ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​ពាម​រក៍​ដឹកនាំ​មន្ត្រី ចុះ​សំអាត​​ជើងទេរ​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ នេះ លោកស្រី សេង…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ នេះ លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ និង​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ពាមរ​ក៌ ចុះ​ធ្វើ​អនាម័យ​បោសសំអាត​សំរាម នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ផ្លូវ​ឡើង​ស្ពាន​ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ដងផ្លូវ​។

លោកស្រី សេង ទៀង បាន​មាន​ប្រសាសន៍​ថា ផ្លូវជាតិ​លេខ​១ គិត​ចាប់ពី​រង្វង់​មូល​ត្រីកោណ រហូត​​ដល់​គល់​ស្ពាន​ត្សឹ​បា​សា លោកស្រី​តែងតែ​ដឹកនាំ​អាជ្ញាធរ និង​សិស្សានុសិស្ស​ចុះ​មក​ធ្វើការ​បោសសំអាត​ជា​ញឹកញាប់ ប៉ុន្តែ​សំរាម​នៅ​តែ​កើត​មាន​ដដែល​ជា​ដដែល ដោយសារ​តែ​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្លះ លួច​នាំ​គ្នា​យក​សំរាម​ពី​ផ្ទះ​របស់​ខ្លួន​មក​ចាក់ចោល​នៅ​តាម​ជើងទេ​ផ្លូវ​នេះ ហើយ​បងប្អូន​អាជីវករ​រកស៊ី​លក់ដូរ​តាម​ចិញ្ចើមថ្នល់ នៅ​ក្បែ​ៗ​នេះ​ក៏​ដូច​គ្នា​ដែរ អ្នកខ្លះ​យក​ទាំង​លាមក​ច្រក​ថង់​មក​ចោល​តាម​ជើងទេរ​ផ្លូវ​នេះ​ក៏​មាន​។

ក្នុង​ពេល​ចុះ​ធ្វើ​អនាម័យ​នោះ លោកស្រី​អភិបាលស្រុក បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​អ្នកស្រុក ទាំង​អាជីវករ ដែល​រកស៊ី​លក់ដូរ​នៅ​ក្បែ​ៗ​នោះ រួម​ទាំង​អ្នកដំណើរ​ផង សូម​មេត្តា​ឈប់​យក​ជើងទេរ​ផ្លូវជាតិ​លេខ​១​នេះ ធ្វើ​ជា​ធុងសំរាម​ទៀត​ទៅ ព្រោះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើ​ឱ្យ​ខូច​មុខមាត់​ស្រុក​យើង​ថែម​ទៀត​ផង ព្រោះ​ផ្លូវ​នេះ មាន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ចេញចូល​ឆ្លងកាត់​ច្រើន​ណាស់​។

ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពាមរ​ក៌ ជា​ពិសេស​អ្នក​នៅ​ទីប្រជុំជន​អ្នក​លឿង បាន​សំដែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ស្រុក លើ​ផ្នែក​អនាម័យ និង​បរិស្ថាន​នេះ ហើយ​ក៏​ផ្តាំផ្ញើ​ដល់​ពលរដ្ឋ​មួយ​ចំនួន​តូច ដែល​បាន​យក​សំរាម​មក​ចោល​នៅ​តាម​ផ្លូវ​នេះ សូម​កែ​ទម្លាប់​អាក្រក់​នេះ​ចោល​ទៅ ដើម្បី​បរិស្ថាន​យើង​ស្រស់​ស្អាត និង​គួរ​ឱ្យ​ចង់​រស់នៅ​ទាំង​អស់​គ្នា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ