ខេត្តប៉ៃលិន ៖ ដោយសង្កេតឃើញថា ការកាប់ចិញ្ច្រាំដំឡូងមីហាលឱ្យស្ងួត រួចលក់នៅតាមស្តង់ទទួលបានការចំណេញគួរសម ដូច្នេះទើបស្ត្រីជាឈ្មួញម្នាក់ បានសម្រេចចិត្តជួលរថយន្តអ្នកភូមិ ដើម្បីទិញមើមដំឡូងមីនៅតាមចម្ការប្រជាកសិករ រួចជួលកម្មករឱ្យកាប់ចិញ្ច្រាំ ដាក់ហាលស្ងួតលក់នៅតាមស្តង់ ក្នុងក្រុងប៉ៃលិន ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ តែរហូតមកដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ដោយសារតែគាត់មានបញ្ហាជម្លោះក្នុងការរកស៊ីជាមួយនឹងកូនចុងរបស់ខ្លួន ទើបសម្រេចចិត្តឈប់ធ្វើ ហើយរៀបចំសម្ភារ:វិលត្រឡប់ទៅស្រុកកំណើតវិញ ។ ចំណែកកូនចុងរបស់គាត់វិញ បានទាញយកកម្មករមួយចំនួន ហើយបន្តធ្វើនៅលើទីលានក្បែរនោះដែរ ។
បើតាមការរៀបរាប់ពីស្ត្រីជាឈ្មួញម្នាក់ខាងលើឈ្មោះ សាយ យាង អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្នស្នាក់នៅកន្លែងកាប់ចិញ្ច្រាំដំឡូងមី ក្បែរផ្សារប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ពោលគឺឱ្យតែដល់ខែប្រមូលផលដំឡូងមី គាត់តែងតែធ្វើដំណើរមកខេត្តប៉ៃលិន ដើម្បីប្រមូលទិញមើមដំឡូងមី ដាក់ឱ្យកម្មករកាប់ចិញ្ច្រាំ រួចដាក់ក្រាលស្បៃ ហាលឱ្យស្ងួតរួច ទើបប្រមូលដឹករថយន្តយកទៅលក់នៅតាមស្តង់ដំឡូងមីក្បែរៗ នោះដែរ ។
ស្ត្រីជាឈ្មួញបានបន្តទៀតថា គាត់បានជួលដីគេក្នុង១រដូវ រយ:ពេល៣ទៅ៤ខែ តម្លៃ១.០០០.០០០រៀល ហើយក៏ជួលឱ្យត្រាក់ទ័រចូលឈូសឆាយពង្រាបឱ្យស្មើ ។ គាត់បន្តថា រាល់ថ្ងៃនេះ គាត់ទិញមើមដំឡូងមីស្រស់ ១គីឡូក្រាម ថ្លៃ១.៩បាត (ប្រាក់ថៃ) លុះកាប់ចិញ្ច្រាំហាលរយ:ពេល៣ទៅ៤ថ្ងៃស្ងួតល្អហើយ គាត់ក៏ប្រមូលលក់ឱ្យឈ្មួញបន្តទៀត ក្នុង១គីឡូក្រាម៤.៥ ទៅ៥.២បាត (ប្រាក់ថៃ) ដោយគិតថ្លៃកម្មករកាប់ចិញ្ច្រាំ ក្នុង១កញ្ឆេ តម្លៃ១០០០រៀល ហើយជួលកម្មករកើប ប្រមូលដាក់រថយន្តក្នុង១តោន២០០បាត (ប្រាក់ថៃ) ហើយជួលរថយន្តដឹកយកទៅលក់បន្តទៀត ។ បើគិតថ្លៃឈ្មួលគ្រប់បែបយ៉ាងទៅ ការប្រកបមុខរបរនេះ គឺបានចំណេញខ្លះៗដែរ សម្រាប់បានថវិកាយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ។
ស្ត្រីជាឈ្មួញបានបញ្ជាក់ថា ប៉ុន្តែរហូតមកដើមខែមីនានេះ គាត់មានបញ្ហាជម្លោះជាមួយនឹងកូនចុង ដែលគាត់ខំហៅគេឱ្យមករកស៊ីជាមួយ ដោយប្រគល់កម្មករខ្លះឱ្យទៅគេ និងជួលកន្លែងកាប់ចិញ្ច្រាំដំឡូងមីឱ្យទៀត លុះចុងក្រោយ ក៏មានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួចរឿងកម្មករ ទើបគាត់សម្រេចចិត្តថា នឹងលែងបន្តរកស៊ីរបរនេះទៀត ដោយបញ្ឈប់កម្មកររបស់ខ្លួនទាំងអស់រាប់រយនាក់ និងរៀបចំរបស់របរត្រឡប់ទៅស្រុកកំណើតវិញ ។
ចំណែកកម្មករជាច្រើននាក់ដែលសង់តង់ស្នាក់នៅលើដីកាប់ចិញ្ច្រាំដំឡូងមី បានបញ្ចេញទឹកមុខស្រពោន ខណ:លែងមានការងារធ្វើបន្តទៀត ព្រោះថៅកែរបស់ខ្លួនបានរើសម្ភារ: និងបញ្ឈប់ការកាប់ចិញ្ច្រាំដំឡូងមី ហើយពួកគេម្នាក់ៗ នឹងត្រឡប់ទៅស្រុកកំណើតវិញ ដោយអ្នកខ្លះរស់នៅក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀងជាដើម ដើម្បីស្វែងរកការងារផ្សេងទៀត ។ ពួកគេម្នាក់ៗ ក៏អាណិតថៅកែយ៉ាងខ្លាំង ដែលខិតខំរកកម្មករជាច្រើនឱ្យមកស្នាក់នៅធ្វើការតែចុងក្រោយបែរជាបញ្ឈប់នៅពាក់កណ្តាលទី ដោយសារមានបញ្ហាជាមួយកូនចុងរបស់គាត់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ