ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​បាន​ប្រយោជន៍​ផ្ទាល់​ពី​ការ​សម្រេច​លើកលែង​ពន្ធ​ប្រថាប់ត្រា​១​ឆ្នាំ​ចំពោះ​ការ​ជាវ​ផ្ទះ​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​សារ​ទៅ​ជនរួមជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ២០២០​នេះ ថា ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទទួល​បាន​លំនៅ​ឋាន​ស្នាក់​នៅ ក៏​ដូច​ជា​គាំទ្រ​ដល់​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​សម្រាប់​អ្នកមាន​ចំណូល​សមរម្យ រដ្ឋាភិបាល​សម្រេច​មិន​យកពន្ធ​ប្រថាប់ត្រា​ពេញ​មួយ​ឆ្នាំ​ចាប់ពី​ខែកុម្ភៈ…

​រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​សារ​ទៅ​ជនរួមជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ២០២០​នេះ ថា ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទទួល​បាន​លំនៅ​ឋាន​ស្នាក់​នៅ ក៏​ដូច​ជា​គាំទ្រ​ដល់​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​សម្រាប់​អ្នកមាន​ចំណូល​សមរម្យ រដ្ឋាភិបាល​សម្រេច​មិន​យកពន្ធ​ប្រថាប់ត្រា​ពេញ​មួយ​ឆ្នាំ​ចាប់ពី​ខែកុម្ភៈ ២០២០ ដល់​ដើមឆ្នាំ ២០២១​ខាង​មុខ ។

សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ត​ថា ការ​លើកលែង​នេះ គឺ​សម្រាប់​តែ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ហើយ​ការ​លើកលែង​នេះ​ដែរ ក៏​ស្នើ​សុំ​អោយ​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន «​សម្រួល​លទ្ធភាព​បញ្ចុះតម្លៃ​លំនៅ​ឋាន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​» ឱ្យ​ពួក​គាត់​មាន​លទ្ធភាព​ទិញ​លំនៅ​ឋាន​ស្នាក់​នៅ​បានច្រើន ។

សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​គិតគូរ​អំពី​ការ​ទ្រទ្រង់​កំណើន ក្នុង​ទម្រង់​ជា​ការ​លើកទឹកចិត្ត​ដល់​វិស័យ​ដែល​នៅ​មាន​សក្តានុពល​សម្រាប់​ការ​រីក​ចម្រើន ជា​អាទិ៍ សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​ការ​ជំរុញ​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត ពិសេស វិស័យ​សំណង់ និង អចលនទ្រព្យ ។ រាជរដ្ឋាភិបាល​មាន​គោលបំណង​ប្រែក្លាយ​សហគ្រាស​ធុន​តូច និង មធ្យម ឱ្យទៅ​ជា​កម្លាំង​ច​លករ​ជំរុញ​កំណើនសេដ្ឋកិច្ច​, ផ្តល់​ការងារ​កាន់តែ​ច្រើន​ដល់​ពលករ​កម្ពុជា និង មាន​លទ្ធភាព​ផលិត​នូវ​ទំនិញ​កាន់តែ​ច្រើន​ជំនួស​ឱ្យ​ការ​នាំ​ចូល ។

យោង​តាម​លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​សកម្មភាព​នៃ​ការ​ទិញ​លក់​អចលនទ្រព្យ ជា​ពិសេស​លំនៅ​ឋាន​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ផល​ប៉ះពាល់​ទេ ចំពោះ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ក្រោម​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក គឺ​នៅ​តែ​មានការ​ទិញ​លក់​ធម្មតា ជា​ពិសេស​នោះ​គឺ​លំនៅ​ឋាន​តម្លៃ​សមរម្យ ដូច​ជា​តម្លៃ​៥​ម៉ឺន ៦​ម៉ឺន និង​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជាដើម ពីព្រោះ​ថា​ពលរដ្ឋ​កម្ពុជា​នៅ​តែ​ស្វែងរក​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ តែ​សម្រាប់​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ខ្ពស់​ៗ ដោយ​ផ្ដោត​លើ​ការ​វិនិយោគ​នោះ វា​ពិបាក​រក​អ្នកទិញ​បន្តិច​ហើយ ។

លោក​បាន​បន្ត​ថា ផល​ប៉ះពាល់​ដោយសារ​តែ​វីរុស​កូ​រ៉ូ​ណា គឺ​ពិតជា​មាន​សម្រាប់វិស័យ​អចលនទ្រព្យ តែ​យ៉ាងណា​ផល​ប៉ះពាល់​នេះ​វា​មិន​ធ្ងន់ធ្ងរ​ណាស់ណា​ទេ គឺ​អាច​គ្រប់គ្រង​បាន ហើយ​សង្ឃឹមថា​ពិភពលោក​នឹង​អាច​គ្រប់គ្រង​វីរុស​នេះ​បាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ។ នៅ​ពេល​ដែល​វីរុស​នេះ​ស្ងប់ស្ងាត់ លោក​ជឿ​ថា​អ្នក​វិនិយោគ នឹង​ចូល​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង ។

​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ថា ឆ្នាំ​២០១៩​កន្លង​ទៅ កំណើន​នៃ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ពន្ធ​ប្រថាប់ត្រា​មាន​កំណើន​ខ្ពស់ ដែល​ធ្វើ​អោយ​ចំណូល​សរុប​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​កំណើន​ខ្ពស់ ។ កំណើន​ប្រាក់​ចំណូល​នៃ​ពន្ធ​ប្រថាប់ត្រា ក្នុង​ឆ្នាំ ២០១៩ ខែ​ខ្លះ​មាន​កំណើន​ដល់​ជាង​៥០​ភាគរយ​ឯណោះ ដោយសារ​តែ​សកម្មភាព​នៃ​ការ​ទិញ​លក់​អចលនទ្រព្យ​មាន​កំណើន​ខ្លាំង ។

​ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មិន​យកពន្ធ​ប្រថាប់ត្រា​ពេញ​មួយ​ឆ្នាំ​នេះ គឺ​សម្រាប់​តែ​អ​ថិ​ជន​ដែល​ជាវ​លំ​ដ្ឋា​ន​ថ្មី​ៗ ឬ​អ្នក​ដែល​បាន​ជាវ​លំនៅ​ឋាន​ហើយ​តែ​មិន​ទាន់​បាន​ទទួល​ប្លង់​កម្ម​សិទ្ធ​ឬ​យ៉ាងណា​នោះ​ទេ ។

​អ្នក​នាង គ​ន្ធា ដែល​បាន​ជាវ​ផ្ទះ​តម្លៃ​ជាង ៤ ម៉ឺន​ដុល្លារ​ពី​បុរី​មួយ​កន្លែង​បាន​និយាយ​ថា «​ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​ពន្ធ​ប្រថាប់ត្រា​នេះ លើកលែង​អ្នកទិញ​ថ្មី ឬ​យ៉ាងណា ព្រោះ​ខ្ញុំ​បាន​ជាវ​ផ្ទះ​ជាង ៤ ឆ្នាំ​ហើយ តែ​គ្រាន់តែ​ជា​ប្លង់​ទន់​ចេញ​ត្រឹម​ខណ្ឌ ដូច្នេះ​បើសិនជា​ខ្ញុំ​ចង់បាន​ប្លង់​រឹង តើ​ខ្ញុំ​នឹង​ជាប់ពន្ធ​ប្រថាប់ត្រា​ឬ​អត់​» ។

យ៉ាងណាមិញ​បើ​យោង​តាម​ព័ត៌មាន​ពី​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ថា ពន្ធ​ប្រថាប់ត្រា​ត្រូវ​កំណត់​តាម​អត្រា ៤% ចំពោះ​ការ​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ ឬ ការ​ការ​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ដែល គ្មាន​សំណង់​ក្រោម​រូបភាព​ជា​ការ​លក់ ការ​ដោះ​ដូរ ការ​ទទួល​អំណោយ ការ​ដាក់​ភាគទុន​ក្រុមហ៊ុន​។

​សម្រាប់​ពន្ធ​ប្រថាប់ត្រា គឺ​ពន្ធ​ប្រថាប់ត្រា​ត្រូវ​បាន​បង់​ដោយ​អ្នក​ទទួល​កម្មសិទ្ធិ ទទួល​សិទ្ធិ​កាន់កាប់​ដីធ្លី​ដែល​គ្មាន​សំណង់ គិត​ជា​សមាមាត្រ លើ​តម្លៃពិត​ប្រាកដ​នៃ​ទ្រព្យសម្បត្តិ​នា​ថ្លៃ​ផ្ទេរកម្មសិទ្ធិ​និង​សិទ្ធិ​កាន់កាប់​។ ប៉ុន្តែ​ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាច​កំណត់​តម្លៃ​សម្រាប់​រយៈកាល​នីមួយ​ៗ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការ​គិត​គួរ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ