ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្នុង​​ឆ្នាំ​២០១៩​ អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាពបានល្អប្រសើរ បទល្មើស​ថយ​ចុះ​ជាង​២០០​ករណី 

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ដោយ​រក្សា​បាន​នូវ​សុខ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ប្រសើរ ជូន​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ ដែល​បាន​ធ្វើ​អោយ​បទល្មើស​ថយ​ចុះ​ជាង​២០០​ករណី បង្ក​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឃួ​ង…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ដោយ​រក្សា​បាន​នូវ​សុខ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ប្រសើរ ជូន​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ ដែល​បាន​ធ្វើ​អោយ​បទល្មើស​ថយ​ចុះ​ជាង​២០០​ករណី បង្ក​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន​លោកប៉ា សុ​ជាតិ​វង្ស​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ផង​ដែរ​។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា នៅ​ភ្នំពេញ សម្រាប់​ឆ្នាំ​២០១៩​នេះ បទល្មើស ព្រហ្មទណ្ឌ​បាន​កើត​មាន​ឡើង​ចំនួន​៨៣៨/១០៤៦​លើក ថយ​ចុះ​២០៨​លើក​ស្មើនឹង​២០​ភាគរយ ក្នុង​នោះ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​ម្ចាស់​ការ​បង្ក្រាប​បទល្មើស​ទាំងនេះ សរុប​ចំនួន ៧៤៩​ករណី​ស្មើនឹង ៨៩,៣៧% នៃ​ចំនួន​បទល្មើស​រួម ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សញ្ញា​វិជ្ជមាន​នៃ​ការ​ថយ​ចុះ​នូវ​ចំនួន​បទល្មើស​ព្រហ្មទណ្ឌ​សុវត្ថិភាព​និង​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក​អភិបាល​រាជធានី​បន្ត​ថា ក្នុង​ឆ្នាំ​២០១៩​នេះ​ដែរ អាជ្ញាធរ​រាជធានី​បាន​រៀបចំ​ទទួល​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក​ដោយ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សប្បាយ​រីករាយ សុវត្ថិភាព​និង​អធិកអធម​យ៉ាង​ក្រៃ​លែង​ដោយ​មាន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចូលរួម​យ៉ាងច្រើន​កុះករ សរុប​ចំនួន​ប្រមាណ​៤,៩​លាន​នាក់ កើនឡើង​៦,៦​ភាគរយ ធៀប​ឆ្នាំ​២០១៨​កន្លង​ទៅ បើ​ទោះបី​មាន​ផល​ប៉ះពាល់​តិចតួច​ពី​កត្តានយោបាយ​និង​ការ​ប៉ុនប៉ង​អំពី​ក្រុម​ប្រធាន​ក្រៅច្បាប់​យ៉ាងណា​ក្តី ។

លោក​អភិបាល​រាជធានី​បន្ត​ថា ក្រៅពី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​២០២០-២០២៤ និង​គម្រោង​វិនិយោគ ៣​ឆ្នាំ​រំកិល ២០២០-២០២២ ក្នុង​នោះ​គម្រោង​សកម្មភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​២០៧ គម្រោង សកម្មភាព​របស់​រដ្ឋបាល ខណ្ឌ សង្កាត់ ចំនួន ៤០៩ គម្រោង និង​គម្រោង​សកម្មភាព​របស់​មន្ទីរ​អង្គភាព​ចំនួន​៨១​គម្រោង សរុប​មាន​ថវិកា​គាំទ្រ​ប្រមាណ​៩៨៥០០០០០០០០០​រៀល ។ បាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​កិច្ចសន្យាជួល​ទីតាំង​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​សរុប​ចំនួន​៣៣​ទីតាំង ដោយ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ឯកជន​ក្រៅពី​ទីតាំង​ទ្រព្យសម្បត្តិ​រដ្ឋ​ចំនួន ៤៤​ទីតាំង​និង​បាន​ចុះបញ្ជី​ទីតាំង​វិនិយោគ នៅ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​ភ្នំពេញ​សរុប​២៥​ទីតាំង​។ បាន​ធ្វើការ​ដោះស្រាយ​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ប្រឡាយ​និង​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​នៅ​នឹង​កន្លែង​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​និង​សហគមន៍​ស្ទឹង​មាន​ជ័យ​ប្រជាពលរដ្ឋ​ចំនួន ១៥៣​គ្រួសារ ដោយ ក្នុង​ដំណាក់កាល​ទី​១ បាន​ទទួល​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អ​ច​ន​វត្ថុ​រួច​ហើយ​និង​កំពុង​បន្ត​អនុវត្ត​ដំណាក់កាល​បន្ត​ទៀត​។

ដោយឡែក​ចំពោះ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប ជ្រោយចង្វារ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ភាគី​ក្រុមហ៊ុន ocic បាន​បន្ត​ចែក​ប័ណ្ណ​លើក​ទី​៥ ដែល​គិត​មក​ដល់​ពេល​នេះ​យើង​បាន​រួម​គ្នា​ដោះស្រាយ​ផល​ប៉ះពាល់​និង​រៀបចំ​ពិធី​ចែក​ប័ណ្ណ​ប្រគល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​២៩៥​ប័ណ្ណ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ​ខាង​មុខ​នេះ​។​បាន​បិទ​បញ្ចប់​ទាំងស្រុង​សំណុំរឿង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់​និង​សហគមន៍​បុរី​កីឡា និង​កំពុង​ឈាន​ទៅ​បន្ត​ដោះស្រាយ​បញ្ចប់ បញ្ហា​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ តំបន់​អភិវឌ្ឍន៍​បឹង​ទំពុន ជើង​ឯង តំបន់​អតីត​ផ្លូវដែក តំបន់​ស្ថានីយ​បូមទឹក​ទួល​គោក តំបន់​ស្ថានីយបូមទឹក​បឹង​ត្របែក​និង​ពិនិត្យ​ការ​រៀបចំ​តំបន់​មិន​រៀបរយ​មួយ​ចំនួន​ទៀត​។

លោក​អភិបាល​រាជធានី​បាន​បញ្ជាក់​បន្ថែម​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ​ក៏​បាន​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ តាម​ច្រក ចេញចូល​តែ​មួយ រាជធានី​ភ្នំពេញ​បាន​ចំនួន​២៣៩៥៩​សេវា ទទួល​បាន​ចំណូល​ថវិកា​ចំនួន ៤១៦៨០០០០០០​រៀល​និង​តាម​រយៈ​ការិយាល័យ​ច្រកចេញ ចូល​តែ​មួយ បាន​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៥៣១០៤​នាក់ ដោយ​ទទួល បាន​ចំណូល ថវិកា​៩២៧៩០០០០០០​។ បាន​ពង្រឹង សមត្ថភាព​ផ្ដល់​សេវា​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង ដោយ​បាន​រៀបចំ​កែសម្រួល​ផ្លូវ​រត់ ៣​ខ្សែ​រហូត​ដល់​១៣​ខ្សែ ដោយ​ប្រើប្រាស់​រថយន្តក្រុង​ចំនួន​២៣៥​គ្រឿង ហើយ​ជា​បណ្ដើរ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​កាន់តែ​មានការ​គាំទ្រ​និង​ពេញ​និយម​ប្រើប្រាស់​សេវា​នេះ ក្នុង​នោះ​ជា​មធ្យម​មាន​ប្រជាពលរដ្ឋ​ចន្លោះ​ពី​២៦០០០​ទៅ ៣​ម៉ឺន​ជា​រៀងរាល់ថ្ងៃ​។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​អង្គសន្និបាត​នេះ​គឺ​បាន​រក្សា​វិធីសាស្ត្រ​ដូច​ឆ្នាំ​មុន​ៗ​ដែរ ពោល​គឺ​បាន បែងចែក ក្រុម​ពិភាក្សា​ដែល​ដឹកនាំ​ដោយ​អភិបាលរង​និង​មាន​សមាសភាព​ចូលរួម​ពី​ក្រុមការងារ​ថ្នាក់​ជាតិ​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​អង្គភាព ក្រោម​ការ​សម្របសម្រួល​ពី លោកប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រធានបទ​ចំនួន​៤ គឺ​ទី​១-​វិធានការ​លើកកម្ពស់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ទី​២-​ការ​គ្រប់គ្រង​សំណល់​នៅ​រាជធានី​ភ្នំពេញ ។ ទី​៣-​ការ​ទប់ស្កាត់​សំណង់​គ្មាន​ច្បាប់​លិខិត​អនុ​ញ្ញា​សាងសង់​និង​សំណង់​ខុស​លិខិត​អនុ​ញ្ញា​ត​សាងសង់ និង​ទី​៤-ការ​អនុវត្ត​សមត្ថភាព​ធនធានមនុស្ស​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ