ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​នៃ​កម្ពុជា ៖ លើកកម្ពស់​ការ​យល់​ដឹង​ដល់​ប្រជាជន​អំពី​ការ​ប្រើ​ប្រាស់​​សេវា​ហិរញ្ញវត្ថុ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកោះកុង ៖ លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទី​១ ធនាគារជាតិ​នៃ​កម្ពុជា​ថ្លែង​ថា រាជរដ្ឋាភិបាល​ក៏​ដូច​ធនាគារជាតិ​នៃ​កម្ពុជា ចង់​ឃើញ​ប្រជាជន​កម្ពុជា ជា​ពិសេស​អ្នក​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ទាំងអស់​ទទួលយក​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែល​មានគុណ​ភាព…

ខេត្តកោះកុង ៖ លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទី​១ ធនាគារជាតិ​នៃ​កម្ពុជា​ថ្លែង​ថា រាជរដ្ឋាភិបាល​ក៏​ដូច​ធនាគារជាតិ​នៃ​កម្ពុជា ចង់​ឃើញ​ប្រជាជន​កម្ពុជា ជា​ពិសេស​អ្នក​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ទាំងអស់​ទទួលយក​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែល​មានគុណ​ភាព និង​មាន​ការ​គ្រប់គ្រង​ពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ច្បាស់លាស់​។ ជាមួយ​នេះ​ដែរ ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​ត្រូវ​ងាក​មក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្នុង​ប្រព័ន្ធ​ដែល​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ធនាគារជាតិ​នៃ​កម្ពុជា​។

ការ​បញ្ជាក់​ដូចនេះ ត្រូវ​បាន​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ដែល​រៀបចំ​ធ្វើ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​ដែល​ជា​ខេត្ត​ភាគ​ខាងលិច​ជាប់​ព្រំដែន​ថៃ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ បន្ទាប់​ពី​ធ្វើ​នៅ​ខេត្ត​មណ្ឌល​គី​រី​សម្រាប់​ឆ្នាំ​២០២០​នេះ​។ ហើយ​សិក្ខាសាលា​នេះ ក៏​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុង​និង​ពី​ភាគី​ពាក់ព័ន្ធ​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។

អគ្គនាយករង​រូប​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា តាម​លទ្ធផល​ផ្លួ​វ​ការ​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ ទំហំ​ទ្រព្យសកម្ម​សរុប​មាន​ប្រមាណ ៣៤,៨ ទ្រី​លាន​រៀល (​ស្មើនឹង ៨,៥ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ក្នុង​នោះ​ប្រាក់​កម្ចី​សរុប​មាន​ប្រមាណ ២៩,៤ ទ្រី​លាន​រៀល (​ស្មើនឹង ៧,២ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ត្រូវ​បាន​ផ្តល់​ឲ្យ​អតិថិជន​ខ្ចី​ចំនួន​ជាង​២,១ លាន​នាក់​ក្នុង​ទូ​ទាំង​ប្រទេស ។

ចំពោះ​ប្រាក់​បញ្ញើ​ដែល​អតិថិជន​បាន​យក​មក​ដាក់​វិញ​មាន​ប្រមាណ ១៥,៤ ទ្រី​លាន​រៀល (​ស្មើ​នឹង​៣,៧ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​)​។ ចំពោះ​ការ​រីក​ចម្រើន​កន្លង​មកនេះ ត្រូវ​បាន​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ វាយតម្លៃ​ថា លទ្ធផល​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​។​ហើយ​សមិទ្ធផល​ដែល​សម្រេច​បាន​នេះ ក៏​អាស្រ័យ​ដោយ​មាន​ពី​ការ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រោម​ការ​ត្រួតពិនិត្យ​ផ្ទាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។

លោក​អគ្គនាយករង គិត សុ​វ​ណ្ណា​រិ​ទ្ធ បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ពេញវ័យ​នៅ​កម្ពុជា ដែល​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​មាន​ប្រមាណ​៥៩% ដែល​ក្នុង​នោះ ១៧% ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ ៤២% ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដូច​ជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​។

ប៉ុន្តែ​នៅ​ក្នុង​បញ្ហា​ទាំង​អស់នេះ​លោក​បាន​លើក​ឡើង​ថា ដោយសារ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត បូក​ផ្សំ​នឹង​កត្តា​ប្រាក់​ចំណូល និង​ទីកន្លែង​ស្នាក់​នៅ​ដាច់​ស្រយាល ប្រជាពលរដ្ឋ​ពេញវ័យ​ដែល​ពុំ​បាន​ទទួល​សេវា​ហិរញ្ញវត្ថុ ឬ​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅឡើយ​ដែល​មាន​រហូត ៤១% នេះ ជា​ក្ដី​កង្វល់​មួយ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​គិតគូរ​ដោះស្រាយ​តាម​រយៈ​ការ​អប់រំ​តាម​គ្រប់​រូបភាព​រួម​ទាំង​ការ​សិក្ខាសាលា​ដូច​ពេល​នេះ​ផង​ដែរ ។

ក្នុង​ប្រយោជន៍​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​យើង​គេច​ចាក​ផុត​ពី​បំណុល​វ័ណ្ឌករ​ពី​ការ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​។​ដូចនេះ​កិច្ចសហការ​ពី​គ្រប់​ផ្នែក​ពាក់​ព​ន្ធ័​របស់​ខេត្ត​នៅ​ក្នុង​សិក្ខាសាលា​ពេល​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​និង​ចាំបាច់​បំផុត​នៅ​ក្នុង​ការ​រួមចំណែក​ដល់​កិច្ចការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​រយៈពេល​វែង​ស្រប​តាម​យុ​ទ្ឌ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។

ជាមួយ​នេះ​ដែរ ក៏​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​ជា​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​គេច​ផុត​ពី​បំណុល​វ័ណ្ឌករ​។ ទន្ទឹម​នឹង​នេះ​ដែរ គប្បី​អប់រំ​ប្រជាជន​ឲ្យ​ចៀសវាង​ពី​ការ​ខ្ចីប្រាក់​ពី​មួយ​កន្លែង​យក​ទៅ​សង​មួយ​កន្លែង​ទៀត ដែល​អាច​ធ្វើ​ឲ្យ​ជាប់​បន្ទុក​បំណុល​កាន់តែ​ច្រើន​ឡើង​ៗ និង កុំ​ឲ្យ​ប្រជាជន​ឆាប់​ជឿ​លើ​ការ​ឃោសនា​បោកប្រាស់​របស់​ជនខិលខូច ដែល​ដើរ​បោកប្រាស់​ប្រមូលប្រាក់​បញ្ញើ​ដោយ​សន្យា​ថា ឲ្យ​ការ​ប្រាក់​ខ្ពស់ ដោយ​ពុំ​បាន​ពិចារណា​ចុង​ក្រោយ​អាច​នឹង​នាំ​បញ្ហា​មក​ខ្លួនឯង​នោះ​ជា​ដើម្បី​ផង​ដែរ​។

ទាក់ទង​បញ្ហា​នេះ លោកស្រី ស៊ិ​ន ចរិយា អភិបាលរង​ក្រុង​ខេមរភូមិន្ទ​បាន​ស្នើ​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ​ក៏​ដូច​ធនាគារឯកជន​ទាំងអស់​មុន​ផ្ដល់​ប្រាក់​កម្ចី​ដល់​អ្នក​ខ្ចី​ត្រូវ​យក​ឯកសារ​ស្នើ​មក​ពិនិត្យ​ឲ្យ​ច្បាស់លាស់​មុន​ផ្ដល់​ជូន​ដើម្បី​ចៀសវៀង​ការ​ជាន់​គ្នា ឬ​ប៉ះពាល់​លើ​ដី​រដ្ឋ​សម្រាប់​ក្បាលដី​ណា​ដែល​មិន​ទាន់​ចុះបញ្ជី​ពិសេស​លិខិត​ដែល​ស្នើ​សុំ​កាន់កាប់​អំឡុង​ឆ្នាំ​១៩៩៣​។

ជាមួយ​នេះ​ដែរ លោកស្រី​អភិបាលរង​ក៏​ស្នើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ​ក៏​ដូច​ធនាគារឯកជន​ដែល​មាន​ក្នុង​ក្រុង​គប្បី​ផ្ដល់​ភាព​ងាយស្រួល និង​ផ្ដល់​ឲ្យ​បាន​លឿន​អ្នក​ដល់​ស្នើ​សុំ​ប្រាក់​កម្ចី​ណា​ដែល​មាន​ឯកសារ​ត្រឹមត្រូវ​ដែល​មានការ​ទទួលស្គាល់​ជា​ផ្លូវច្បាប់​ពី​អាជ្ញាធរ​ថ្នាក់​សង្កាត់​និង​ក្រុង​៕ ដោយ​​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ