ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​៧​ចំណុច ទាក់ទាញ​ផ​ភ្ញៀវ​ទេសចរ​ឡើង​វិញ ខណៈ​កំពុង​តែ​ថប​ថយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៩ បាន​បង្ហាញ​នូវ​ការ​រីក​ចម្រើន​ថ្មី​នៃ​វិស័យ​ទេសចរណ៍ សហគមន៍ និង​អេកូ​ទេសចរណ៍ រួម​ជាមួយ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ និង​ទេសចរណ៍​ក្នុង​កិច្ចការ​អនាម័យ បរិស្ថាន និង​ការ​អភិវឌ្ឍ​ទេសចរណ៍​បៃតង…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៩ បាន​បង្ហាញ​នូវ​ការ​រីក​ចម្រើន​ថ្មី​នៃ​វិស័យ​ទេសចរណ៍ សហគមន៍ និង​អេកូ​ទេសចរណ៍ រួម​ជាមួយ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ និង​ទេសចរណ៍​ក្នុង​កិច្ចការ​អនាម័យ បរិស្ថាន និង​ការ​អភិវឌ្ឍ​ទេសចរណ៍​បៃតង ប៉ុន្តែ​នៅ​ចុងឆ្នាំ​បែរជា​មានការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយសារ​កត្តា​ជា​ច្រើន​ដែល​បាន និង​កំពុង​កើតឡើង​នៅ​ទូ​ទាំង​ពិភពលោក ។

ជុំវិញ​បញ្ហា​ប្រឈម​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ចាត់វិធានការ​ដោះស្រាយ​ជា​បន្តបន្ទាប់ ហើយ​ពេល​ថ្មី​ៗ​នេះ​សម្ដេច​តេ​ជោ​បាន​ចេញ​វិធាន​សំខាន់​ៗ​ចំនួន​៧​ចំណុច​ទៀត ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ដែល​កំពុង​ជួប​បញ្ហា​ឱនភាព ។ វិធានការ​ទាំងនោះ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ប្រកាស​ផ្សព្វផ្សាយ​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​បន្ត​នៅ​ឆ្នាំ​២០២០ របស់​ក្រសួងទេសចរណ៍​ដែល​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ នា​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ឆ្លើយ​តប​នឹង​សភាពការណ៍​នៃ​កា​រវិ​វត្ត​ចុង​ក្រោយ​នេះ​ដែល​ក្នុង​នោះ​ប្រឈម​ទាំង​ការ​ថមថយ​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​មក​កាន់​សៀមរាប​ក៏​ដូច​ជា ការ​ប្រឈម​នឹង​ការ​ថយ​ចុះ​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា​ជា​រួម សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ បាន​ដាក់​ចេញ​នូវ​វិធានការ​គាំទ្រ​វិស័យ​ទេសចរណ៍​ដែល​គាំទ្រ និង​ប្តេជ្ញា​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​អនុវត្ត​វិធានការ​ទាំង​៧​ចំណុច របស់​សម្តេច​តេ​ជោ​ដូច​ខាងក្រោម​៖

ទី​១ – លើកលែង (​រដ្ឋ​ទទួល​បន្ទុក​ពន្ធ​ជំនួស​) នូវ​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​របស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព អាជីវកម្ម​ក្នុង​ខេត្តសៀមរាប សម្រាប់​រយៈពេល​បួន​ខែ ដោយ​គិត​ចាប់​ខែកុម្ភៈ រហូត​ដល់​ខែឧសភា ឆ្នាំ​២០២០ ។
ទី​២ – មិន​ធ្វើ​សវន​កម្ម​ពេញលេញ​សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ​២០២០ ចំពោះ​សហគ្រាស​ក្នុង​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប ។ ទី​៣ – ធ្វើ​វិចារណ​កម្ម​ថវិកាជាតិ​ឆ្នាំ​២០២០ ទាំង​ចំណាយ​ចរន្ត និង​ចំណាយ​វិនិយោគ ពិសេស​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ក្រៅប្រទេស​ដោយ​គ្រប់​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល និង​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ឲ្យ​ទៅ​ជា​ចលនា​ជាតិ​ធំ​ទូលាយ តាម​រយៈ​ការ​ជំរុញ​នូវ​ការ​ធ្វើ​សិក្ខាសាលា កិច្ចប្រជុំ វគ្គ​បណ្តុះបណ្តាល​ខ្លី​ៗ និង​កម្មវិធី​ផ្សេង​ៗ​ទៀត ។

ទី​៤ – បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ​រួម​គ្នា​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង (​ដូច​ជា បាងកក​-​សៀមរាប និង ហូ​ជី​មិ​ញ​-​សៀមរាប​) ពិសេស​តាម​រយៈ​រថយន្តក្រុង ឬ​រថយន្ត​ផ្ទាល់ខ្លួន ។

ទី​៥ – ក្រសួងទេសចរណ៍ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បើក​យុទ្ធនាការ​រៀបចំ​សកម្មភាព និង​ព្រឹត្តិការណ៍​ទាក់ទាញ​ផ្សេង​ៗ​នៅ​ក្នុង​ខេត្តសៀមរាប​ដូច​ជា អង្គរ​សង្ក្រាន្ត (២០២០) ពិធីបុណ្យ​ប្រពៃណី សាសនា កម្មវិធី​ប្រកួត​កីឡា ការ​ប្រគុំ​តន្ត្រី ការ​បញ្ចាំងភាពយន្ត និង​ការ​បង្ហាញ​ម៉ូ​ដ​សំលៀក​បំពាក់​ជាដើម សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

ទី​៦ – រក្សា​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ឲ្យ​នៅ​ដដែល ប៉ុន្តែ​បន្ថែមចំនួន​ថ្ងៃ​សម្រាប់​ប្រភេទ​សំបុត្រ​នីមួយ​ៗ​សំបុត្រ​សម្រាប់ ១​ថ្ងៃ អាច​ចូល​មើល​បាន​២​ថ្ងៃ សំបុត្រ​សម្រាប់​៣​ថ្ងៃ អាច​ចូល​មើល​បាន ៥​ថ្ងៃ និង​សំបុត្រ​សម្រាប់ ៧​ថ្ងៃ អាច​ចូល​មើល​បាន​១០​ថ្ងៃ ។
ទី​៧ – ក្រសួងទេសចរណ៍​ត្រូវ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ដល់​កម្មករ​-​និយោជិត ដែល​បាត់បង់​ការងារ​នៅ​ក្នុង វិស័យ​ទេសចរណ៍ (​បុគ្គលិក​បម្រើ​ការ​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ និង​ភ្នាក់ងារទេសចរណ៍​) តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាននូវ​វគ្គ​បណ្តុះបណ្តាល​នៃ​មុខ​វិជ្ជា​ចំណេះដឹង​ថ្មី (Re-skilling) ឬ​ការ​បង្កើន​ចំណេះដឹង​បន្ថែម (Upskilling) និង​ការ​ផ្តល់​នូវ​ប្រាក់ខែ​សមរម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ