ដើមខែ​៣ខាង​មុខ​រោងចក្រ​ជិត​២០០​កង្វះ​វត្ថុធាតុដើម និង​ប៉ះពាល់​កម្មករ​ប្រហែល​១៦ ម៉ឺន​នាក់


រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ព្យាករណ៍ និង​វាយតម្លៃ​ជាក់ស្តែង​របស់​ក្រសួង​ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ COVID- 19 គឺ​នា​ដើមខែ​៣​ខាង​មុខ​នេះ គឺ​អាច​មាន​រោងចក្រ​សហគ្រាស ជិត​២០០ អាច​ប្រឈម​នឹង​បញ្ហា​កង្វះ​វត្ថុធាតុដើម​ក្នុង សង្វា​ក់​ផលិតកម្ម​ដែល​អាច​ប៉ះពាល់​កម្មករ​-​កម្មការិនី​ប្រហែល​១៦​ម៉ឺន​នាក់ ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «​វឌ្ឍនភាព និង​ទិស​ដៅ​បន្ដការងារ​បន្ដ​របស់​ក្រសួង​ការងារ​» នា​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ ។

លោក​បាន​បន្ត​ថា ជាក់ស្តែង​នៅ​ព្រឹក​នេះ​ផង​ដែរ​ក្រសួង​ទើបនឹង​បាន​ទទួល​ឯកសារ​ពី​រោងចក្រ​សហគ្រាស​ចំនួន​១០​ដាក់​ពាក្យ​ស្នើ​ព្យូ​រ​ការងារ​កម្មករ​នៅ​ផ្នែក​ខ្លះ ដែល​អាច​នឹង​ប៉ះ​កម្មករ​ប្រមាណ​ជា​៣​ពាន់​នាក់ ។

យ៉ាងណា​ក៏​ដោយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ស្នើ​សុំ​មិត្ត​ចិន​ធ្វើ​យ៉ាងណា​ជួយ​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ដែល​ត្រង់នេះ​មាន​ន័យ​ថា មិត្ត​ចិន​នឹង​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​នឹង​អាច​ទទួល​បាន​វត្ថុធាតុដើម​មុនគេ ហើយ​រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ប្រាក់​ជួយ​ដល់​កម្មករ​ដែល​នឹង​អាច​ត្រូវ​ព្យួរការងារ​នា​ពេល​ខាង​មុខ​ដោយសារ​តែ​ឥទ្ធិពល​របស់ COVID-19 ។

លោក​បាន​បន្ត​ថា «​ប៉ុន្តែ​យើង​ក៏​បាន​ដឹងផង​ដែរ​ថា សង្វា​ក់​ផលិតកម្ម​នៅ​ឯ​ប្រទេស​ចិន ក៏​មានការ​ចាប់ផ្តើម​ដំណើ​ការ ហើយ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រើប្រាស់​នូវ​គ្រប់​មធ្យោបាយ​ទាំង​ទំនាក់ទំនង​ជាមួយ​អ្នកបញ្ជា​រទិញ​រោងចក្រ​ក៏​ដូច​ជា កម្រិត​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ផង​ដែរ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​រដ្ឋាភិបាល​ចិន​ផ្តល់​ឲ្យ​នូវ​អាទិភាព​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​នូវ​វត្ថុធាតុដើម​នេះ​ជូន​មក​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បញ្ហា​នៃ​ការ​ខ្វះ​វត្ថុធាតុដើម​គឺ​មាន​រយៈពេល​ខ្លី​» ។

លោក​បាន​បន្ត​ថា បញ្ហា​កង្វះខាត​នូវ​វត្ថុធាតុដើម​មិន​ត្រឹមតែ​ប៉ះពាល់​កម្ពុជា​នោះ​ទេ បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ។ យ៉ាងណាមិញ​លោក ហេង សួរ សុំ​មិន​បញ្ជាក់​ចំនួន​ជាក់លាក់​នៃ​ថវិកា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​សម្រាប់​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​-​កម្មការិនី តែ​លោក​បាន​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី គឺ​បាន​ត្រៀម​គ្រប់​សេណា​រី​យោ គ្រប់​ធនធាន​ទាំងអស់ ដើម្បី​ដោះស្រាយ​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​នៃ​ផល​ប៉ះពាល់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ