ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​ទប់​ស្កាត់ជំងឺ​​ថ្លើម​ឱ្យ​ចៀស​ផុត​បញ្ហា​ធ្ងន់ធ្ងរ

4 ឆ្នាំ មុន

ថ្លើម គឺជា​ប្រព័ន្ធ​មុខងារ​ដ៏​សំខាន់​មួយ​នៃ​រាង​កាយ ហើយ​វា​មាន​តួនាទី​ចម្បង​ក្នុង​ការ​កម្ចាត់​ជាតិ​ពុល និង​សារធាតុ​គីមី​គ្រោះថ្នាក់​ផ្សេង​ៗ​ចេញពី​រាង​កាយ ក៏​ដូច​ជា​សរីរាង្គ​ដទៃ​ទៀត​។​ដូច្នេះ​ការ​រក្សា​ឱ្យ​បាន​នូវ​សុខភាព​ថ្លើម​ល្អ​ប្រសើរ គឺ​ចាំបាច់​ណាស់​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ទប់ស្កាត់​បញ្ហា​ថ្លើម​ធ្ងន់ធ្ងរ​ផ្សេង​ៗ ៖…

ថ្លើម គឺជា​ប្រព័ន្ធ​មុខងារ​ដ៏​សំខាន់​មួយ​នៃ​រាង​កាយ ហើយ​វា​មាន​តួនាទី​ចម្បង​ក្នុង​ការ​កម្ចាត់​ជាតិ​ពុល និង​សារធាតុ​គីមី​គ្រោះថ្នាក់​ផ្សេង​ៗ​ចេញពី​រាង​កាយ ក៏​ដូច​ជា​សរីរាង្គ​ដទៃ​ទៀត​។​ដូច្នេះ​ការ​រក្សា​ឱ្យ​បាន​នូវ​សុខភាព​ថ្លើម​ល្អ​ប្រសើរ គឺ​ចាំបាច់​ណាស់​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ទប់ស្កាត់​បញ្ហា​ថ្លើម​ធ្ងន់ធ្ងរ​ផ្សេង​ៗ ៖

១. លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ញឹកញាប់ ៖ មួយ​ក្នុង​ចំណោម​គន្លឹះ​ដ៏​ងាយ ហើយ​សាមញ្ញ​បំផុត​មួយ​ដើម្បី​ថែរក្សា​សុខភាព​ថ្លើម គឺ​ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​និង​ទឹក​ឱ្យ​បាន​ញឹកញាប់​។ អ្នក​ក៏​អាច​លាង​សម្អាត​ដៃ​ជាមួយ​ទឹក​លាងដៃ​សម្លាប់​មេរោគ​ដែល​មាន​ផ្ទុក​ជាតិ​អាល់កុល​បាន​ផង​ដែរ។

២. ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ៖ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាច​ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយបារម្ភ​យ៉ាងណា​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​ថ្លើម​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ប្រសិនបើ​មិន​អាច​ផ្ដាច់​បាន ចូរ​ទទួល​ទាន​ក្នុង​កម្រិត​មធ្យម​ដោយ​មិន​គួរ​លើស​ពី ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស​និង​ច្រើន​ជាង ១ កែវ ដែរ​សម្រាប់​នារី​។

៣. រក្សា​ទម្ងន់​ឱ្យ​បាន​ត្រឹមត្រូវ ៖ ការ​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​មិន​ត្រឹមតែ​ជះ​ឥទ្ធិពល​លើ​សុខភាព​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចំពោះ​ថ្លើម​ដែរ​។ ភាពធាត់​ជ្រុល​បង្កើន​បរិមាណ​ខ្លាញ់​ច្រើន​លើស​ក្នុង​ថ្លើម​ដែល​អាច​បង្ក​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បាន​យ៉ាង​ងាយ​។

៤. ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ ៖ លំ​ហាត់ប្រាណ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​រាង​កាយ​ទាំងមូល​ល្អ​ប្រសើរ​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ផ្ដល់​អត្ថប្រយោជន៍​គួរ​ឱ្យ​កត់សម្គាល់​ដល់​សុខភាព​ថ្លើម​ទប់ស្កាត់​ការ​ខូចខាត​ដោយសារ​ភាពធាត់​ជ្រុល​។ អ្នក​ដែល​មាន​បញ្ហា​ឡើង​ខ្លាញ់​ច្រើន​ក្នុង​ថ្លើម​ក៏​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ដើម្បី​ទប់ស្កាត់​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។

៥. ទទួលទាន​អាហារ​មាន​សុខភាព​ល្អ ៖ របប​អាហារ​សុខភាព​ល្អ​គួរ​មាន​ផ្ទុក​បរិមាណ​នៃ​ជាតិ​ស​សៃ ប្រូតេអ៊ីន​គុណភាព​ខ្ពស់​និង​ជាតិ​ខ្លាញ់​ល្អ​គ្រប់គ្រាន់​។ ការ​ទទួលទាន​អាហារ​សុខភាព​ល្អ​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួម​ទាំង​សុខភាព​រាង​កាយ​ទាំងមូល​ផង​ដែរ​។ ដើម្បី​ជា​ការ​ប្រសើរ​អ្នក​ក៏​គួរ​កម្រិត​ការ​ទទួលទាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​និង​ចៀសវាង​អាហារ​កែ​ច្នៃ​សម្បូរ​សារធាតុ​គីមី​ផង​ដែរ​។

៦. មិន​ទប់​នោម​យូរ ៖ នៅ​ពេល​អ្នកមាន​អារម្មណ៍​ឈឺ​នោម ចូរ​ប្រញាប់​ទៅ​នោម​ភ្លាម កុំ​ព្យាយាម​ទប់ ក៏​ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម​និង​តម្រងនោម​បាន​។ ជា​ពិសេស​ចំពោះ​ការ​ឈឺ​នោម​នៅ​ពេល​ព្រឹក គឺ​អ្នក​មិន​គួរ​ទប់​ឡើយ​។

៧. គេង​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ការ​គេង​មិន​គ្រប់​មិន​ត្រឹមតែ​ធ្វើ​អោយ​អ្នក​បាក់​សម្រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះ​ឥទ្ធិពល​ខ្លាំងក្លា​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​ថ្លើម​។ ក្រៅពី​បង្ក​ភាព​ស្ត្រេ​ស​លើ​ថ្លើម​ហើយ​នោះ ការ​គេង​មិន​គ្រប់​ក៏​អាច​បង្ក​ជា​ជំងឺ​ធាត់​ជ្រុល​ដែល​ផ្សារ​ភ្ជាប់​នឹង​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ផង​ដែរ​។

៨. ឈប់​ជក់បារី ៖ ការ​ជក់បារី​ជា​ប្រចាំ​អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ថ្លើម ក៏​ដូច​ជា​សមត្ថភាព​ក្នុង​ការ​បំពេញ​មុខងារ​។ ការ​ជក់បារី​ផលិត​នូវ​សារ​ធាតុគីមី​គ្រោះថ្នាក់​ដែល​បំផ្លាញ​កោសិកា​ថ្លើម និង​ពន្យឺត​ដំណើរការ​នៃ​មុខងារ​របស់​ថ្លើម​ដែល​ធ្វើ​ឲ្យ​ថ្លើម​ប្រែជា​គ្មាន​ប្រយោជន៍ ហើយ​បណ្ដាល​ឲ្យ​ខ្សោយ​ថ្លើម​។ ដូច្នេះ​ចូរ​ព្យាយាម​បញ្ឈប់ ឬ​កែប្រែ​ទម្លាប់​នៃ​ការ​ជក់បារី​របស់​អ្នក ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ