រាជធានីភ្នំពេញ ៖ បុគ្គលិកសារព័ត៌មានម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួន និងដកហូតបានគ្រឿងញៀនប្រមាណជាង២ខាំ បន្ទាប់ពីជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស GS ៣០០ អត់ពន្ធ ពាក់ស្លាកលេខ ដែលជាស្លាកលេខរបស់រថយន្តម៉ាកព្រូសមួយគ្រឿង បានបាត់កាលពីកំឡុងខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានម្ចាស់ប្រទះឃើញ ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវណតប្រ៊ីដ ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ត្រូវបាននគរបាលអោយដឹងថា ឈ្មោះ វ៉ាត់ ចិត្រា ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកយកព័ត៌មាន អោយគេហទំហ័រ SLP news ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យធ្វើតេស្តរកឃើញមានផ្ទុកសារធាតុញៀនផងដែរ ។ ចំណែកជនរងគ្រោះដែលជាម្ចាស់រថយន្តម៉ាកព្រូសដែលបានបាត់ មានអាយុ២៦ឆ្នាំ ជាក្រុមបុគ្គលិកក្រុមហ៊ុន ។
តាមនគរបាលអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ ពាក់ព័ន្ធនឹងករណីលួចរថយន្ត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
តាមប្រភពព័ត៌មានអោយដឹងថា កាលពីថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០១៩ បន្ទាប់ពីជនរងគ្រោះភ្ញាក់ពីដេក ស្រាប់តែបាត់រថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ។ បន្ទាប់ពីបាត់ ម្ចាស់ក៏បានទៅដាក់ពាក្យបណ្តឹងផងដែរ ។ លុះនៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ម្ចាស់រថយន្តក៏បានប្រទះឃើញរថយន្តម៉ាកឡិចស៊ីស GS ៣០០ មួយគ្រឿង ពាក់ស្លាកលេខ ដែលជាស្លាកលេខរថយន្តរបស់ខ្លួនបានបាត់ កំពុងធ្វើចរាចរតាមបណ្តោយផ្លូវណតប្រ៊ីដខាងត្បូងស្ពានអាកាសផ្សារដីហុយ ក៏ប្តឹងនគរបាលអោយជួយអន្តរាគមន៍ ។ ភ្លាមៗនោះជនម្នាក់បានដឹងខ្លួនទាន់រត់គេចបាត់ នៅសល់តែជនសង្ស័យម្នាក់ដែលកាន់កាតសារព័ត៌មានក៏ត្រូវបាននគរបាលឃាត់ខ្លួន យកទៅធ្វើការសាកសួរតែម្តង ។
តាមប្រភពព័ត៌មានអោយដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួចហើយ សមត្ថកិច្ចខណ្ឌសែនសុខក៏បានធ្វើការឆែកឆេររថយន្ត ស្រាប់តែរកឃើញមានគ្រឿងញៀនប្រភេទក្រាមថ្លាប្រមាណ២ខាំ, ម្សៅគ្រាប់ ពណ៌ខៀវចំនួន៧គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, វិក្កយបត្រវេរលុយវីង ចំនួនចំនួន៦សន្លឹក មានទឹកប្រាក់២០០០ដុល្លារ និងលុយ១៤ម៉ឺនរៀល ដែលបានវេរចេញ ព្រមទាំងមានប័ណ្ណសំគាល់ខ្លួនជាអ្នកសារព័ត៌មាន និងលិខិតបេសកម្ម ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើរួចមក នគរបាលក៏បានធ្វើតេស្ត មានផ្ទុកសារធាតុញៀនផងដែរ។
តាមប្រភពព័ត៌មានអោយដឹងទៀតថា រថយន្តម៉ាកឡិចស៊ីសមួយគ្រឿងខាងលើនោះ អត់ពន្ធ តាមការអះអាងថា ស្លាកលេខរថយន្តខាងលើនេះ ជនសង្ស័យបានទិញយកមកបំពាក់ ។ ចំណែកគ្រឿងញៀន ជនសង្ស័យបានបដិសេធថា មិនមែនរបស់ខ្លួននោះទេ ។ ទោះបីជាយ៉ាងណា នគរបាលពុំបានផ្តល់ព័ត៌មានលំអិតឡើយដោយកំពុងតែធ្វើការស្រាវរករថយន្តរបស់ជនរងគ្រោះ និងបក្ខពួកដែលពាក់ព័ន្ធជួញដូរគ្រឿងញៀន ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ