អាជ្ញាធរថា ៖ ឡានដឹកដីឆ្លងកាត់ស្ពានចាស់​បាន តែ​ទទួលខុសត្រូវពេលកើតបញ្ហា​


ខេត្តកំពត ៖ ស្ពាន​បា​ឡេ​មួយ​ខ្សែ​ប្រវែង​ជាង​៤០​ម៉ែត្រ ដែល​ឆ្លងកាត់​ព្រែក​កំពង់បាយ​ឆ្ពោះទៅ​កាន់​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ដែល​ស្ពាន​នេះ​បើ​គិត​ពី​អាយុកាល​ក៏​យូរ​ឆ្នាំ​ហើយ​ដែរ រីឯ​ការ​ជួសជុល​ក្រាលកំរាល​ដែក​ក៏​ច្រើន​លើក​មក​ហើយ​ដែរ បើ​ពិនិត្យ​សរសរ​ស្ពាន​វិញ បេតុង​ស៊ីម៉ង់ត៍​របេះ​នៅ​សល់​តែ​គ្រោង​ដែក​ស​រ​សៃ​ទៅ​ហើយ​។ កន្លង​មក​ស្ពាន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​មាន​សភាព​ទ្រុឌទ្រោម​ក៏​បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ក្រុង​និង​មន្ត្រី​ជំនាញ​ដើម្បី​សុំ​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​រថយន្ត​ដឹក​ធ្ងន់​បើក​ឆ្លងកាត់ ខ្លាច​ជួប​ហានិភ័យ​គ្រោះថ្នាក់​បាក់​ស្ពាន​ដោយ​ប្រការ​ណាមួយ​។ សំណូមពរ​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ក្រុង មាន​វិធានការ​ឲ្យ​រថយន្ត​ដែល​ធ្វើ​អាជីវកម្ម​ដឹក​ធ្ងន់​ផ្អាក​ធ្វើ​ចរាចរ​ឆ្លងកាត់​អស់​មួយ​រយៈ​ធំ​ទៅ​ហើយ​ដែរ​។

ប៉ុន្តែ​តាំងពី​ពាក់កណ្តាល​ខែមករា រហូត​ដល់​ចុងខែ​កុម្ភៈ ឆ្នាំ ២០២០​នេះ​គេ​ឃើញ​រថយន្ត​ដឹក​ដី​ប្រភេទ​ចំណុះ​៦​ម៉ែត្រគូប​ដឹក​ឆ្លងកាត់​ក្នុង​មួយ​ថ្ងៃ​មិន​តិច​ជាង​៦០០​ជើង​នោះ​ទេ ដោយសារ​តែ​ម្ចាស់​ដី​ឡូ​នៅ​តំបន់​សង្កាត់​ត្រើយ​កោះ​នេះ​តម្រូវការ​ចាក់​បំពេញ​ដី​ឡូត៍​របស់​គេ​ឲ្យ​ទាន់​ពេល​ដី​កំពុង​ត្រូវប៉ាន់​យ៉ាង​ខ្លាំង​នៅ​ចំណុច​ត្រើយ​កោះ​នេះ​។

ជុំវិញ​ការ​បិទ​ចរាចរ​លើ​ស្ពាន​ទ្រុឌទ្រោម​មួយ​រយៈ​ហើយ​បើក​វិញ​នេះ​ត្រូវ​បាន​លោក​ពៅ សុ​ន ចៅសង្កាត់​ត្រើយ​កោះ​ឲ្យ​ដឹង​ថា សំរាប់​លោក​វិញ លោក​មិន​ហ៊ាន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ដី​ធ្វើ​អាជីវកម្ម​ឆ្លងកាត់​នោះ​ទេ គឺ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​ខ្លួនឯង​ទេ​ដែល​ទៅ​សុំ​ច្បាប់​ពី​សាលាក្រុង​ដើម្បី​ដឹក​ដី​ឆ្លងកាត់​ស្ពាន​ចាស់​នេះ ដោយ​ចៅហ្វាយ​ក្រុង​កំពត​បាន​ឲ្យ​លោក​ដឹង​ថា បើ​រថយន្ត​ដឹក​ដី​ប្រភេទ​ហ្នឹង​ដឹក​បាន​មិន​អី​ទេ តែ​ត្រូវ​ចុះ​កិច្ចសន្យា​ឲ្យ​ក្រុង បើ​ក្រុមហ៊ុន​ណា​ដឹក​ឆ្លងកាត់​ទៅ​បាក់ ក្រុមហ៊ុន​នោះ​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​បាក់​ស្ពាន​នេះ ។

លោក​ចៅសង្កាត់​បាន​ឲ្យ​ដឹង​ទៀត​ថា ប៉ុន្មាន​ថ្ងៃនេះ មាន​ទាំង​ដី​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​នៅ​ម្តុំ​ជិត​ភ្នំ​ដូង​រាប់រយ​ហិ​កតា​ក៏​តម្រូវ​ឲ្យ​រថយន្ត​ដឹក​ដី​សម្រុក​ចាក់​ផង​ដែរ ចំណុច​យ៉ាង​ហ្នឹងហើយ​បានជា​លោក​មិន​ហ៊ាន​ឃាត់​រថយន្ត​ទេ ប៉ុន្តែ​លោក​បាន​ធ្វើ​លិខិត​ពី​បញ្ហា​មិន​ទទួលខុសត្រូវ​រឿង​រថយន្ត​ដឹក​ដី​ឆ្លងកាត់​ស្ពាន​ចាស់​នេះ​ទៅ​ជូន​អភិបាលក្រុង​កំពត​ដើម្បី​ទុកជា​ឯកសារ​ក្រែង​មាន​បញ្ហា​រឿង​បាក់​ស្ពាន​កើតឡើង​លោក​មិន​ទទួលខុសត្រូវ​ទេ​។

លោក​លាង រឿ​ន​សុ​ទ្ធី អភិបាលក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា បញ្ហា​រថយន្ត​ដឹក​ដី​ឆ្លងកាត់​ស្ពាន​ចាស់​ត្រើយ​កោះ​នេះ លោក​ធ្វើ​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ដែល​សុំ​ដឹក​ដី​ចាក់​តាម​លំនៅ​ឋាន​របស់​ខ្លួន ប៉ុន្តែ​លោក​បាន​ឲ្យ​ម្ចាស់​រថយន្ត​មក​ចុះ​កិច្ចសន្យា​មិន​ឲ្យ​ដឹក​ពេញ​ទ្រុង​រថយន្ត​នោះ​ទេ ហើយ​បាន​ប្រាប់​ទៅ​អាជ្ញាធរ​សង្កាត់​ឲ្យ​ពិនិត្យ​មើល​រថយន្ត​ណា​ដឹក​លើស​ចំណុះ​មិន​គោរព​តាម​កិច្ចសន្យា​សុំ​ឲ្យ​ឃាត់​ទុក ដើម្បី​មាន​វិធានការ​អប់រំ​ឬ​ក៏​ពិន័យ​ឲ្យ​រាងចាល​។

លោក​អភិបាលក្រុង​បាន​បន្ត​ថា សំណូមពរ​របស់​ប្រជាពលរដ្ឋ​ខាងលើ​លោក​ក៏​បាន​រាយការណ៍​សុំ​យោបល់​ទៅ​លោក​អភិបាលខេត្ត​ដែរ ហើយ​អភិបាលខេត្ត​ក៏​លោក​ឲ្យ​ពិនិត្យ​មើល​តើ​អាច​ដឹក​យ៉ាងណា​កុំ​ឲ្យ​មានការ​ខូចខាត​ស្ពាន​ដែល​កំពុង​តែ​ចាស់​ទ្រុឌទ្រោម​នេះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ