ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ​ខ្លាំង​ក្នុងឆ្នាំនេះ ?


រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០២០​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​រំពឹង​ថា ការ​ផ្ដល់​ឥណទាន​ទៅ​កាន់​ប្រជាពលរដ្ឋ​នឹង​មានការ​ថមថយ​ជាង​ឆ្នាំ​២០១៩ ខណៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​ក៏​គ្រោង​នឹង​រឹត​បន្តឹងបន្ថែម​ទៅ​លើ​ការ​ផ្ដល់​ឥណទាន​នេះ​ដែរ ដោយសារ​តែ​កម្ពុជា និង​ពិភពលោក​ទាំងមូល​បាន​ជួប​នូវ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា ។

យោង​តាម​ប្រសាសន៍​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក គា បូរាណ បានអោយ​ដឹង​ថា សម្រាប់​ឆ្នាំ​២០២០ នេះ​ដូចដែល​មហាជន​បានដឹង​ហើយ​ថា ពិភពលោក​កំពុង​ជួប​នូវ​បញ្ហា​ធំ គឺ​ជំងឺ​បង្ក​ដោយ​ឡើង​វីរុស​កូ​រ៉ូ​ណា​ក្នុង​នោះ​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​នេះ​ដែរ ជាក់ស្ដែង​ដូច​បានឃើញ​ស្រាប់​ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​មិន​មាន​ករណី​ជំងឺ​នេះ​ក្ដី​ក៏​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ពី​ការ​បិទ​រោងចក្រ​នៅ​ប្រទេស​ចិន ។

លោក​ថា ៖« កម្ពុជា​បាន​ពឹងផ្អែក​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ហើយ​នៅ​ពេល​ដែល​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​នេះ​មិន​មាន​វត្ថុធាតុដើម ដើម្បី​ផលិត​ពីព្រោះ​តែ​វត្ថុធាតុដើម​ប្រមាណ​៦០​ភាគរយ​យក​ពី​ប្រទេស​ចិន​ធ្វើ​អោយ​បណ្ដា​រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា​ក៏​ប្រឈម​នឹង​ការ​បិទ ឬ​ក៏​ផ្អាក​ដំណើរការ​មួយ​រយៈ​ដែរ​» ។
លោក​បន្ត​ថា ក្នុង​ដំណាក់កាល​នេះ​មីក្រូហិរញ្ញវត្ថុ​ក៏​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ផ្ដល់​ឥណទាន​ទៅ​កាន់​អតិថិជន ព្រោះ​មិន​ចង់​អតិថិជន​ជាប់បំណុល​វ័ណ្ឌក​កាន់តែ​ច្រើន ដោយសារ​តែ​មិនដឹង​យក​ឥណទាន​ទៅ​ធ្វើ​អ្វី ។ កន្លង​មក​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ផ្ដោត​ទៅ​លើ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម និង​វិស័យ​កសិកម្ម តែ​សម្រាប់​ការ​ផ្ដល់​កម្ចី​ទៅ​កាន់​កម្មករ កម្មការិនី មិន​មាន​ច្រើន​ទេ គឺ​មាន​តាម​រយៈ​ការ​ផ្ដល់​ឥណទាន​ផ្ទាល់ខ្លួន​ដូច​ជា ការ​ទិញ​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ជាដើម ។

តាម​រយៈ​ការ​រឹត​បន្តឹង​ទៅ​លើ​កម្ចី​បែប​នេះ​ការ​ផ្ដល់​ឥណទាន​ទៅ​អតិថិជន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​រំពឹង​ថា​មិន​មាន​ច្រើន​ដូច​ឆ្នាំ​២០១៩​កន្លង​ទៅ​នោះ​ទេ ។ លោក​ថា​៖« យ៉ា​ណា​ក្ដី បើសិនជា​វិស័យ​សេដ្ឋកិច្ចជាតិ មានការ​ផ្លាស់​ប្តូរ​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក៏​មានការ​ផ្លាស់​ប្តូរ​ដែរ ក្នុង​ន័យ​នេះ​បើសិនជា​វិស័យសេដ្ឋកិច្ច​ដើរ​លឿន វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក៏​ដើរ​លឿន​ដូច​គ្នា​ដែរ » ។ លោក​បញ្ជាក់​ថា ក្នុង​ស្ថានភាព​បែប​នេះ ការ​ទំលាក់​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ចជាតិ មិនមែន​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ពោល​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដូច​ជា​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ទំលាក់​ការ​ព្យាករណ៍​នូវ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ដែរ ។

គួរ​បញ្ជាក់​ថា សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កាលពីដើម​ឆ្នាំ កម្ពុជា​បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​អាច​នឹង​សម្រេច​៦,៥​ភាគរយ តែ​រហូត​មក​ដល់​ពេល​ប្រហែលជា​មិន​អាច​ទៅ​រួច​ទេ ដូច្នេះ​វា​អាច​ត្រឹម​រង្វង់​៦​ភាគរយ ។​ការ​ទំលាក់​ការ​ព្យាករណ៍​នេះ មិនមែន​តែ​កម្ពុជា​នោះ​ទេ គឺ​ស្ទើរតែ​គ្រប់​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ