រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គ្រោះថ្នាក់ដែលនឹកស្មានមិនដល់មួយបានកើតឡើង ខណៈពេលដែលស្ត្រីជាកូនស្រីមន្ត្រីយោធាម្នាក់ជិះម៉ូតូមួយគ្រឿងទៅធ្វើការ ស្រាប់តែរអិលដួលចូលទៅក្រោមកង់អេស្ការវ៉ាទ័រ បណ្តាលឱ្យកិនបែកក្បាលបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខផ្សារងិនអាន តាមផ្លូវលេខ ៥៩៨ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។ បន្ទាប់ពីកើតហេតុ អ្នកបើកបរគ្រឿងចក្រនោះ ក៏ត្រូវនគរបាលចាប់វាយខ្នោះផងដែរ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីរងគ្រោះខាងលើឈ្មោះ ស៊ិន សុនវតី អាយុ៣២ឆ្នាំ ជាបុគ្គលិកធានាគារ ស្នាក់នៅតាមផ្លូវលេខ៥៩៨ ក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែ២ ក្បែរកន្លែងកើតហេតុ បានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AF 6599 ហើយស្ត្រីរងគ្រោះរូបនេះត្រូវបានគេស្គាល់ថា ជាកូនលោកវរសេនីយ៍ទោ ស៊ិន ចាន់រិទ្ធ ជានាយកប្រតិបត្តិនៅសាលាហ្វឹកហ្វឺននាយទាហាន។
ចំណែកអ្នកបើកបរគ្រឿងចក្រដែលត្រូវឃាត់ខ្លួនឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅម្តុំវត្តញាណរង្សី សង្កាត់ទួលសង្កែ១ និងមានស្រុកកំណើតនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។
បើតាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវលេខ៥៩៨ ពីកើតទៅលិច ស្របជាមួយគ្រឿងចក្រខាងលើ លុះពេលមកដល់កន្លែងកើតហេតុ គេឃើញម៉ូតូនារីរងគ្រោះរអិលក្រឡាច់ផ្លូវដួលចូលទៅក្រោមកង់អេស្កាវ៉ាទ័រ ក៏កិននារីរងគ្រោះបែកក្បាលតែម្តង។ ភ្លាមៗនោះនគរបាលចរាចរណ៍ ដែលកំពុងតែរៀបចំសណ្តាប់ធ្នាប់ ក៏បានឃាត់ខ្លួនអ្នកបើកបរចាប់វាយខ្មោះផងដែរ។
តាមអ្នកបើកបរគ្រឿងចក្រខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានបើកបរគ្រឿងចក្រយឺតៗក្បែរចិញ្ចើមផ្លូវ ស្រាប់តែមានម៉ូតូនារីរងគ្រោះបើកមកដល់ជែងស្តាំ ដោយផ្លូវចិញ្ចើមខ្ពស់ទាប ក៏ក្រឡាច់ម៉ូតូដួលមកក្រោមកង់។ ភ្លាមៗនោះ ខ្លួនក៏បានឈប់ តែឈប់មិនទាន់ ក៏បានកិនតែម្តង ។
បន្ទាប់ពីគ្រោះថ្នាក់ខាងលើនេះ សពនារីរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅឈាបនដ្ឋានវត្តញាណរស្សី ចំណែកគ្រឿងចក្រ និងអ្នកបើកបរ ព្រមទាំងម៉ូតូនារីរងគ្រោះត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ