រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់នៃកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ីអឺរ៉ុប លើកទី១១ រយៈពេល២ថ្ងៃ នៅខែតុលា ឆ្នាំ២០២០ខាងមុខនេះ ។ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានលើកឡើងកិច្ចប្រជុំរបស់គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នៅវិមានរដ្ឋសភា ថាកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក និងដាក់ទិសដៅអនុវត្តបន្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នោះឲ្យទទួលបានជោគជ័យ ។
លោកបញ្ជាក់ថា ៖«ដូចដែលយើងបានកំណត់ហើយថា គណៈកម្មការរៀបចំរបស់យើងត្រូវធ្វើការប្រជុំ មួយដងយ៉ាងតិចក្នុងមួយខែ ដើម្បីចាត់ចែងការងារត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នាពេលខាងមុខ ដោយលើកយកមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» (Strengthening Parliamentary Partnership for Peace and Sustainable Development) និងមានប្រធានបទសម្រាប់ក្រុមពិភាក្សាទាំងបីទៀត» ។
ចំណែកលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP11 បានរាយការណ៍ជូនកិច្ចប្រជុំពីលទ្ធផលការងារជាច្រើនដែលបានអនុវត្តនាកន្លងមកទាំងការងារខ្លឹមសារ ឯកសារ និងការត្រៀមរៀបចំសេវាកម្មផ្សេងៗដូចជា សណ្ឋាគារដឹកជញ្ជូនជាដើមនោះ ។ លោកបានបញ្ជាក់ថា បន្ទាប់ពីបានត្រៀមរៀបចំចាត់ចែងអស់រយៈពេលជាច្រើនខែមកពេលនេះ គឺជាពេលវេលាផ្តើមអនុវត្តការងារជាក់ស្តែងដូចជា ការកក់សណ្ឋាគារ សម្រាប់កន្លែងរៀបចំកិច្ចប្រជុំ និងរថយន្តដឹកគណៈប្រតិភូជាដើម ។
ចំពោះខ្លឹមសារ និងទម្រង់លិខិតអញ្ជើញគណៈប្រតិភូបរទេសចូលរួមប្រជុំ និងសារលិខិតស្វាគមន៍របស់ប្រធាន ASEP11 បានដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច ។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប គឺជាកិច្ចប្រជុំមួយនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបខាងរាជរដ្ឋាភិបាល ។ នៅឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាក៏ទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនេះដែរ ៕
ចែករំលែកព័តមាននេះ