ខេត្តត្បូងឃ្មុំ ៖ មន្ត្រីជំនាញបសុពេទ្យជាប់រវល់ចុះបាញ់ថ្នាំកម្ចាត់មេរោគ ដើម្បីការពារជំងឺគ្រុនផ្ដាសាយបក្សី (H5N1) នៅតាមផ្លូវសាធារណៈនិងទីសត្តឃាតជាដើម បែរជាក្រុមឈ្មួញខិលខូចនាំគ្នាលួចដឹកមាន់តាមរថយន្តចេញពីប្រទេសវៀតណាមចូលតាមច្រកដូនរ័ត្ន ស្រុកមេមត់ តែសំណាងល្អត្រូវបានកម្លាំងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតផលសត្វធ្វើការបង្ក្រាបជាបន្ទាន់ផងដែរ។
លោកសេង សោភា ប្រធានការិយាល័យស្ដីទីផលិតកម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៦ កុម្ភៈ ២០២០ កន្លងមកនេះថា ក្រោយពេលទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងកសិកម្មក៏ដូចជាលោកអភិបាលខេត្តបានចាត់តាំងឱ្យកម្លាំងជំនាញត្រូវបង្កើនការយកចិត្តទុកដាក់នៅតាមព្រំដែនជាប់ជាមួយនឹងប្រទេសវៀតណាម ធ្វើយ៉ាង ណាទប់ស្កាត់ការនាំចូលមាន់ទា ត្រូវធ្វើការទប់ស្កាត់និងបង្ក្រាបដើម្បីចៀសវាងកុំអោយឆ្លងជំងឺ។
លោកប្រធានស្ដីទីការិយាល័យផលលិតកម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំ បានបន្តថាកម្លាំងជំនាញរបស់លោកបានចុះបាញ់ថ្នាំកម្ចាត់មេរោគនៅច្រកត្រពាំងថ្លុង ស្រុកពញាក្រែក ក្នុងពេលដែលមានរថយន្តដឹកទំនិញបានបើកចេញមកពីប្រទេសវៀតណាម ចូលមកខេត្តត្បូងឃ្មុំនឹងបន្តដំណើរទៅកាន់គោលដៅខេត្តផ្សេងទៀត។ ជាមួយនោះយុទ្ធនាការចុះបាញ់ថ្នាំកម្ចាត់មេរោគបានធ្វើឡើងបន្តបន្ទាប់មាននៅតាមផ្លូវជាតិលេខ១១ ក្នុងភូមិទួលទ្រាឃុំជប់ ស្រុកត្បូងឃ្មុំ នៅថ្ងៃទី២៦ កុម្ភៈ និងបានបាញ់ថ្នាំកម្ចាត់មេរោគនៅក្នុងទីសត្តឃាតស្រុកត្បូងឃ្មុំផងដែរ។
លោកប្រធានស្ដីទីការិយាល័យផលលិតកម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំ បានបន្តថា នៅថ្ងៃទី២៧ កុម្ភៈ កម្លាំងរបស់លោកនឹងបន្តចុះយុទ្ធនាការបាញ់ថ្នាំកម្ចាត់មេរោគនៅក្នុងស្រុកពញាក្រែកតាមផ្លូវជាតិលេខ៨ ដោយធ្វើឡើងដូចភ្លៀងរលឹម ធ្វើយ៉ាងណាទប់ស្កាត់ជំងឺគ្រុនផ្ដាសាយបក្សីអោយបាន កុំឱ្យដូចធ្លាប់ដែលផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលបានកើតឡើងនៅក្នុងស្រុកអូរាំងឪនាពេលកន្លងទៅ។ ដោយឡែករថយន្តដឹកមាន់ចេញតាមច្រកដូនរ័ត្ន ស្រុកមេមត់ នៅវេលាទៀបភ្លឺថ្ងៃទី២៦ កុម្ភ: រូបលោកមិនបានដឹងនោះទេ ព្រោះថាក្រុមឈ្មួញបានប្រើរូបភាពគ្រប់បែបយ៉ាងដើម្បីដឹកមាន់ចេញពីប្រទេសវៀតណាមចូលមកលក់នៅប្រទេសកម្ពុជា។ កន្លងមកអោយតែរថយន្តរបស់លោកបានបើកទៅដល់ជិតព្រំដែនវៀតណាមក្រុមឈ្មួញបានតាមឃ្លាំមើលមិនហ៊ានចេញមកនោះទេ។ ពេលណាដែលលោកចេញផុត ក្រុមឈ្មួញខិលខូចបានឆក់ឱកាសលួចដឹកចូលមក។
តាមប្រភពដោយឡែកមួយទៀតបានឲ្យដឹងថា នៅវេលាម៉ោង២និង១៦នាទីឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វឲ្យក្រុមក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះស្ទាក់ចាប់រថយន្តមួយគ្រឿងដឹកសត្វមាន់រស់ចំនួន៨០០ក្បាល តាមរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្ដាល ២A-២៦២៨ នាំចូលពីប្រទេសវៀតណាម ។
រថយន្តដឹកមាន់ខាងលើនេះចូលមកតាមច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បំណងយកទៅចែកចាយក្នុងខេត្តក្រចេះ ដោយពុំមានការអនុញ្ញាត ហើយទីតាំងស្ទាក់ចាប់រថយន្តដឹកមាន់នៅលើផ្លូវជាតិលេខ៧ ភូមិក្ដុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ វត្ថុតាងទាំងនេះទៅកាន់ចត្តាឡីស័ករបស់អគ្គនាយកដ្ឋានរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)