ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុហក​ប្អូនថ្លៃ​នឹង​ប្រពន្ធ​ថា​គេ​ដាក់​ថ្នាំ​យក​ម៉ូតូ ធ្លាយរឿងពិតត្រឹមអធិការ​ខណ្ឌដង្កោ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ងប់ងុល​នឹង​ល្បែងស៊ីសង​រហូត​ចាញ់​អស់​លុយ​ពី​ខ្លួន ហើយ​ក៏​បែកគំនិត​ធ្វើ​សកម្មភាព​ឆបោក​ប្អូនថ្លៃ​ខ្លួនឯង​យក​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​ទៅ​បញ្ចាំ​បាន​ប្រាក់​ជិត​១​ពាន់​ដុល្លារ​រួច​សង​ថ្លៃ​ចាញ់ល្បែង​គេ​។ បន្ទាប់​មក បុរស​ម្នាក់​ខាងលើ​បាន​កុហក​ប្រាប់​ប្អូនថ្លៃ​និង​ប្រពន្ធ ព្រមទាំង​ដាក់​ពាក្យបណ្ដឹង​កុហក​ទាំង​នគរបាល​ថែម​ទៀត​ថា ខ្លួន​បាន​រង​គ្រោះ ព្រោះ​ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ​ទៅ​វិញ ធ្វើ​ឱ្យ​ប្អូនថ្លៃ​រួម​ទាំង​ប្រពន្ធ​អាច​ជឿ​ខ្លះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ងប់ងុល​នឹង​ល្បែងស៊ីសង​រហូត​ចាញ់​អស់​លុយ​ពី​ខ្លួន ហើយ​ក៏​បែកគំនិត​ធ្វើ​សកម្មភាព​ឆបោក​ប្អូនថ្លៃ​ខ្លួនឯង​យក​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​ទៅ​បញ្ចាំ​បាន​ប្រាក់​ជិត​១​ពាន់​ដុល្លារ​រួច​សង​ថ្លៃ​ចាញ់ល្បែង​គេ​។

បន្ទាប់​មក បុរស​ម្នាក់​ខាងលើ​បាន​កុហក​ប្រាប់​ប្អូនថ្លៃ​និង​ប្រពន្ធ ព្រមទាំង​ដាក់​ពាក្យបណ្ដឹង​កុហក​ទាំង​នគរបាល​ថែម​ទៀត​ថា ខ្លួន​បាន​រង​គ្រោះ ព្រោះ​ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ​ទៅ​វិញ ធ្វើ​ឱ្យ​ប្អូនថ្លៃ​រួម​ទាំង​ប្រពន្ធ​អាច​ជឿ​ខ្លះ ប៉ុន្តែ​ចំណែក​នគរបាល​វិញ​អត់​ជឿ​សូ​ម្បី​តែ​បន្តិច ។ ភ្លាម​ៗ​នោះ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​បើក​ការ​ស្រាវជ្រាវ​រហូត​ដឹង​ការ​ពិត​ភ្លាម​ៗ​ផង​ដែរ ។ ខណៈ​រឿង​ពិត​ត្រូវ​លាតត្រដាង​បែប​នេះ ស្រាប់តែ​បុរស​នោះ​លត់ជង្គង់​សំពះសុំ​ទោស​នគរបាល​តែ​ម្ដង បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​ដកហូត​យក​ម៉ូតូ​ពី​កន្លែង​បញ្ចាំ​យក​ទៅ​ប្រគល់​ជូន​ម្ចាស់​វិញ​។

តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ធា រតនា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ក្នុងភូមិ​កំណប់ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ជន​នេះ​យក​ទៅ​បញ្ចាំ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១IC-៤២១៩ ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ត្រូវជា​ប្អូនថ្លៃ​របស់​ជនសង្ស័យ និង​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ជនសង្ស័យ​ខាងលើ​នេះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ជើងឯក​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ខ្លួន ដោយ​បាន​រៀបចំ​បំប៉ោង​សភាពការណ៍​ថា ខ្លួន​រង​គ្រោះ​ដោយសារ​ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ យក​ទៅ​បាត់​នៅ​តាម​ផ្លូវ​បេតុង​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ក្រោយ​ពី​ទទួល​បណ្ដឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ នគរបាល​បាន​មិន​បាន​ជឿ​ឡើយ ហើយ​ភ្លាម​ៗ​នោះ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំង​បើក​ការ​ស្រាវជ្រាវ រហូត​ដឹង​ថា ជន​នេះ​ជា​មនុស្ស​ម្នាក់​ដែល​ងប់ងុល​នឹង​ល្បែងស៊ីសង​ខ្លាំង​ណាស់​រហូត​ចាញ់​អស់​លុយ​ពី​ខ្លួន ព្រមទាំង​ជំពាក់​លុយ​គេ​ថែម​ទៀត ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​មក​ដោយ​គ្មាន​លុយ​សង​ថ្លៃ​ចាញ់ល្បែង ជន​នេះ​ក៏​បែកគំនិត​ខ្ចី​ម៉ូតូ​ពី​ប្អូនថ្លៃ​របស់​ខ្លួន​ជិះ​យក​ទៅ​បញ្ចាំ​នៅ​ឯ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ​បាន​ប្រាក់​ចំនួន​៩០០​ដុល្លារ​រួច​យក​ទៅ​សង​គេ ក្រោយមក​ដោយ​ខ្លាច​ប្រពន្ធ​និង​ប្អូនថ្លៃ​រករឿង​ក៏​បាន​ប្រឌិត​រឿង​កុហក​ថា ខ្លួន​ត្រូវ​ចោរ​ដាក់​ថ្នាំ​យក​ម៉ូតូ​ទៅ​វិញ​។​លុះ​ពេល​រឿង​ពិត​ត្រូវ​បែកធ្លាយ ស្រាប់តែ​ជនសង្ស័យ​លត់ជង្គង់​សំពះសុំ​ទោស​លោក​អធិការ​នគរបាល​បាល​ខណ្ឌដង្កោ នូវ​រាល់​សកម្មភាព​ដែល​ខ្លួន​ហ៊ាន​កុហក និង​បំប៉ោង​សភាពការណ៍​បែប​នេះ ហើយ​នគរបាល​ក៏​បាន​នាំ​ទៅ​កាន់​កន្លែង​ទទួល​បញ្ចាំ​ដកហូត​យក​ម៉ូតូ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ រួច​ធ្វើការ​អប់រំ​និង​ឲ្យ​ជន​នោះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បំប៉ោង​សភាពការណ៍​បែប​នេះ​តទៅ​ទៀត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ