លុយ​មិន​តែងតែ​សំខាន់​គ្រប់​រឿង​ទេ សម្រាប់​កិច្ចការ​មួយ​ចំនួន !


ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើការ ដើម្បី​ជួយ​អ្នក​ដទៃ​នោះ​ការ​ធ្វើការ​ឲ្យ​អង្គការ​មិន​រក​ប្រាក់​ចំណូល​អាច​ជា​ការងារ​ក្នុង​ក្តី​សុបិន​របស់​អ្នក ព្រោះ​ក្រៅពី​ការ​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​ក្នុង​ការ​ជួយ​ដល់​អ្នក​ដទៃ​ហើយ ការងារ​ទាំងនេះ​ភាគច្រើន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា ភាព​បត់បែន​នៃ​ការងារ និង​ឱកាស​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ជាដើម ។

អង្គការ​ទាំងនេះ ជា​ស្ថាប័ន​ដែល​គោលដៅ​ធំ​ជាងគេ គឺ​មិនមែន​ការ​រក​ប្រាក់​ចំណូល​ដូច​អាជីវកម្ម​ទូទៅ​ឡើយ ។ ពួក​គេ​អាច​មាន​ប្រភេទ​ជា​ច្រើន និង​មាន​បេសកកម្ម​ខុស​ៗ​គ្នា ដើម្បី​សម្រេច​គោលដៅ​របស់​ស្ថាប័ន​ខ្លួន ។
ទោះជា​ការងារ​ក្នុង​ស្ថាប័ន​ទាំងនេះ ភាគច្រើន​តម្រូវ​ឲ្យ​មនុស្ស​មួយ​ចំនួន​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត និង​មិន​ទទួល​ប្រាក់​ចំណូល​ពិតមែន​ក្តី​លុយ​ក្នុង​ករណី​នេះ ប្រហែលជា​មិនសូវ​សំខាន់​ទេ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​នឹង​អត្ថប្រយោជន៍​ដូច​ខាងក្រោម​នេះ ៖

១. គាំទ្រ​បេសកកម្ម​អ្វីមួយ​ដែល​អ្នក​ខ្វល់
អត្ថប្រយោជន៍​ធំ​ជាងគេ​នៃ​ការ​ធ្វើការ​ឲ្យ​អង្គការ​ទាំងនេះ គឺ​វា​អនុញ្ញាត​ឲ្យ​មនុស្ស​ធ្វើការ​ឲ្យ​ស្ថាប័ន​មួយ​ដែល​មាន​គោលដៅ​ស្រប​ទៅ​នឹង​អ្វី​ដែល​អ្នកគាំទ្រ ។ ដូច្នេះ​បើ​អ្នក​ពិតជា​ខ្វល់ខ្វាយ​ពី​បញ្ហា​អ្វីមួយ​ដូច​ជា​បញ្ហា​បរិស្ថាន ឬ​ការ​អប់រំ​ជាដើម ការ​ចំណាយ​ពេលវេលា​និង​កម្លាំង​របស់​អ្នក​ជាមួយ​អង្គការ​ទាំងនេះ​អាច​ជួយ​ឲ្យ​អ្នកចូលរួម​ក្នុង​ការ​រក​ដំណោះស្រាយ​សំខាន់​ៗ ។

២. ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន
អង្គការ​តូច​ៗ​ភាគច្រើន​ត្រូវការ​មនុស្ស​ដែល​មានចិត្ត​ចង់​រៀនសូត្រ​ពី​ការងារ និង​ជំនាញ​ខុស​ៗ​គ្នា ដែល​ផ្តល់​ជា​ឱកាសល្អ​ៗ​ក្នុង​ការ​ឲ្យ​អ្នករៀន​សូត្រ​ពី​ជំនាញ​ថ្មី​ៗ និង​ដក​បទ​ពិសោធន៍​ពី​ផ្នែក​កាន់តែ​ច្រើន ។

៣. ជួប​បុគ្គលិក​ដែល​ប្តេជ្ញា​ជាមួយ​ការងារ
ពេល​ដែល​អ្នកធ្វើការ​ឲ្យ​អង្គការ​មិន​រក​ប្រាក់​ចំណូល​ដែល​ស័ក្តិសម​ទៅ​នឹង​ចំណាប់អារម្មណ៍ និង​ជំនាញ​របស់​អ្នក អ្នក​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ជួប​ជាមួយនឹង​មិត្ត​រួមការ​ងារ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​មាន​ទស្សនៈ​ស្រ​ដៀង​គ្នា​នឹង​អ្នក ។

៤. ផ្តល់​គោលដៅ​ក្នុង​ជីវិត
ការ​ធ្វើការ​ឲ្យ​អង្គការ​ដែល​មាន​បេសកកម្ម​ស្រប​ទៅ​នឹង​អ្វី​ដែល​អ្នក​ជឿជាក់​លើ​មាន​ន័យ​ថា​អ្នក​អាច​មើលឃើញ​ឥទ្ធិពល​របស់​ការងារ​របស់​អ្នក​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ វា​អាច​ផ្តល់​អារម្មណ៍​ដ៏​ល្អ​ដល់​ទៅ​អ្នក និង​ថែម​ទាំង​ផ្តល់​គោលដៅ​មួយ​ក្នុង​ជីវិត​របស់​អ្នក​ដែល​ជួយ​ឲ្យ​អ្នក​រស់នៅ​កាន់តែ​មាន​ន័យ​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ