ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ចាត់វិធានការ​ណ៍​ក្តៅ​រឹត​បណ្តឹង​ក្រុម​រកស៊ី​ដី​គ្មាន​អាជ្ញា ប័ណ្ណ


រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ស​ងេ្ក​ត​ឃើញ​មាន​ក្រុម​មនុស្ស​មួយ​ចំនួន​បាន​តាំងខ្លួន​ជា​ភ្នាក់ងារ​អចលនទ្រព្យ ជា​ពិសេស​ទៅ​លើ​ការ​លក់​ដី​ឡូត៍ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​សម្រាប់​ផ្សព្វផ្សាយ​ពី​ការ​លក់​ដី​ឡូត៍​និង ផ្ទះ​មួយ​ចំនួន និង​មិន​មាន​អាជ្ញាប័ណ្ណ ត្រឹមត្រូវ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ ដើម្បី​ទប់ស្កាត់​នូវ​ភាព​មិន​ត្រឹមត្រូវ​បែប​នេះ ក្រសួង​បាន​ចាត់​វិធាន​បន្ទាន់​ដោយ​ចាត់វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ដែល​ធ្វើការ​ផ្សព្វផ្សាយ​លក់​គម្រោង​អភិវឌ្ឍន៍​អចលនវត្ថុ​ដែល​គ្មាន​អាជ្ញាប័ណ្ណ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា​អំពាវនាវ​ដល់​សាធារណជន ដែល​មាន​បំណង​ចង់​ទិញ​អចលនវត្ថុ ដូច​ជា​លំនៅ​ឋាន អគារ​សហកម្ម​សិទ្ធ និង​ដី​ឡូត៍ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​ពិនិត្យ​នូវ​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍ​លំនៅ​ឋាន អគារ​សហកម្មសិទ្ធិ ដី​ឡូត៍ ចេញ​ដោយ​ក្រសួង​សេ​ដ្ឋិ​ច្ច​និង​ហិរញ្ញវត្ថុ វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​ឯកសារ​បង់ពន្ធ​អចលនវត្ថុ​ជាដើម ។

លោក ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​អ្នកធ្វើការ​ក្នុង​វិស័យ​នេះ លោក​សូម​គាំទ្រ​ទាំងស្រុង​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ដែល​រឹត​បន្តឹង​ចំពោះ​បញ្ហា​នេះ ហើយ​ការ​រឹត​បន្តឹង​នេះ​ដែរ វា​ហាក់ដូចជា​យឺត​ពេល​បន្តិច​ហើយ​ផង​ដែរ ខណៈ​ពេល​កន្លង​ទៅ អ្នកលក់​គម្រោង​អចលនទ្រព្យ​មួយ​ចំនួន ជា​ពិសេស​ខាង​ដី​ឡូត៍ មិន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​នោះ​ឡើយ ។ ​លោក​បាន​បន្ត​ថា​ចំណាត់ការ​មួយ​នេះ ពិតប្រាកដ​ណាស់​វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​រកស៊ី ដីធ្លី​និង​អចលនទ្រព្យ​មិន​មាន​អាជ្ញាប័ណ្ណ ក៏​ប៉ុន្តែ​បើសិនជា​បណ្ដែតបណ្ដោយ​អោយ​សកម្មភាព​បែប​នេះ នៅ​តែ​បន្ត​ទៀត​នោះ ផល​ប៉ះពាល់​វា​កាន់តែ​ខ្លាំង​ថែម​ទៀត​នៅ​ពេល​អនាគត​ទៅ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ។

​លោក ឃាង ពុ​ទ្ធី បាន​បន្ត​ថា « ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាម​រយៈ​ការ​ទិញ​អចលនទ្រព្យ​បាន​ពិតប្រាកដ​និង​មិន​មាន​ហានិភ័យ​ចំពោះ​ការ​ចាញ់បោក​អ្នកលក់​អចលនទ្រព្យ​ខ្យល់ » ។ លោក​បាន​បញ្ជាក់​បន្ត​ទៀត​ថា ចំណាត់ការ​នេះ ក៏​នឹង​ជួយ​រក្សា​ស្ថេ​រ​ភាព​វិស័យ​អចលនទ្រព្យ​អោយ​នៅ​មាន​លំនឹង​ល្អ​ប្រសើរ​ដែរ ពីព្រោះថា​បើសិនជា​អ្នក​រកស៊ី​ទាំងអស់​បាន​ស្ថិត​នៅ​ក្រោម​ច្បាប់ទំលាប់​ដោយ​មានការ​គ្រប់គ្រង​ពី​ស្ថាប័ន​ណាមួយ​ត្រឹមត្រូវ ស្ថាប័ន​នោះ នឹង​ងាយ​គ្រប់គ្រង​ទៅ​លើ​អ្នក​រកស៊ី​ទាំងនោះ ។

លោក​បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ ២០២០​នេះ គេ​មិន​អាច​ប្រកែក​បាន​ពី​ហានិភ័យ​ចំពោះវិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ។ ក្នុង​ពេល​វីរុស​កូ​រ៉ូ​ណា​បាន​វាយលុក​លើ​ពិភពលោក ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា អាច​នឹង​កើត​មាន ជាក់ស្ដែង​រាជរដ្ឋាភិបាល​ក៏​បាន​ទំលាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​មក​នៅ​ត្រឹម​រង្វង់​៦​ភាគរយ​ដែរ ។

លោក ន​ង ពិសិដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ​បញ្ចាំ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​កាលពី​កន្លង​ទៅ​នេះ​ថា ក្រសួង​នឹង​ចាប់ផ្ដើម​រឹត​បន្តឹង​ផង​ដែរ ចំពោះ​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា ដោយសារ​តែ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ជាង​២០០​ក្រុមហ៊ុន​ទៅ​ហើយ ។

​លោក​បាន​បញ្ជាក់​ថា « កាលពីមុន​ដោយសារ​តែ​វិស័យ​អចលនទ្រព្យ វា​ទើប​ថ្មី​ៗ​ដូច្នេះ​ត្រូវការ​ធនធានមនុស្ស​និង​ត្រូវការ​ប្រមូល​ក្រុមហ៊ុន​ទាំងអស់ មក​អោយ​ស្ថិត​នៅ​ក្រោម​ច្បាប់ ដើម្បី​អោយ​ក្រសួង​ងាយ​គ្រប់គ្រង បើ​ទោះបីជា​ក្រុមហ៊ុន​ទាំងនោះ មិន​ទាន់​មាន​ជំនាញ​ច្បាស់លាស់ ក៏​ដោយ តែ​សម្រាប់​បច្ចុប្បន្ន​នេះ​វិញ ក្រសួង​ត្រូវការ​រឹត​បន្តឹង និង​ត្រួតពិនិត្យ ច្បាស់លាស់​មុន​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ជូន »៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ