ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ ២០២០​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​រំពឹង​ថា​ការ​ផ្ដល់​ឥណទាន​ទៅ​កាន់​ប្រជាពលរដ្ឋ​នឹង​មានការ​ថមថយ​ជាង​ឆ្នាំ ២០១៩ ខណៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ក៏​គ្រោង​នឹង​រឹត​បន្តឹងបន្ថែម​ទៅ​លើ​ការ​ផ្ដល់​ឥណទាន​នេះ​ដែរ ដោយសារ​តែ​កម្ពុជា និង​ពិភពលោក​ទាំងមូល​បាន​ជួប​នូវ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ ២០២០​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​រំពឹង​ថា​ការ​ផ្ដល់​ឥណទាន​ទៅ​កាន់​ប្រជាពលរដ្ឋ​នឹង​មានការ​ថមថយ​ជាង​ឆ្នាំ ២០១៩ ខណៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ក៏​គ្រោង​នឹង​រឹត​បន្តឹងបន្ថែម​ទៅ​លើ​ការ​ផ្ដល់​ឥណទាន​នេះ​ដែរ ដោយសារ​តែ​កម្ពុជា និង​ពិភពលោក​ទាំងមូល​បាន​ជួប​នូវ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា ។

​យោង​តាម​ប្រសាសន៍​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក គា បូរាណ បានអោយ​ដឹង​ថា​សម្រាប់​ឆ្នាំ ២០២០​នេះ ដូចដែល​មហាជន​បានដឹង​ហើយ​ថា​ពិភពលោក​កំពុងជួប​នូវ​បញ្ហា​ធំ​គឺ​ជំងឺ​បង្ក​ដោយ​ឡើង​វីរុស​កូ​រ៉ូ​ណា ក្នុង​នោះ​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​នេះ​ដែរ ជាក់ស្ដែង​ដូច​បានឃើញ​ស្រាប់ ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​មិន​មាន​ករណី ជំងឺ​នេះ​ក្ដី ក៏​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ពី​ការ​បិទ​រោងចក្រ​មួយ​ចំនួន​ធំ​នៅ​ប្រទេស​ចិន ដោយសារ​តែ​ការ​ផ្ទុះ​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​ថា COVID-19 ។ ​លោក​បាន​ថា « កម្ពុជា​បាន​ពឹងផ្អែក​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​កាត់​ដែរ ហើយ​នៅ​ពេល​ដែល​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​នេះ​មិន​មាន​វត្ថុធាតុដើម​ដើម្បី​ផលិត ពីព្រោះ​តែ​វត្ថុធាតុដើម​ប្រមាណ​៦០​ភាគរយ​យក​ពី​ប្រទេស​ចិន ធ្វើ​អោយ​បណ្ដា​រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា​ក៏​ប្រឈម​នឹង​ការ​បិទ​ឬ​ក៏​ផ្អាក​ដំណើរការ​មួយ​រយៈ​ដែរ » ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា «​ក្នុង​ដំណាក់កាល​នេះ មីក្រូហិរញ្ញវត្ថុ​ក៏​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ផ្ដល់​ឥណទាន​ទៅ​កាន់​អតិថិជន ព្រោះ​មិន​ចង់​ឲ្យ​អតិថិជន​ជាប់បំណុល​វ័ណ្ឌក​កាន់តែ​ច្រើន ដោយសារ​តែ​មិនដឹង​យក​ឥណទាន​ទៅ​ធ្វើ​អ្វី ។ កន្លង​មក​វិស័យ​មីក្រូហិរញ្ញវត្ថុ បាន​ផ្ដោត​ទៅ​លើ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម និង​វិស័យ​កសិកម្ម តែ​សម្រាប់​ការ​ផ្ដល់​កម្ចី​ទៅ​កាន់​កម្មករ​-​កម្មការិនី មិន​មាន​ច្រើន​ទេ គឺ​មាន​តាម​រយៈ​ការ​ផ្ដល់​ឥណទាន​ផ្ទាល់ខ្លួន​ដូច​ជា​ការ​ទិញ សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ជាដើម ។ តាម​រយៈ​ការ​រឹត​បន្តឹង​ទៅ​លើ​កម្ចី​បែប​នេះ ការ​ផ្ដល់​ឥណទាន​ទៅ​អតិថិជន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​រំពឹង​ថា​មិន​មាន​ច្រើន​ដូច​ឆ្នាំ ២០១៩​កន្លង​ទៅ​នោះ​ទេ​» ។

​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក គា បូរាណ បាន​បន្ត​ថា « យ៉ាងណា​ក្ដី​បើសិនជា​វិស័យ​សេដ្ឋកិច្ចជាតិ មានការ​ផ្លាស់​ប្តូរ វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ក៏​មានការ​ផ្លាស់​ប្តូរ​ដែរ ក្នុង​ន័យ​នេះ បើសិនជា​វិស័យសេដ្ឋកិច្ច​ដើរ​លឿន វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក៏​ដើរ​លឿន​ដូច​គ្នា​ដែរ » ។​លោក​បាន​បញ្ជាក់​ថា ក្នុង​ស្ថានភាព​បែប​នេះ ការ​ទំលាក់​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ចជាតិ មិនមែន​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ពោល​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដូច​ជា​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ទំលាក់​ការ​ព្យាករណ៍​នូវ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ដែរ ។

​យោង​តាម​របាយការណ៍​កន្លង​មក​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បានអោយ​ដឹង​ថា​វិស័​យ​ហិរញ្ញវត្ថុ បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ក្នុង​នោះ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម និង​កសិកម្ម​ក៏​មាន​តួនាទី​សំខាន់​ដែរ ។ ​គិត​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៩ ការ​ផ្ដល់​ឥណទាន​ទៅ​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មាន​ចំនួន ១២៨​ទ្រី​លាន​រៀល ទៅ​ដល់​ប្រជាពលរដ្ឋ​ចំនួន ជិត​៣​លាន​នាក់ ខណៈ​អ្នក​ចំនួន​ប្រាក់​បញ្ញើ​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៩​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ១១៨​ទ្រី​លាន​រៀល ក្នុង​នោះ​អ្នក​ដាក់​ប្រាក់​បញ្ញើ​មាន​ចំនួន​ជាង​៧​លាន​នាក់ ។

គួរ​បញ្ជាក់​ថា សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កាលពីដើម​ឆ្នាំ​ថា កម្ពុជា​បាន​ព្យាករ​ន៍​ថា កំណើនសេដ្ឋកិច្ច​អាច​នឹង​សម្រេច​៦,៥​ភាគរយ តែ​រហូត​មក​ដល់​ពេល​ប្រហែលជា​មិន​អាច​ទៅ​រួច​ទេ ដូច្នេះ​វា​អាច​ត្រឹម​រង្វង់​៦​ភាគរយ ដោយសារ​តែ​ឥទ្ធិពល​របស់​វីរុស​កូ​រ៉ូ​ណា ក៏​ដូច​ជា​បញ្ហា​នៃ​ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ ហៅ​កាត់​ថា EBA ។ យ៉ាងណាមិ​ញ​ការ​ទំលាក់​ការ​ព្យាករណ៍​នេះ មិនមែន​តែ​កម្ពុជា​នោះ​ទេ គឺ​ស្ទើរតែ​គ្រប់​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ