ប្រទេសស៊ីរី-តួកគី ៖ តួកគីកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ បានធ្វើការវាយលុកខាងយោធាដោយទ្រង់ទ្រាយធំមួយនៅស៊ីរី ប្រឆាំងរបបក្រុងដាម៉ាស់ ហើយអះអាងពីការបាញ់ធ្លាក់យន្តហោះស៊ីរី២គ្រឿង រួចទាហានស៊ីរី១៩នាក់បានត្រូវបាត់បង់ជីវិត ហើយរក្សាការគាបសង្កត់លើពួកអឺរ៉ុប ដោយបណ្ដោយឲ្យពួកអន្ដោប្រវេសន៍ច្រើនពាន់នាក់លើកគ្នាចូលប្រទេសក្រិក។
ក្រោយរយៈពេលច្រើនសប្ដាហ៍នៃភាពតានតឹង ក្នុងតំបន់អ៊ីដលីបភាគពាយ័ព្យស៊ីរីតួកគីប្រកាសពីការបើកធ្វើប្រតិបត្តិការខែលនិទាឃរដូវ ប្រឆាំងរបបលោកបាចាអាល់អាសាដ ដែលរងការបាត់បង់ធ្ងន់ធ្ងរក្នុងការវាយប្រហារនានា របស់តួកគីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ជាសញ្ញាដែលការប្រយុទ្ធគ្នាកាន់តែកើនខ្លាំង យន្តហោះ២គ្រឿងរបស់ស៊ីរីបានត្រូវបាញ់ធ្លាក់កាលពីថ្ងៃទី១មីនា ក្នុងដែនអាកាសខេត្តអ៊ីដលីប។ នេះជាសេចក្ដីរាយការណ៍របស់ក្រុងអង់ការ៉ានិងអង្គការសិទ្ធិមនុស្សស៊ីរីOSDHមានប្រភពព័ត៌មានច្រើនក្នុងប្រទេស។ ចំណែកទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរីSANAអះអាង ពីការកម្ទេចដ្រូន៣គ្រឿងរបស់តួកគី
កាលពីថ្ងៃទី១មីនាOSDHរាយការណ៍ថា ទាហានស៊ីរី១៩នាក់បានត្រូវសម្លាប់នាថ្ងៃនោះ ដោយបណ្ដាដ្រូនរបស់តួកគី លើក្បួនរថយន្តយោធាស៊ីរីមួយខ្សែក្នុងខេត្តអ៊ីដលីប។ ខណៈដែលជម្លោះនៅស៊ីរីកំពុងតែមានការបំពុល រដ្ឋមន្ត្រីការពារប្រទេសតួកគីលោកហ៊ូលូស៊ីអាកាគូសបញ្ជាក់ថា ក្រុងអង់ការ៉ាពុំបានស្វែងរកការប្រឈមមុខដាក់គ្នាជាមួយក្រុងមូស្គូ ដែលជាសម្ព័ន្ធដ៏ធំរបស់ស៊ីរីឡើយ។
ប្រទេសតួកគីបានបង្កើនចាប់តាំងពីថ្ងៃទី២៩កុម្ភៈមក នូវការវាយប្រហារនានារបស់ដ្រូនប្រឆាំងបណ្ដាទីតាំងរបស់របបស៊ីរី តែជាលើកដំបូងដែលក្រុងអង់ការ៉ាប្រកាសជាផ្លូវការថា ការវាយប្រហារទាំងនេះ ស្ថិតក្នុងក្របខណ្ឌនៃប្រតិបត្តិការកាន់តែទូទៅមួយ។ ប្រតិបត្តិការយោធារបស់តួកគីនេះកើតមាន ក្រោយពីការបាត់បង់ជីវិតទាហានតួកគី៣៣នាក់កាលពីថ្ងៃទី២៧កុម្ភៈ ក្នុងការវាយប្រហារតាមអាកាសរបស់ស៊ីរី ជាការបាត់បង់ធ្ងន់ធ្ងរបំផុតដែលក្រុងអង់ការ៉ាជួបប្រទះ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ