រាជធានីភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន នាពេលកន្លងមក គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់កម្ពុជាក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ខាងមុខ ។ លោកថ្លែងបែបនេះនៅក្នុងឱកាសធ្វើមហាសន្និបាតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងទិសដៅការងារឆ្នាំ២០២០នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីប៉ុន្មានថ្ងៃមុននេះ ។
លោករដ្ឋមន្ត្រីបានថ្លែងទៅកាន់តំណាងសហព័ន្ធកីឡាជាតិថា ថ្វីត្បិតតែការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីនមានកន្លែងខ្លះធ្វើមិនសូវបានល្អបន្តិចមែន តែបើនិយាយពីធនធានមនុស្សរបស់គេគឺល្អខ្លាំងណាស់ហើយក៏សម្បូរណាស់ដែរ ។ លោកបន្តថា យើងមិនបាច់សម្លឹងទៅប្រទេសសិង្ហបុរីឬប្រទេសម៉ាឡេស៊ីដែលខ្លាំងជាងយើងឆ្ងាយនោះទេ បើសិនជាយើងធ្វើបានប្រហែលប្រទេសហ្វីលីពីនគឺល្អហើយ។
ថ្វីត្បិតចាប់បីពេលនេះទៅការងារមួយចំនួនគឺជាបន្ទុករបស់CAMSOCដូចជាការងាររដ្ឋបាល ការងារដឹកជញ្ជូន និងបដិសណ្ឋារកិច្ច ប៉ុន្តែការងារជំនាញវិញគឺជាបន្ទុករបស់សហព័ន្ធកីឡាជាតិ ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវតាមក្រឹត្យ ក្រមរបស់សហព័ន្ធកីឡាអាស៊ាន ។ លោកជំរុញទៅដល់សហព័ន្ធកីឡាជាតិទាំងអស់ត្រូវតែរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើនដើម្បីទទួលបាននូវបទពិសោធន៍បន្ថែមឱ្យបានច្រើនដល់ពេលប្រកួតកីឡាស៊ី ហ្គេមគឺមានភាពរលូនតែម្ដង ។
លោកបានបញ្ជាក់បន្ថែមថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីនកន្លងមក មានកន្លែងខ្លះមិនសូវបានល្អនោះទេ តែកុំភ្លេចថា ហ្វ៊ីលីពីនគឺជាប្រទេសមួយដែលមានសក្ដានុពលផ្នែកកីឡា សម្បូរធនធានមនុស្ស និងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំណាស់ ។ ម្យ៉ាងវិញទៀត ការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនគេប្រើពេលត្រៀមតែ២ឆ្នាំមុនប៉ុណ្ណោះ ដូច្នេះបានន័យថា កម្រិតរបស់គេនៅតែខ្លាំងជាងយើង ។
លោកមិនបន្ទោសទៅលើសហព័ន្ធណាមួយនោះទេ ព្រោះសហព័ន្ធនីមួយៗ មានការរីកចម្រើនខុសៗគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺការគ្រប់គ្រង ការដឹកនាំ និងមានរចនាសម្ព័ន្ធច្បាស់លាស់ទើបអាចទៅរួចដូចជាសហព័ន្ធកីឡាបាល់ទាត់ជាគំរូស្រាប់។
គួររំលឹកថា អង្គមហាសន្និបាតនេះគឺតម្រូវឱ្យសហព័ន្ធកីឡាជាតិទាំងអស់ត្រូវមានមតិយោបល់លើកឡើងពីចំណុចខ្លាំងនិងចំណុចខ្សោយដែលខ្លួនមានដើម្បីដាក់ចេញនូវទិសដៅ ផែនការ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅប្រទេសវៀតណាម និងឆ្ពោះទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ