ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ហាងទូរស័ព្ទ​យំលែងចេញ ខណៈប្រមូលអស់​ជាង​២០០គ្រឿង​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ហាង​លក់​ទូរ​សព្ទ​ដៃ​យីហោ «​អេ​ន ណា​» ស្ថិត​នៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់​ចាម ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​នាំ​គ្នា​គាស់​ដំបូលផ្ទះ រួច​បាន​ចុះ​មក​ជាន់​ផ្ទាល់​ដី​គាស់​ទូកញ្ចក់​យក​ទូរ​សព្ទ​ដៃ​ជា​ច្រើន​ប្រភេទ​សរុប​ជាង​២០០​គ្រឿង…

ខេត្តកំពង់ចាម ៖ ហាង​លក់​ទូរ​សព្ទ​ដៃ​យីហោ «​អេ​ន ណា​» ស្ថិត​នៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់​ចាម ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​នាំ​គ្នា​គាស់​ដំបូលផ្ទះ រួច​បាន​ចុះ​មក​ជាន់​ផ្ទាល់​ដី​គាស់​ទូកញ្ចក់​យក​ទូរ​សព្ទ​ដៃ​ជា​ច្រើន​ប្រភេទ​សរុប​ជាង​២០០​គ្រឿង មាន​តម្លៃ​ប្រមាណ​៤​ទៅ​៥​ម៉ឺន​ដុល្លារ ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ចន្លោះ​ម៉ោង​១២​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០២០ ជាមួយ​នោះ​គេ​បានឃើញ​កម្លាំង​អាវុធហត្ថ​ក្រុង​កំពង់ចាម និង​កម្លាំង​នគរបាល​បាន​ចុះ​មក​សួរនាំ​ម្ចាស់​ហាង​ផង​ដែរ​។

អ្នកស្រី​ខេ​ង ចិន្ដា អាយុ​៣៣​ឆ្នាំ ជា​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​កើតហេតុ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ជា​ធម្មតា​នៅ​វេលា​ម៉ោង​៧​ព្រឹក​គាត់​តែងតែ​ក្រោកពីដំណេក​រៀបចំ​រុញ​ទូកញ្ចក់​និង​របស់របរ​ដាក់​លក់​នៅ​មុខ​ផ្ទះ ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​យប់​នឹង​រុញ​ទូ​ចូល​ក្នុងផ្ទះ​វិញ ដើម្បី​រៀបចំ​សម្រាក​។

ម្ចាស់​ហាង​លក់​ទូរស័ព្ទ​បាន​ប្រាប់​បន្ត​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧ កុម្ភៈ ប្អូនប្រុស​របស់​គាត់​បាន​បើកទ្វារ​ដែក​នៅ​ជាន់​ផ្ទាល់​ដី ដើម្បី​រៀបចំ​លក់ដូរ ស្រាប់តែ​ឃើញ​ទូកញ្ចក់​ដាក់​លក់​ទូរស័ព្ទ​ដៃ​រាប់រយ​គ្រឿង​ត្រូវ​បាន​របើក​សោ​ចំនួន​២​ទូ លុះ​ពេល​អើត​មើលទៅ ទើប​ដឹង​ថា​បាត់​ទូរស័ព្ទ​អស់​ជា​ច្រើន​ប្រភេទ សរុប​ចំនួន​ជាង​២០០​គ្រឿង ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់​អស់ បើ​សរុប​គិត​ជា​ទឹកប្រាក់​វិញ​មាន​តម្លៃ​ប្រមាណ​ពី​៤​ទៅ​៥​ម៉ឺន​ដុល្លារ​ឯណោះ ។

ម្ចាស់​ហាង​លក់​ទូរស័ព្ទ​បាន​ប្រាប់​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​២៦ កុម្ភៈ នៅ​ក្នុង​ហាង​មាន គាត់​កូន​តូច​រួម​នឹង​ប្អូនប្រុស​បង្កើត​ម្នាក់​ដេក​នៅ​លើ​ឡៅតឿ ហើយ​ប្ដី​មិន​បាន​នៅផ្ទះ​នោះ​ទេ​។​ទ្វារ​កណ្ដាល​នៅ​ជាន់​ក្រោម​ផ្ទាល់​ដី​មិន​បាន​បិទ ។ ប្រសិនណាបើ​ទ្វារ​ដែក​នៅ​ជាន់​ក្រោម​បិទ ជនសង្ស័យ​ក៏​មិន​អាច​ចូល​មក​លួច​យក​ទូរ​សព្ទ​ដៃ​បាន​នោះ​ទេ ហើយ​មូលហេតុ​ដែល​មិន​បិទទ្វារ​ដែក​នៅ​ជាន់​ក្រោម​នេះ គឺ​ដោយសារ​តែ​ខ្លាច​មាន​គ្រោះ​អគ្គី​ភ័យ​ណាមួយ​កើតឡើង​នៅ​ពេល​យប់​ដោយ​ចៃដន្យ​ពិបាក​នឹង​រត់ ។ ចាប់តាំងពី​ពេល​ដែល​គាត់​បាន​ជួល​ផ្ទះល្វែង​ធំ​នេះ​មាន​ចំនួន​៣​ជាន់ ដើម្បី​បើក​លក់​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ក្រុង​កំពង់ចាម រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ចំនួន​៣​ខែ​ហើយ​។ ជាមួយ​នោះ ប្ដី​របស់​គាត់​គ្រោង​នឹង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុងផ្ទះ​ដែរ តែ​មិន​ទាន់​បាន​បំពាក់​ផង ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​គាស់​ដំបូលផ្ទះ​ពី​ជាន់​លើ​ចុះ​មក​យក​ទូរស័ព្ទ​បែប​នេះ​តែ​ម្តង ។ ជាមួយ​នោះ​គាត់​បាន​ដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​ដែល​គាស់​ដំបូលផ្ទះ​មក​លួច​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​ផង​ដែរ​។

ចំណែក​បុរស​ម្ចាស់ផ្ទះ​ម្នាក់​វ័យ​ជាង​៤០​ឆ្នាំ​បាន​ប្រាប់​ថា ដំបូង​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​គាស់​ក្បឿង​ផ្ទះ​របស់​គាត់​ក្នុង​គោលបំណង​ដើម្បី​ចុះ​លួច​របស់ទ្រព្យ​នៅ​ក្នុងផ្ទះ ប៉ុន្តែ​ដោយសារ​ខាងក្រោម​មាន​ពិតាន​បេតុង​ចុះ​មិនកើត​ទើប​ចោល រួច​ក៏​នាំ​គ្នា​មក​គាស់​ដំបូលផ្ទះ​ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ «​អេ​ន​ណា​» ដែល​នៅ​រំលង​ពី​ផ្ទះ​គាត់​ចំនួន​២​ល្វែង ។ ក្រុម​ជនសង្ស័យ​ទាំងនោះ​បន្ទាប់​ពី​លួច​យក​ទូរ​សព្ទ​ដៃ​បាន​ក៏​នាំ​គ្នា​ឡើង​មក​ជាន់​លើ​វិញ​យក​ទូរស័ព្ទ​ទៅ​បាត់​អស់ ទុក​តែ​សំបក​ប្រអប់​តែ​ប៉ុណ្ណោះ ។ ក្រុម​ជនសង្ស័យ​ថែម​ទាំង​បន្ទោបង់​នៅ​ត្រង់​ទ្វារ​ដែក​ជណ្ដើរ​ផ្ទះ​គាត់ និង​ហាង​លក់​ទូរ​សព្ទ​ដៃ​នៅ​ជាន់​លើ​បង្អស់ រួច​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់ ដោយ​មិនដឹង​ថា​ក្រុម​ជនសង្ស័យ​ឡើង​មក​តាម​ណា​ឲ្យ​ពិតប្រាកដ​នោះ​ទេ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ទទួល​បាន​សេចក្តីរាយការណ៍​ពី​កម្លាំង​មូលដ្ឋាន​មក​ថា ហាង​លក់​ទូរ​សព្ទ​ដៃ​យីហោ «​អេ​ន​ណា​» ស្ថិត​នៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​ក្រុម​ជនសង្ស័យ​ចូល​លួច​យក​ទូរ​ស័ព្ទ​ដៃ​អស់​ចំនួន​ជាង​២០០​គ្រឿង​រួច​មក កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​ផ្នែក​ខាងលើ​គេ​បង្អស់ ឃើញ​មាន​កេស​ក្រដាស និង​ប្រអប់​ដាក់​ទូរស័ព្ទ​ដៃ​ជា​ច្រើន​ប្រភេទ​នៅ​រាយ​ប៉ាយ រួច​ក៏​បាន​ប្រមូល​ចុះ​មក​ជាន់​ផ្ទាល់​ដី​វិញ​។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​គាស់​ដំបូលផ្ទះ​នេះ​អាច​មាន​គ្នា​ចាប់ពី​២​នាក់​ឡើង ជាមួយ​នោះ​ដកហូត​បាន​មាន​អង្រឹង​ក្រណាត់​ដែល​ជនសង្ស័យ​ធ្វើ​ជា​ខ្សែ​ចង​ចុះ​ពី​ជាន់​ទី​៣​មក​ជាន់​ទី​១ ហើយ​ពេល​ដែល​ជនសង្ស័យ​លួច​បាន អាច​ដើរ​តាម​ដំបូល​ដែក​ស័ង្កសី​ជាន់​ក្រោម​ផ្ទាល់​ដី​រួច​តោង​តាម​ដែក​បំពង់​ទីប​ចុះ​មក​ក្រោម​រួច​គេចខ្លួន​បាត់ ។

ក្រោម​បញ្ជារ​របស់​លោក​អធិការ​នគរបាល​ក្រុង​និង​ស្នងការ​នគរបាល​ខេត្ត​រួច​មក កម្លាំង​សមត្ថកិច្ច​កំពុង​តែ​យកចិត្តទុកដាក់​ស៊ើបអង្កេត​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ