ពលរដ្ឋ​២​ឃុំ​លើកគ្នា​​តវ៉ា​​មុខ​មន្ទីរ​បរិស្ថាន​ខេត្ត ​ក្រោយ​​ឃាត់ខ្លួន​ប្រុសស្រី​២​នាក់


ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​ជាង​៧០​នាក់ នៅ​ឃុំ​សេ​ដា និង​ឃុំ​កា​លែង ស្រុក​លំ​ផាត់ ខេត្តរតនគិរី បាន​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​មុខ​មន្ទីរ​បរិស្ថាន​ខេត្ត បន្ទាប់​ពី​មន្ត្រី​បរិស្ថាន បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​កាប់​រាន​ដី​ព្រៃ​បរិស្ថាន ដែល​ជា​ដែន​កំណត់​ដោយ​ព្រះរាជក្រឹត្យ​។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ នា​មុខ​មន្ទីរ​បរិស្ថាន ខេត្តរតនគិរី​ប្រមាណ​ជា​ជាង​៧០​នាក់ មក​ពី​ឃុំ​សេ​ដា និង​ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី គឺ​មក​ទាមទារ​ឲ្យ​មន្ត្រី​បរិស្ថាន​ដោះ​លែង​សាច់ញាតិ​របស់​ពួក​គាត់​ចំនួន​២​នាក់ ដែល​មន្ត្រី​បរិស្ថាន​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៧ ខែ​កម្ភៈ ឆ្នាំ​២០២០​។

ជន​ដែល​ត្រូវ​គេ​ចាប់ខ្លួន​ទាំង​២​នាក់​ខាងលើ​នេះ ក្នុង​នោះ​ម្នាក់​ឈ្មោះ អ៊ុ ធា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​សា​មុត​ក្រោម ឃុំ​សេ​ដា ស្រុក​លំ​ផាត់ និង​ម្នាក់​ទៀត​ឈ្មោះ បិ​ន ឈាង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កា​ឡែ​ង ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

តាម​ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​សុខចិត្ត​ទេ ខណៈ​មន្ត្រី​បរិស្ថាន​ចំនួន​១២​នាក់​មក​ចាំ​ស្ទាក់​ចាប់​ពួក​គាត់​នៅ​តាម​ផ្លូវ​ហើយ​កមក​ខេត្ត ដោយ​ចោទប្រកាន់​ថា កាប់​រាន​ដី​ព្រៃ​បរិស្ថាន​យក​ធ្វើ​កម្មសិទ្ធិ ដោយ​ដៃទទេ មិន​មាន​ដីកា​ពី​តុលាការ​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ការ​កាប់​រាន​ដី​ព្រៃ​នេះ មិនមែន​កាប់​រាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​អ្នកកា​ប់រាន​ដី​ព្រៃ​ជា​ច្រើន​នាក់​ទៀត តែ​ហេតុ​អ្វី​បានជា​គេ​ចាប់​ពួក​គាត់​តែ​ពីរ​នាក់​។

ពាក់ព័ន្ធ​នឹង​ករណី​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​ខាងលើ​នេះ មិន​អាច​សុំ​បំភ្លឺ​ពី​លោក ផុ​ន ខេ​ម​រិ​ន្ទ្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ទេ ដោយ​មានការ​គេចវេស​។

លោក ម៉ឹង ស៊ី​នាថ អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ថា ប្រជាពលរដ្ឋ​លើកគ្នា​ជា​ច្រើន​នាក់​មក​តវ៉ា​នៅ​មុខ​មន្ទីរ​បរិស្ថាន លោក​អភិបាលរង​ខេត្ត​បាន​ចុះ​ទៅ​សម្របសម្រួល អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៩​នាក់ ចូល​ជួប​ប្រជុំ​ពិភាក្សា​នៅ​សាលាខេត្ត​រក​ដំណោះស្រាយ​ដែរ តែ​លទ្ធផល​អត់​ដឹង​នោះ​ទេ​។ ការ​ប្រជុំ​សម្របសម្រួល រក​ដំណោះស្រាយ​នេះ មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ សមត្ថកិច្ច ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។

លោក​ព្រះរាជអាជ្ញា​ក៏​បាន​ធ្វើការ​បកស្រាយ​ពន្យល់​ណែនាំ​ថា ការ​ឃាត់ខ្លួន​នេះ គ្រាន់តែ​ជា​ជនសង្ស័យ មិន​ទាន់​ដាក់​ជា​កំហុស​អ្វី​ទេ​។ លោក ម៉ឹង ស៊ី​នាថ បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បាន​ស្ដាប់​ការ​ពន្យល់​ណែនាំ អំពី​នីតិវិធី​ច្បាប់​រួច​មក ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​តំណាង​ទាំង​៩​នាក់ ក៏​បាន​ទទួលស្គាល់​នូវ​កំហុស​របស់​ពួក​គាត់ ដែល​បាន​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​ក្នុង​ដែន​បរិស្ថាន​។ ហើយ​លោក​អភិបាលរង​ខេត្ត​ក៏​បាន​សម្របសម្រួល​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​រៀង​ៗ​ខ្លួន​វិញ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​សាធារណៈ និង ការពារ​បាន​នូវ​ទ្រព្យសម្បត្តិ​របស់​បងប្អូន ដែល​មក​ដេក​ត្រាំត្រែង​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ គឺ​ខាតបង់​ផលប្រយោជន៍​របស់​ខ្លួន​។

ជាមួយ​គ្នា​នេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​យល់ព្រម ដោយ​មានការ​ធានា​អះអាង​ពី​លោក​អភិបាលរង​ខេត្ត ដែល​ជា​ប្រធាន​អង្គប្រជុំ​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​តុលាការ ដើម្បី​ព​ន្លឿ​ន​កិច្ចការ​នេះ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព ហើយ​តំណាង​ប្រជាពលរដ្ឋ​ទាំង​៩​នាក់ ក៏​បាន​យល់ព្រម ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុកភូមិ​របស់​ពួក​គាត់​វិញ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ