ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកែករៀងៗខ្លួន ក្រោយផ្ទុះជម្លោះបែកផ្សែង​រវាង​សិស្សនិងសិស្ស​ក្នុង​វិទ្យាល័យ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​​ជា​មន្ត្រី​នគរបាល​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រសួងមហាផ្ទៃ ​​ព្រមទាំង​កូនស្រី ត្រូវបាន​កម្លាំង​នគរបាលប៉ុស្តិ៍ចោមចៅទី៣ចុះអន្តរាគមន៍ឃាត់ខ្លួន​នាំទៅធ្វើការ​សាកសួរភ្លាមៗ​នៅប៉ុស្តិ៍នគរបាល បន្ទាប់ពីមាន​ពាក់ព័ន្ធ​ក្នុង​​ករណី​​ទំនាស់​វាយតប់​គ្នា​រវាង​សិស្សសាលា​ដូច​គ្នា​នៅ​វិទ្យាល័យ​ហ៊ុន សែន​ជម្ពូ​វ័ន បណ្ដាល​ឲ្យ​​សិស្សស្រី​​ចំនួន​​២​នាក់​រង​របួស​យ៉ាងដំណំ​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​​​កាន់​គ្លីនិកឯកជន​ដើ​​ម្បី​សង្គ្រោះ​ ។​…

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​​ជា​មន្ត្រី​នគរបាល​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រសួងមហាផ្ទៃ ​​ព្រមទាំង​កូនស្រី ត្រូវបាន​កម្លាំង​នគរបាលប៉ុស្តិ៍ចោមចៅទី៣ចុះអន្តរាគមន៍ឃាត់ខ្លួន​នាំទៅធ្វើការ​សាកសួរភ្លាមៗ​នៅប៉ុស្តិ៍នគរបាល បន្ទាប់ពីមាន​ពាក់ព័ន្ធ​ក្នុង​​ករណី​​ទំនាស់​វាយតប់​គ្នា​រវាង​សិស្សសាលា​ដូច​គ្នា​នៅ​វិទ្យាល័យ​ហ៊ុន សែន​ជម្ពូ​វ័ន បណ្ដាល​ឲ្យ​​សិស្សស្រី​​ចំនួន​​២​នាក់​រង​របួស​យ៉ាងដំណំ​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​​​កាន់​គ្លីនិកឯកជន​ដើ​​ម្បី​សង្គ្រោះ​ ។​

ហេតុការណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មី​នា ឆ្នាំ​២០២០ នៅ​ក្នុង​វិទ្យា​ល័យ​ហ៊ុន សែន​ជម្ពូ​វ័ន ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ភាគី​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២នាក់​ខាងលើ​ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ស្រេង ច​ន្ទ្រា អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១២GO នៃ​វិទ្យាល័យ​ហ៊ុន សែន​ជម្ពូ​វ័ន មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​និង​ម្នាក់​ទៀត​ឈ្មោះ​ផា បញ្ញា អាយុ​១៧​ឆ្នាំ ​ជា​សិស្ស​ថ្នាក់ទី​១២A2 រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា​ហើយ​នាង​ក៏​មាន​តួនាទី​ជា​អនុប្រធាន​ថ្នាក់​ផង​ដែរ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ដោយឡែក​ភាគី​ម្ខាង​ទៀត​​រួម​មាន​ឈ្មោះ ភិ​ជ្ជ​រ៉ា ផា​នុ​ត ភេទស្រី អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០​ ត្រូវជា​កូន និង​ឈ្មោះ​ភិ​ជ្ជ​រ៉ា ប៊ុ​ត្យា ភេទស្រី អាយុ​១៧​ឆ្នាំ​ជា​សិស្ស​ថ្នាក់​១១D2​នៃ​វិទ្យាល័យ​ហ៊ុន សែន​ជម្ពូ​វ័ន ​ត្រូវជា​កូន រីឯ​បុរស​ជា​ឪពុក​​ឈ្មោះ ឆាយ វណ្ណ​ធឿ​ន អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​នគរបាល​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រសួងមហាផ្ទៃ​។ ​ទាំង​៣​នាក់​ឪពុក​និង​កូននេះ​មាន​ទីលំនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​គោក​ខ្សាច់ ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។​

​ក្រោយ​ពេល​នគរបាល​ឃាត់ខ្លួន​ បុរស​ជា​ឪពុក​នេះ​បាន​ប្រកែក​ថា​ ​គាត់​​មិន​បាន​វាយ​សិស្ស​ស្រី​ទាំង​២​នាក់​ខាងលើ​នោះ​ទេ ហើយ​ខណៈ​ពេល​កំពុង​រញ៉េរញ៉ៃ​កើតឡើង​ពុំ​ដឹង​ថា​នរណា​ជា​អ្នក​វាយ​ឡើយ ​គាត់​​គ្រាន់តែ​ជា​អ្នក​ចូល​ទៅ​ឃាត់​ប៉ុណ្ណោះ ហើយ​​គាត់​​ក៏​មិន​បាន​ស្គាល់​ក្មេង​ស្រី​រង​គ្រោះ​នោះ​ដែរ ​ព្រោះ​គាត់​​មិន​បាន​ប៉ះ និង​មិន​បាន​វាយ​ឡើយ​។​

​ដោយឡែក​​សិស្ស​នៅ​វិទ្យាល័យ​ខាងលើ​នោះ​បាន​អះអាង​ថា ពួក​គេ​បានឃើញ​ស្ទើរតែ​គ្រប់​គ្នា​ពី​ការ​ប្រើ​ហិង្សា​វាយតប់​សិស្ស​ស្រី​ទាំង​២​នាក់​ខាងលើ​ពី​សំណាក់​មន្ត្រី​នគរបាល​រូប​នោះ ចំណែក​ខាង​ក្រុម​យុវជន​កាយ​រិ​ទ្ធ​បាន​ចូល​ទៅ​ឃាត់​ដែរ​ តែ​ឃាត់​មិន​ឈ្នះ​ឡើយ​។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ស្រេង ច​ន្ទ្រា បាន​និយាយ​ថា​ នាង​ធ្លាប់​មាន​ទំនាស់​ជាមួយ​កូនស្រី​របស់​មន្ត្រី​នគរបាល​ខាងលើ​​នា​​ពេល​កន្លង​មក ខណៈ​ដែល​នាង​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ផ្សេង​ទេ​ ស្រាប់​តែ​ឈ្មោះ​ភិ​ជ្ជ​រ៉ា ផា​នុ​ត ដែល​ជា​កូនស្រី​របស់​មន្ត្រី​នគរបាល​រូប​នោះ​កាន់ជើង​ចូល​មក​លូក​មាត់​ ទើប​មានការ​ប្រកែក​គ្នា ។​

តាមប្រភពដដែលបានបន្ត​ថា លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ​ ពេល​ដែល​នាង​ទៅ​ហូប​បាយ បានឃើញ​ឈ្មោះ​ភិ​ជ្ជ​រ៉ា ផា​នុ​ត កំពុង​ស្ថិត​នៅ​ទីនោះ​ដែរ ​និង​កំពុង​ទទួល​បាយ​ពី​អ្នកលក់​ បន្ទាប់​មក​ឈ្មោះភិជ្ជរ៉ា ផានុត ក៏បាន​​ដើរមក​បំ​បុក​នាង​ដោយ​មិន​បាន​សុំ​ផ្លូវ​នោះ​ទេ ហើយ​នាង​ក៏​រុញច្រាន​ទៅ​វិញ ​ស្រាប់តែ​ឈ្មោះភិជ្ជរ៉ា ​ផា​នុ​ត បាន​យក​ទឹក​ស៊ុប​កំពុង​តែ​ក្ដៅ​១​កូនចាន​ជិះ​មក​លើ​រូប​នាង​បណ្ដាល​ឲ្យ​រលាក ទើប​មានការ​វាយតប់​គ្នា​កើតឡើង​ ។ ​ភ្លាម​ៗ​នោះ​ខាង​ក្រុម​យុវជន​កាយ​រិ​ទ្ធ​បាន​នាំ​ពួកនាង​ទៅ​កាន់​ការិយាល័យ​ទាំងអស់​គ្នា ហើយ​ឈ្មោះ​ភិ​ជ្ជ​រ៉ា ផា​នុ​ត ក៏​បាន​ខ​ល​ហៅ​ឪពុក​ដែល​ជា​មន្ត្រី​នគរបាល​​ឱ្យមក​ ដោយ​​មិន​បាន​សួរនាំ​អ្វី​ឡើយ ស្រាប់តែ​បុរស​ជា​ឪពុក រួម​ទាំង​កូនស្រី​ម្នាក់​ទៀត​ក៏​បាន​ព្រួត​គ្នា​វាយ​រូប​នាង​ទាំង​កម្រោល​បណ្ដាល​ឲ្យ​រង​របួស​ក្បាល​តែ​ម្ដង​។

ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ផា បញ្ញា បាន​និយាយ​ថា នាង​មិន​បានដឹង​រឿង​អ្វី​ទេ​ ហើយ​ក៏​មិន​ដែល​មាន​ទំនាស់​ជាមួយ​កូន​ស្រីរបស់​មន្ត្រី​នគរបាល​ខាងលើ​នោះ​ម្ដងណា​ឡើយ ដោយនៅ​មុន​ពេល​កើតហេតុ នាង​និង​មិត្ត​រួម​ថ្នាក់​បាន​នៅ​អង្គុយ​ធ្វើ​លំ​ហាត់​នៅ​លើ​បង់​មុខ​ថ្នាក់រៀន​ ​លុះ​ក្រោយមក​ដល់​ម៉ោង​រោង​ជាង​ នាង​និង​មិត្តភក្ដិ​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​ទៀត​បាន​ទៅ​ស្រោច​ដំណំ​តាម​ការ​ប្រើ​របស់​អ្នកគ្រូ​ប្រចាំ​ថ្នាក់ ​។ ​បន្ទាប់​ពី​ស្រោច​ដំណាំ​រួច​ នាង​ក៏​បាន​យក​ធុង​ទឹក​ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ​ ​តែ​ខណៈ​ពេល​កំពុង​បើកទ្វារ​ដើម្បី​ទុក​សម្ភារៈ​ ស្រាប់តែ​បុរសជា​មន្ត្រី​នគរបាល​ខាងលើ​ទៅ​ដល់​ ហើយ​អត់​សួរនាំ​អ្វី​ទាំងអស់​ក៏​បាន​វាយ​នាង​ទាំង​មិនដឹង​រឿង លុះ​ក្រោយពី​វាយនាង​​រួច ​បែរជា​និយាយ​ថា អត់​បាន​វាយ ​គ្រាន់តែ​ចូល​ទៅ​ចាប់​​បំបែក​ឱ្យចេញពីគ្នា​​ទៅ​វិញ​។

​តាម​ប្រភពពី​ក្មេង​ស្រី​ឈ្មោះ​ភិ​ជ្ជ​រ៉ា ផា​នុ​ត បាន​និយាយ​ប្រាប់​នគរបាល​ថា នៅ​មុន​ពេល​កើតហេតុ​ រូប​នាង​ព្រមទាំង​មិត្តភក្តិ​ម្នាក់​ទៀត​បាន​ទៅ​ទិញ​​គុយទាវ​ហូបនៅ​ក្នុង​បរិវេណ​វិទ្យាល័យ​នោះ​ដែរ លុះ​ពេល​កំពុង​កាន់​ចាន​គុយទាវ​បម្រុង​ដើរទៅ​អង្គុយ​នៅ​តុ ស្រាប់តែ​ឈ្មោះ​ស្រេង ច​ន្ទ្រា បាន​ឈរ​បាំង​ផ្លូវ​ ហើយ​ពេល​នោះ​នាង​បាន​សុំ​ផ្លូវ​ដែរ​ តែ​​ឈ្មោះ​​ច​ន្ទ្រា​ មិន​ព្រម​ចេញ​ទេ និង​យកដៃ​ច្រត់​ចង្កេះ​ស្រែក​សម្លុត​នាង​។

តាមប្រភពដដែលបាន​បន្ត​ថា ​បន្ទាប់​មក​ នាង​បាន​ដើរ​អែប​ទៅ​ខាង ​ស្រាប់តែ​ឈ្មោះ​ច​ន្ទ្រា​ ច្រាន​នាង​បណ្ដាល​ឲ្យ​ដួល ទើប​មានការ​ប្រតាយប្រតប់​គ្នា ហើយ​​ឈ្មោះ​​ច​ន្ទ្រា​ និង​បក្ខពួក​បាន​ព្រួត​វ​ាយ​បោច​សក់​នាង​ថែម​ទៀត ក្រោយមក​ក្រុម​កាយ​រិ​ទ្ធ​បាន​នាំ​ពួកនាង​ទៅ​កាន់​ទីចាត់ការ​ ​ពេល​នោះ​នាង​បាន​ខ​ល​ប្រាប់​បងស្រី​ និង​ឪពុក​ឲ្យ​ទៅ​សាលា​ដែរ ។

តាមប្រភពដដែលបាន​បន្ត​ថា លុះ​ពេល​​មក​​ដល់​ បងស្រី​របស់​នាង​បាន​ដើរ​សំដៅ​ទៅ​រក​ឈ្មោះ​ស្រេង​ ច​ន្ទ្រា ដែល​ជា​គូទំនាស់​របស់​នាង ពេល​ឃើញ​បែប​នេះ​ ខាង​ក្រុម​កាយ​រិ​ទ្ធ​ចំនួន​៧​ទៅ​៨​នាក់​ស្លៀកពាក់​ឯក​សណ្ឋាន​សិស្ស ក៏​បាន​ដើរទៅ​រក​បងស្រី​នាង ​។ ​ចំណែក​ឪពុក​នាង​ស្មានថា​ជា​បក្ខ​ពួករបស់​ឈ្មោះ​​ច​ន្ទ្រា​ ក៏​ចូល​ទៅ​ឃាត់ដោយ​​យកដៃ​វែក​ៗ​ បណ្ដាល​ឲ្យ​ត្រូវ​ក្រុម​កាយ​រិ​ទ្ធ​បន្តិច ប៉ុន្តែ​ភ្លាម​នោះ​ក្រោយ​ពី​ដឹង​ថា​ជា​ក្រុម​កាយ​រិ​ទ្ធ​ ទើប​ឪពុក​នាង​បាន​សុំ​ទោស​រួច​ហើយ រីឯ​ឈ្មោះ​ច​ន្ទ្រា​ បាន​រត់​ចេញ​ក្រៅ​ទីចាត់ការ លុះ​បន្តិច​ក្រោយមក​ទើប​ឃើញ​ក្រុម​កាយ​រិ​ទ្ធ​គ្រា​ហ៍​ឈ្មោះ​ច​ន្ទ្រា​ ត្រឡប់​មក​វិញ​ និង​ចោទ​ថា​ឪពុក​របស់​នាង​វាយ​ទៅ​វិញ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ