់​ម៉ា វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា និង Acleda Security ជាដើម ។

ជាមួយនឹង​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​នេះ ធនាគារ​ក៏​ត្រូវការ​ប្រភព​ទុន​បន្ថែម ដើម្បី​វិនិយោគ និង​ការ​រីក​ចម្រើន​បន្ត​ទៀត ។ ស្រប​ជាមួយនឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​មក​លើ​វិស័យ​ធនាគារ ការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធា​រណៈ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ផ្ដល់​ជំនឿ​ទុកចិត្ត​ដល់​សាធារណជន​លើ​វិស័យ​ធនាគារ​ផង​ដែរ ៕ (កែ​សម្រួល​ដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ