ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃើញប្រពន្ធ​ផឹកស៊ីជាមួយ​បុរសបរទេស ប្តីផ្ទុះកំហឹងវាយខ្ទេចហាង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង ​​ស្រាប់តែ​ឃើញ​​ស្ត្រីជា​ប្រពន្ធ​​ផឹកស៊ីជាមួយជនបរទេស​ក្នុង​ហាង​ ​ហើយសង្ស័យ​បុរសជាប្តី​កើតចិត្តប្រច័ណ្ឌ​បាន​ចូល​ទៅ​វាយ​​កម្ទេច​​របស់របរ​នៅ​ហាង​ស៊ីផឹក​មួយ​កន្លែង​ បណ្តាល​ឲ្យ​ខូចខាត​របស់របរ​អស់​មួយ​ចំនួន​ធំ ​ក៏​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១តែម្តង​ ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១​និង​២០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ​ខែ​មីនា​…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង ​​ស្រាប់តែ​ឃើញ​​ស្ត្រីជា​ប្រពន្ធ​​ផឹកស៊ីជាមួយជនបរទេស​ក្នុង​ហាង​ ​ហើយសង្ស័យ​បុរសជាប្តី​កើតចិត្តប្រច័ណ្ឌ​បាន​ចូល​ទៅ​វាយ​​កម្ទេច​​របស់របរ​នៅ​ហាង​ស៊ីផឹក​មួយ​កន្លែង​ បណ្តាល​ឲ្យ​ខូចខាត​របស់របរ​អស់​មួយ​ចំនួន​ធំ ​ក៏​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១តែម្តង​ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១​និង​២០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ​ខែ​មីនា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ហាង​មួយ​កន្លែង ​តាម​បណ្តោយ​ផ្លូវ​១៥ ​កែង​ផ្លូវ​១៣៦ ​ ស្ថិត​នៅ​លើ​ផ្លូវ​១៥ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

ជន​បង្ក​ឈ្មោះ​បូរ ចំរើន ភេទ​ប្រុស​ អាយុ៤២​ឆ្នាំ មាន​មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ផ្លូវ​១៥ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ មាន​ប្រពន្ធ​ឈ្មោះ ចាន់​តី អាយុ​៣២​ឆ្នាំ ទើប​ចូល​ធ្វើការ​នៅ​ក្នុង​ហាង​​កើតហេតុ​ខាងលើ​ រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​បាន​៦​ឆ្នាំ​មក​ហើយ​ តែ​មិន​បាន​រៀប​ការ​ និង​មិនទាន់​មានកូន​នៅឡើយ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​​ស្ត្រី​ម្នាក់​​ឈ្មោះ​វ​ណ្ណៈ ស្រី​មុំ អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គឺ​ជន​បង្ក​បាន​ផឹក​ស៊ីនៅមុខ​ផ្ទះ​របស់​គាត់​ជាមួយ​មិត្តភក្តិ​២​ទៅ​៣​នាក់​ ដែល​ស្ថិត​នៅ​រំលង​២​ផ្ទះ​ពី​ហាង​កើតហេតុ ខណៈ​ពេលជនបង្ក​​ផឹកស៊ី​ស្រវឹង​ស្រាប់តែ​ឃើញ​ប្រពន្ធ​នៅ​អង្គុយ​ផឹកស៊ី​ជាមួយ​ជនជាតិ​បារាំង​នៅ​មុខ​ហាងកើតហេតុ​ខាងលើ​ ។

តាមប្រភពដដែលបានបន្ត​ថា បន្ទាប់មក​ជន​បង្ក​បាន​ដើរមក​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ និង​ម្ចាស់​ហាង​ដោយ​ចោទ​ថា ​ម្ចាស់​ហាង​នាំ​ប្រពន្ធ​របស់ខ្លួន​មក​ទាក់ទង​ប្រុស​ថ្មី​ជា​ជនជាតិ​បរទេស​ រួច​ហើយ​ជន​បង្ក​បាន​បោក​កែវ​ចាន ​និង​វាយ​របស់របរ​ក្នុង​ហាង​បែក​ជ្រុះ​រាយ​ប៉ាយ​ពេញ​ក្នុង​ហាង ទោះបីជា​ថៅកែ​ជនជាតិ​បារាំង​ឃាត់​ក៏​មិន​ព្រម​ស្តាប់​​ដែរ ដោយ​ជន​បង្ក​នៅ​ទាញ​កាំបិត​បុ័ងតោ​មក​វាយ​បំបែក​កញ្ចក់​ បណ្តាល​អោយ​បែក​ខ្ទេច​អស់ទាំង​ស្រុង​ ​ហើយ​បោក​កៅអី​ និង​ស្លាក​យីហោ ​ថែម​ទាំង​ទូទឹកកក​បែក​អស់​មួយ​ទូ ព្រមទាំង​វាយ​កម្ទេច​ម៉ូតូ​២​គ្រឿង ក្នុងនោះ​មួយគ្រឿង​​ម៉ាក Zoomer X និង​​មួយគ្រឿងទៀត​​ស្គូពី ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​និង​សំបក​ដប​ទឹកបរិសុទ្ធ​គប់​ទៅ​លើ​ជន​បង្ក ស្រាប់តែ​ជន​បង្ករ​ត់ទៅ​ផ្ទះ​ទៅ​យក​កាំភ្លើង​មក​អាមេ​ធ្វើ​អោយ​អ្នក​ឃើញ​ហេតុការណ៍​រត់​ជាន់​ជើង​គ្នា ។

តាម​ប្រភព​​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​បង្ក​ជា​មនុស្ស​ដែល​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំង​ណាស់ កន្លង​មក​តែងតែ​ឈ្លោះប្រកែក​គ្នា​ ដោយសារ​តែ​ការ​ប្រច័ណ្ឌ​ប្រពន្ធ កន្លង​មក​ថ្មី​ៗ​នេះ​ប្តី​ប្រពន្ធទាំង២នាក់នេះ​​មាន​ទំនាស់​ជាមួយ​គ្នា ​ហើយ​ប្រពន្ធ​បាន​រត់​មក​ធ្វើការ​នៅ​ហាងខាងលើ​ លុះ​ពេល​ប្តី​ឃើញ​ប្រពន្ធ​អង្គុយ​ផឹកស៊ី​ជាមួយ​ជនជាតិ​បារាំង ​កើត​ចិត្ត​ប្រច័ណ្ឌ​ដោយ​ចោទ​ថា​ ម្ចាស់​ហាង​នាំ​ប្រពន្ធ​របស់​គេ​ទាក់ទង​ប្រុស​ថ្មី​ ទើប​បង្ក​ជា​ហិង្សា​កើតឡើង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​យក​ទៅ​សួរនាំ និង​នាំ​ទៅ​ឆែកឆេរ​រក​កាំភ្លើង​ឃើញ​ថា​ជា​កាំភ្លើង​ជ័រ ដែល​ជន​បង្ក​អះអាង​ថា​ទិញ​យក​មក​ទុក​ការពារ​ខ្លួន ។

បន្ទាប់​ពី​​ជនបង្ក​ចូល​ទៅ​អុកឡុក​នៅ​ក្នុង​ហាង​ធ្វើ​ឲ្យ​ខូចខាត​របស់របរ​ និង​ទ្រព្យសម្បតិ្ត​អស់​មួយ​ចំនួន​ធំ​ ម្ចាស់​ហាង​បាន​ទាមទារ​សំណង​ពី​ជន​បង្ក​ចំនួន៦០០០ដុល្លារ​ ដោយ​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​រង់ចាំ​ព្រឹក​ទើប​​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ