ខេត្តព្រះសីហនុ ៖ នាវាសមុទ្រដឹកទំនិញមួយគ្រឿងឈ្មោះ MT-COURAGEOUS សញ្ជាតិកាមេរូន ជាប្រភេទនាវាដឹកប្រេងរបស់ជនបរទេសបានចូលបោះយុថ្កាសំចត ក្នុងដែនទឹកកម្ពុជាដែលជាការចតដោយរំលោភបំពាននៅចន្លោះកោះតាង និងកោះពូលូវ៉ៃ ដោយមិនមានការអនុញ្ញាត ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃាត់ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ។
ការចាប់ឃាត់នាវានេះអនុវត្តដោយកម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងរួមរបស់នគរបាលព្រំដែនទឹក កាលពីល្ងាចថ្ងៃ២៩ ខែកុម្ភៈ ហើយនៅព្រឹកថ្ងៃទី១ ខែ មីនា នាវានេះត្រូវបាននគរ បាលព្រំដែនទឹកនាំចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធី ។
លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក មានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មានថា ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក តេង សួនអគ្គស្នងការរងនគរបាលជាតិ ក្រោយពីរកឃើញថា នាវាមួយគ្រឿងនេះចូលរំលោភដោយខុសច្បាប់ក្នុងដែនសមុទ្រប្រទេសកម្ពុជា ដែលអាចថាក្នុងបំណងទុច្ចរិតណាមួយ ។
ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ឯក តេង សួន បានប្រាប់បណ្ដាញព័ត៌មានថា នៅលើនាវានេះមានបុគ្គ លិក និងកងនាវិកសរុប១៦នាក់ ក្នុងនោះមានជនជាតិឥណ្ឌូណេសុី៤នាក់ និងជនជាតិមីយ៉ាន់ម៉ា១២នាក់ ។ ចំពោះចំណាត់ការបន្ត គឺអាជ្ញាធរចម្រុះ ដែលក្នុងនោះមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តផង និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តផង នឹងបន្តនីតិវិធីតាមផ្លូវច្បាប់ ។ ពេលនេះ យើងកំពុងសាកសួរបន្ត ហើយអាជ្ញាធរនៅមិនទាន់មានរបាយការណ៍បញ្ជាក់ពីការរកឃើញអ្វីដែលជាបទល្មើសនៅក្នុងនាវានេះនៅឡើយទេ គិតត្រឹមរសៀលថ្ងៃ១ ខែមីនា ។
ដោយឡែក យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងបន្ថែមថា ៖ ១-កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលការពារព្រំដែនទឹក បានរកឃើញ និង
ឃាត់នាវាបរទេស១គ្រឿង ដែលបានបោះយុថ្កាបំពានដែនសមុទ្រកម្ពុជា នៅចំណុចនិយាមការ N1O9o5.1300’, E103°07.8593” នៅចន្លោះកោះតាង និងកោះពូឡូវៃ៉ ។
២-តាមការបំភ្លឺរបស់អ្នកទទួលខុសត្រូវនាវានេះ បានបញ្ជាក់ជូនសមត្ថកិច្ចឲ្យដឹងថា នាវាដែលត្រូវបានឃាត់មានឈ្មោះ MT-COURAGEOUS សញ្ជាតិ CAMEROON មាននាវិកចំនួន១៦នាក់ និងបានទទួលបញ្ជាឲ្យចេញពីកំពង់ផែ KAO HSUNG នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ។
លុះដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នាវានេះបានបោះយុថ្កានៅចំណុចនិយាមការ N1O9o5, 1300’, E103°o7.8593’ ដើម្បីរង់ចាំបទបញ្ជាថ្មីពីថៅកែ ។
៣-តាមព័ត៌មាននិងឯកសាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាវា MT-COURA CEOUSនេះ ធ្លាប់ធ្វើសកម្មភាពបំពានទៅនឹងសេច ក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(សេចក្តីសម្រេចលេខ 2375 និងលេខ2397 អនុម័តនាខែកញ្ញា ឆ្នាំ២០១៧) ក្នុងការដាក់ទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(DPRK) ដែលហាមឃាត់ការផ្ទេរពីនាវាទៅនាវា (SHIP-TO-SHIP / SS)ទៅទូកដឹកទំនិញរបស់សាធា រណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK)។
បច្ចុប្បន្ន នាវា MT-COURAGEOUS ត្រូវបាននគរបាលការពារព្រំដែនទឹកចាប់ឃាត់ និងបញ្ជូន សំណុំ រឿងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីនិងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ