ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ដំណាក់កាល​ក្រសួង​ធ្វើ​ស៊ី​ក្រុម​រកស៊ី​ដី​គ្មាន​អាជ្ញាប័ណ្ណ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈ​កន្លង​ទៅ​នេះ​ក្រុម​តាំងខ្លួន​ជា​ភ្នាក់ងារ​អចលនទ្រព្យ ជា​ពិសេស​ទៅ​លើ​ការ​លក់​ដី​ឡូត៍​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​សម្រាប់​ផ្សព្វផ្សាយ​ពី​ការ​លក់​ដី​ឡូត៍ និង​ផ្ទះ​មួយ​ចំនួន និង​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ដើម្បី​ទប់ស្កាត់​នូវ​ភាព​អ​នា​ណា​ថា បែប​នេះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈ​កន្លង​ទៅ​នេះ​ក្រុម​តាំងខ្លួន​ជា​ភ្នាក់ងារ​អចលនទ្រព្យ ជា​ពិសេស​ទៅ​លើ​ការ​លក់​ដី​ឡូត៍​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​សម្រាប់​ផ្សព្វផ្សាយ​ពី​ការ​លក់​ដី​ឡូត៍ និង​ផ្ទះ​មួយ​ចំនួន និង​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ដើម្បី​ទប់ស្កាត់​នូវ​ភាព​អ​នា​ណា​ថា បែប​នេះ ក្រសួង​បាន​ចាត់​វិធាន​បន្ទាន់ ដោយ​ចាត់វិធានការ​តឹងរ៉ឹង ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ដែល​ធ្វើការ​ផ្សព្វផ្សាយ​លក់​គម្រោង​អភិវឌ្ឍន៍​អចលនវត្ថុ​ដែល​គ្មាន​អាជ្ញាប័ណ្ណ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន ដែល​មាន​បំណង​ចង់​ទិញ​អចលនវត្ថុ​ដូច​ជា លំនៅ​ឋាន អគារ​សហកម្ម​សិទ្ធ និង​ដី​ឡូត៍​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​ត្រូវ​ពិនិត្យ​នូវ​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍ​លំនៅ​ឋាន អគារ​សហកម្មសិទ្ធិ​ដី​ឡូត៍​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​ឯកសារ​បង់ពន្ធ​អចលនវត្ថុ​ជាដើម ។

លោក ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​អ្នកធ្វើការ​ក្នុង​វិស័យ​នេះ​លោក​សូម​គាំទ្រ​ទាំងស្រុង​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ដែល​រឹត​បន្តឹង​ចំពោះ​បញ្ហា​នេះ ហើយ​ការ​រឹត​បន្តឹង​នេះ​ដែរ​វា​ហាក់ដូចជា យឺត​ពេល​បន្តិច​ហើយ​ផង​ដែរ ខណៈ​ពេល​កន្លង​ទៅ​អ្នកលក់​គម្រោង​អចលនទ្រព្យ​ជា​ពិសេស​ដី​ឡូត៍​មិន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​នោះ​ឡើយ ។

លោក​បន្ត​ថា ចំណាត់​នេះ​វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​រកស៊ី​ដីធ្លី និង​អចលនទ្រព្យ​មិន​មាន​អាជ្ញាប័ណ្ណ ក៏​ប៉ុន្តែ បើសិនជា​បណ្ដែតបណ្ដោយ​អោយ​សកម្មភាព​បែប​នេះ​នៅ​តែ​បន្ត​ទៀត​នោះ​ផល​ប៉ះពាល់​វា​កាន់តែ​ខ្លាំង​ថែម​ទៀត នៅ​ពេល​អនាគត​ទៅ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ។ លោក​ថា ៖« ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាម​រយៈ​ការ​ទិញ​អចលនទ្រព្យ​បាន​ពិតប្រាកដ និង​មិន​មាន​ហានិភ័យ​ចំពោះ​ការ​ចាញ់បោក​អ្នកលក់​អចលនទ្រព្យ​ខ្យល់ » ។

លោក​បន្ត​ទៀត​ថា ចំណាត់ការ​នេះ​ក៏​នឹង​ជួយ​រក្សា​ស្ថេ​រ​ភាព​វិស័យ​អចលនទ្រព្យ​អោយ​នៅ​មាន​លំនឹង​ល្អ​ប្រសើរ​ដែរ​ពីព្រោះ​ថា បើសិនជា​អ្នក​រកស៊ី​ទាំងអស់​បាន​ស្ថិត​នៅ​ក្រោម​ច្បាប់ទំលាប់​ដោយ​មានការ​គ្រប់គ្រង​ពី​ស្ថាប័ន​ណាមួយ​ត្រឹមត្រូវ ស្ថាប័ន​នោះ​នឹង​ងាយ​គ្រប់គ្រង​ទៅ​លើ​អ្នក​រកស៊ី​ទាំងនោះ ។

លោក​បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២០​នេះ គេ​មិន​អាច​ប្រកែក​បាន​ពី​ហានិភ័យ​ចំពោះ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ។ ក្នុង​ពេល​វីរុស​កូ​រ៉ូ​ណា​បាន​វាយលុក​លើ​ពិភពលោក​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​កើត​មាន ជាក់ស្ដែង​រាជរដ្ឋាភិបាល​ក៏​បាន​ទំលាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​មក​នៅ​ត្រឹម​រង្វង់​៦​ភាគរយ​ដែរ ។

លោក ន​ង ពិសិដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ​បញ្ចាំ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​កាលពី​កន្លង​ទៅ​នេះ​ថា ក្រសួង​នឹង​ចាប់ផ្ដើម​រឹត​បន្តឹង​ផង​ដែរ ចំពោះ​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា ដោយសារ​តែ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ជាង​២០០​ក្រុមហ៊ុន​ទៅ​ហើយ ។ លោក​ថា​៖« កាលពីមុន​ដោយសារ​តែ​វិស័យ​អចលនទ្រព្យ វា​ទើប​ថ្មី​ៗ​ដូច្នេះ​ត្រូវការ​ធនធានមនុស្ស​និង​ត្រូវការ​ប្រមូល​ក្រុមហ៊ុន​ទាំងអស់ មក​អោយ​ស្ថិត​នៅ​ក្រោម​ច្បាប់ ដើម្បី​អោយ​ក្រសួង​ងាយ​គ្រប់គ្រង បើ​ទោះបីជា​ក្រុមហ៊ុន​ទាំងនោះ​មិន​ទាន់​មាន​ជំនាញ​ច្បាស់លាស់​ក៏​ដោយ តែ​សម្រាប់​បច្ចុប្បន្ន​នេះ​វិញ​ក្រសួង​ត្រូវការ​រឹត​បន្តឹង និង​ត្រួតពិនិត្យ ច្បាស់លាស់​មុន​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ជូន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ