ខេត្តព្រះសីហនុ ៖ បន្ទាប់ពីសណ្ដាប់ធ្នាប់នៅប្រជុំផ្សារស្មាច់ដែង ក្នុងឃុំរាម ត្រូវបានរឹតបន្តឹងដោយចុះបញ្ជា រៀបចំផ្ទាល់ពីលោកសរ កក្កដា អភិបាលស្រុកព្រៃនប់ នៅផ្សារវាលរេញ ឃុំវាលរេញ ដែលជាប្រជុំជនផ្សារជាប់បណ្ដោយផ្លូវជាតិលេខ៤ ដូចគ្នានឹងផ្សារស្មាច់ដែង ក៏មិនត្រូវបានបន្ធូរដៃនោះឡើយ ដោយក្នុងនោះមានដាក់កម្លាំងប្រចាំការជាប់ពីសំណាក់សមត្ថកិច្ច និងកំលាំងប្រជាការពារ នៅចំណុចប្រជុំជននោះដែលសកម្មភាពនេះត្រូវបានរដ្ឋបាលស្រុកបង្កើបថា ចៀសវាងជំងឺរើឡើងវិញ នាំឲ្យមានភាពអនាធិបតេយ្យ ចត និងលក់ដូ ប្រើប្រាស់លើចំណីផ្លូវដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ការធ្វើចរាចរណ៍ឆ្លងចេញចូលទៅខេត្តព្រះសីហនុ ។
ជាមួយសកម្មភាពខាងលើនេះដែរ លោកសរ កក្កដា អភិបាលស្រុកព្រៃនប់ សំដែងការអរគុណដល់អ្នកបើកបររថយន្តតូចធំ និងអាជីវករលក់ដូរដែលបានសហការជាមួយរដ្ឋបាលស្រុកក្នុងការលក់ដូរតាមការណែនាំ និងអរគុណដល់កម្លាំងសមត្ថកិច្ច កម្លាំងប្រជាការពារ ដែលបានខិតខំយកចិត្តទុកដាក់ រៀបចំនៅក្នុងប្រជុំជនផ្សារវាលរេញក៏ដូចជាប្រជុំជនផ្សារស្មាច់ដែងដែលជាផ្សារជាប់ព្រលានយន្តហោះកងកេង ដែលគិតមកទល់ថ្ងៃនេះសង្កេតឃើញថាមានសណ្ដាប់ធ្នាប់ល្អ មិនមានការកកស្ទះចរាចរណ៍ លក់ដូរនិងចតមានរបៀបរៀបរយធ្វើឱ្យការចរាចរណ៍ចេញចូលខេត្តព្រះសីហនុប្រកបដោយភាពរលូន ។
លោកអភិបាលស្រុកបានបន្តថា ទាំងនេះគឺជាការចូលរួមចំណែកមួយយ៉ាងធំពីសំណាក់អ្នកបើកបររថយន្ត រ៉ឺម៉កម៉ូតូ អាជីវករលក់ដូរ ដែលបានសហការជាមួយរដ្ឋបាលស្រុកនិងមូលដ្ឋានដោយអនុវត្តតាមការណែនាំធ្វើឱ្យសណ្ដាប់ធ្នាប់នៅតាមប្រជុំជនទាំងពីរខាងលើ មានភាពល្អប្រសើរ។ ជាចុងក្រោយ លោកអភិបាលស្រុកនៅតែសង្ឃឹមថា ការសហការទាំងនេះនឹងបន្តមានជារៀងរហូតដើម្បីសណ្តាប់ធ្នាប់មុខមាត់ក្នុងខេត្តព្រះសីហនុយើង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ