ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រឈម​ការ​បាត់បង់​ចំណូល​ជិត​១​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍​ដែល​បង្ក​ដោយ​Covid-19

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កំពូល​នៃ​ក្រសួងទេសចរណ៍​បង្ហាញ​ការ​ព្យាករណ៍​របស់​ខ្លួន​ថា នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា​ប្រឈម​ការ​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​មាន​រហូត​ដល់​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បង្ក​ដោយ​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ឬ Covid-19 ដោយ​ផ្នែក​លើ​ទិន្នន័យ​ដែល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​៦,៦​លាន​នាក់ កាលពី​ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កំពូល​នៃ​ក្រសួងទេសចរណ៍​បង្ហាញ​ការ​ព្យាករណ៍​របស់​ខ្លួន​ថា នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា​ប្រឈម​ការ​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​មាន​រហូត​ដល់​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បង្ក​ដោយ​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ឬ Covid-19 ដោយ​ផ្នែក​លើ​ទិន្នន័យ​ដែល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​៦,៦​លាន​នាក់ កាលពី​ឆ្នាំ​២០១៩ ។

លោក​ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «​វឌ្ឍនៈភាព និង​ទិស​ដៅ​ការងារ​បន្ត​របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃ​ទី​០២ មីនា​ថា ទាក់ទង និង​ចំណូល​នៅ​ក្នុង​វិស័យ​ទេ​ចរណ៍ កាលពី​ឆ្នាំ​២០១៩ ទទួល​បាន​ពី​ទេសចរណ៍​អន្តរជាតិ​មាន​ប្រមាណ​ជាង​៥.០០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ទេសចរណ៍​ក្នុងស្រុក មាន​ប្រមាណ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ ។

លោក​រដ្ឋលេខាធិការ​បន្ត​ថា «​តាម​ការ​សិក្សា​អំពី​ផល​ប៉ះពាល់​ដែល​បង្ក​ដោយ Covid-19 យើង​បាន​និង​កំពុង​សិក្សា​រឿង​នេះ​យ៉ាង​លម្អិត​ពិសេស​ធ្វើការ​ជាមួយ​ផ្នែក​ក្រសួង​ពាក់ព័ន្ធ ។ យើង​មានការ​ថមថយ​នៃ​ភ្ញៀវ​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស នៅ​ពីរ​ខែ​ដើម ឆ្នាំ​២០២០​នេះ មាន​ប្រមាណ​១៥%​។ តែបើ​សិន សេនា​រី​យោ ដែល​បាន​បញ្ជាក់​ថា នៅ​ដើមឆ្នាំ​២០២០​នេះ មាន​ស្ថានភាព​ប្រសើរ​ឡើង​ខ្លះមក​វិញ អីចឹង​សរុប​នៅ​ឆ្នាំ​២០២០ មាន​ក្នុង​រង្វង់​១០% ផល​ប៉ះពាល់​នេះ​ធ្វើ​ឱ្យ​បាត់​ចំណូល​ដែល​យើង​ធ្លាប់​ទទួល​បាន​ដូច​ឆ្នាំ​២០១៩ ពី​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​» ។

លោក​ទិ​ត ច​ន្ថា មាន​ប្រសាសន៍​ថា « កាលពី​ជំងឺសារ​នៅ​ឆ្នាំ​២០០២ ឬ​២០០៣​យើង​ក៏​ថយ​១០% តែ​កាលនោះ​ទេសចរណ៍​អន្តរជាតិ ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ឆ្នាំ​២០០៣ មាន​ប្រមាណ​៧០​ម៉ឺន​នាក់ តែ​មក​ដល់​ឆ្នាំ​២០១៩​នេះ មាន​៦,៦​លាន​នាក់ ។

ទន្ទឹម​នឹង​ការ​ព្យាករណ៍​ថា​កម្ពុជា​ប្រឈម​ការ​បាត់​ចំណូល​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២០​នេះ បើ​តាម​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ គឺ​ក្រសួង​បាន​ដាក់​ចេញ​ឬ​មាន​វិធា​នា​ការ​ធំ​ៗ​ចំនួន​៤​ដើម្បី​ឆ្លើយ​តប​នឹង​ដោះស្រាយ​ចំពោះ​មុខ​ដែល​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ឬ​Covid 19​នេះ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​៦,៦​លាន​នាក់ ហើយ​មាន​កំណើន​បន្ថែម​ប្រមាណ​៦,៦% ។ នៅ​ក្នុង​អត្រា​នេះ​បានឃើញ​ថា វិស័យ​ទេ​ចរណ៍​បាន​ចូលរួម​វិភាគទាន​យ៉ាង​ខ្លាំង​ដល់​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា តាម​រយៈ​កំណើន​វិស័យ​ទេសចរណ៍​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា ក្នុង​នោះ​វិស័យ​ទេសចរណ៍​បាន​រួមចំណែក​ប្រមាណ​ជាង​១៣%​នៃ​ផលិតផល​សរុក​ក្នុងស្រុក (​ផ​.​ស​.​ស )​របស់​កម្ពុជា ហើយ​រួម​បាន​បង្កើត​ការងារ​៦៣​ម៉ឺន​កន្លែង ដោយ​ផ្ទាល់ និង​រាប់​ម៉ឺន​កន្លែង​ផ្សេង​ទៀត​ដោយ​ប្រយោល​នៅ​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ