ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​ស្ងើច​ស​សើរ​! ២​នាក់​បងប្អូន​ស្រី​ចិញ្ចឹមជីវិត​ជាមួយ​រង​បន្លែ​ជាង​៣០​រង (មានវីដេអូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២០ គេ​សង្កេត​ឃើញ​មាន​ស្ត្រី​មេម៉ាយ​២​នាក់​បងប្អូន​រស់នៅ​ក្នុងភូមិ​វាលវង់ បាន​ខិតខំ​ប្រឹងប្រែង​ដាំ​បន្លែ​ស្ទើរ​គ្រប់មុខ ជាង​៣០​រង ដោយ​ដាំ និង​ប្រមូល​ផល​រាល់ថ្ងៃ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២០ គេ​សង្កេត​ឃើញ​មាន​ស្ត្រី​មេម៉ាយ​២​នាក់​បងប្អូន​រស់នៅ​ក្នុងភូមិ​វាលវង់ បាន​ខិតខំ​ប្រឹងប្រែង​ដាំ​បន្លែ​ស្ទើរ​គ្រប់មុខ ជាង​៣០​រង ដោយ​ដាំ និង​ប្រមូល​ផល​រាល់ថ្ងៃ ដើម្បី​បាន​ថវិកា​យក​មក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​អាច​ឱ្យ​កូនចៅ​រៀនសូត្រ រហូត​ដល់​ថ្នាក់​អនុ​វិទ្យាល័យ​ផង​ដែរ ។

បើ​ទោះបីជា​នៅ​រដូវប្រាំង​នេះ ទឹកស្រះ​បាន​រីង​ខះ​ស្ទើរ​អស់ ប៉ុន្តែ​ពួក​គាត់​មិន​ព្រួយបារម្ភ​ខ្វះ​ទឹក​ឡើយ ព្រោះ​បាន​បុក​អណ្តូងស្នប់ សម្រាប់​បូមទឹក​ស្រោច​ដំណាំ ដែល​ធ្វើ​ឱ្យ​បន្លែ​របស់​ពួក​គាត់​លូតលាស់​យ៉ាង​ល្អ បញ្ចេញ​ពណ៌​ខៀវខ្ចី​តែ​ម្តង ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ឈ្មោះ ប៉ែន ថា​វី អាយុ​៥២​ឆ្នាំ និង​ស្ត្រី​ឈ្មោះ នួន សុភាព អាយុ​៥៦​ឆ្នាំ ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា រស់នៅ​ភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ពួក​គាត់​មានស្រុក​កំណើត​រស់នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បាន​ប្តូរ​មក​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

ស្ត្រី​ទាំង​២​នាក់​បងប្អូន​បាន​បន្ត​ថា ពី​មុន​ពួក​គាត់​ជួល​ដី​គេ​នៅ​ក្បែរ​ផ្លូវជាតិ​ក្នុង​ក្រុង ដើម្បី​បើក​តូប​លក់​គុយទាវ កាហ្វេ លុះ​ពេល​គេ​យក​ដី​វិញ ពួក​គាត់​ក៏​រក​ទិញ​ដី​នៅ​ក្នុងភូមិ​ខាងលើ ដើម្បី​បង្កបង្កើត​មុខរបរ​ថ្មី គឺ​នាំ​គ្នា​ដាំ​បន្លែ ។ ចំពោះ​ការងា​កមក​ចាប់​យក​អាជីព​ដាំ​បន្លែ​នេះ គឺ​ដោយសារ​តែ​ពួក​គាត់​ជា​ស្ត្រី​មេម៉ាយ ត្រូវ​ប្តី​ស្លាប់​ចោល ហើយ​អាយុ​កាន់តែ​ចាស់ កម្លាំង​កាន់តែ​ខ្សោយ ។ ដូច្នេះ​គឺ​មាន​តែ​នាំ​គ្នា​ដាំ​បន្លែ​បន្តិចបន្តួច​ជា​ការងារ​ស្រាល​ៗ សម្រាប់​លក់​បាន​ថវិកា​ចិញ្ចឹមជីវិត ។

ស្ត្រី​ទាំង​២​នាក់​បងប្អូន​បាន​បន្ត​ថា បន្លែ​ដែល​ពួក​គាត់​ដាំ​មាន​ដូច​ជា ត្រកួន ស្លឹក​ខ្ទឹម ស្ពៃ​ក្រ​ញ៉ា​ញ់ ខាត់ណា ស្ពៃ​ស្លាបព្រា សាឡា​ត់ និង ស្ពៃចង្កឹះ​ជាដើម ។ ជា​រៀងរាល់ថ្ងៃ គាត់​តែងតែ​បណ្តុះ​កូន​បន្លែ​ទាំងនោះ​ដាក់​ដាំ​ជា​បន្តបន្ទាប់​គ្នា ដោយ​ប្រមូល​ផល​កន្លែង​មួយ​អស់ ឈាន​ចូល​ដល់​កន្លែង​ថ្មី​ទៀត​នៅ​ក្បែរ​ៗ​គ្នា ហើយ​ក៏​ដាក់​ដាំ​បន្តបន្ទាប់​គ្នា​ជា​ហូរហែ ។ លើស​ពី​នេះ ពួក​គាត់​ប្រមូល​ផល​ប្រចាំ​ថ្ងៃ ចាប់ពី​៥០​ទៅ​៦០​គីឡូក្រាម ដោយ​ដឹក​ដាក់​ឱ្យ​ម៉ូយ​នៅ​តាម​ផ្សារ​ប៉ៃលិន ហើយ​ម៉ូយ​ទិញ​តម្លៃ​ត្រឹម​១៥០០​រៀល​ទៅ​២០០០​រៀល​ក្នុង​១​គីឡូក្រាម ។ ទោះបីជា​ថ្ងៃ​ខ្លះ ពួក​គាត់​ប្រមូល​ផល​បាន​តិចតួច ក៏​អាច​លក់​បាន​ថវិកា​ចាប់ពី​៣០០០០​រៀល​ទៅ​៥០០០០​រៀល​ដែរ ហើយ​បើ​ប្រមូល​ផល​បាន​ច្រើន ពួក​គាត់​អាច​លក់​បាន​ប្រាក់ ក្នុង​១​ថ្ងៃ ចាប់ពី​១៥០០០០​ទៅ​២០០០០០​រៀល គឺ​អាច​សល់​លុយ​សម្រាប់​យក​ទៅ​ម្ហូបអាហារ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ទុក​ខ្លះ សម្រាប់​ឧបត្ថម្ភ​ឱ្យ​កូនចៅ​រៀនសូត្រ រហូត​ដល់​អនុ​វិទ្យាល័យ និង​ឈាន​ដល់​វិទ្យាល័យ​ផង​ដែរ ។

ស្ត្រី​ទាំង​២​នាក់​បងប្អូន​បាន​បន្ត​ទៀត​ថា លើស​ពី​នេះ ជីវភាព​របស់​ពួក​គាត់​បច្ចុប្បន្ន គឺ​មាន​ភាព​ធូរធារ​ជាង​មុន​ឆ្ងាយ បន្ទាប់​ពី​នាំ​គ្នា​ដាំ​បន្លែ​លក់​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ហើយ​ពួក​គាត់​ក៏​នៅ​តែ​បន្ត​ដាំ​បន្លែ​នេះ​ជា​រៀង​រហូត​តទៅ ដោយ​ជួល​ដី​បងប្អូន បង់ប្រាក់​ឱ្យ​គេ​ប្រចាំឆ្នាំ ។ ពួក​គាត់​ក៏​បូមទឹក​អណ្តូង​ចេញពីផ្ទះ​ខ្លួន​ដោយ​បាន​ធ្វើការ​ត​ភ្ជាប់​ទុយោ​ចម្ងាយ​ប្រហែល​៣៥០​ម៉ែត្រ ខណៈ​អ្នកខ្លះ​អត់​មាន​អណ្តូងទឹក​ស្រោច ក៏​ផ្អាក​ដាំ​បន្លែ​នា​រដូវប្រាំង​នេះ រង់ចាំ​នៅ​រដូវវស្សា​ទើប​គេ​បន្ត​ទៀត ។

ស្ត្រី​ទាំង​២​នាក់​បងប្អូន​ក៏​រំលឹក​ពី​ពី​ផលវិបាក​ពេល​ខ្លះ​ដែរ ដោយ​កាលពី​ប៉ុន្មាន​ខែ​មុន ដោយសារ​បន្លែ​ហូរ​ចូល​មក​ពី​តាម​បណ្តា​ខេត្ត ទើប​ធ្វើ​ឱ្យ​បន្លែ​គ្រប់មុខ​ជន់ គ្មាន​អ្នកទិញ ទើប​បន្លែ​សាឡា​ត់របស់​គាត់​ជា​ច្រើន​រង​ត្រូវ​បាន​ដក​ទុក​ឱ្យ​ជ្រូក និង​ទា​ស៊ី​ប៉ុណ្ណោះ លុះ​ក្រោយមក​ទើប​ម៉ូយ​ចូល​ទៅ​បញ្ជា​ទិញ​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ