ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងចម្លាក់​ថ្ម​​រៀន​ចេះ​ក្រៅ​សាលា​ម្នាក់​អះ​អាង​ពី​ភាព​ជោគជ័យ​ខ្លួន​

4 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ «ជាង​១៨​ឆ្នាំ​ហើយ ដែល​ខ្ញុំ​កាន់​ដែក​ដាប់​ឆ្លាក់​ថ្ម ឬធ្លាក់​ក្បាច់រចនា​លើ​ផ្ទាំងសិលា​…រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទ​ទួល​បាន​នូវ​ភាព​ជោគជ័យ​គួរសម ​។ ព្រោះ​មាន​អតិថិជន​ជា​ច្រើន​បាន​មក​កុម្ម៉ង់​ទិញ​នូវ​រូបចម្លាក់​ថ្ម ឬចម្លាក់​ក្បាច់​ផ្ទាំងសិលា​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​រក​ពេលទំនេរ​គ្មាន​»​។…

ខេត្តបាត់ដំបង​ ៖ «ជាង​១៨​ឆ្នាំ​ហើយ ដែល​ខ្ញុំ​កាន់​ដែក​ដាប់​ឆ្លាក់​ថ្ម ឬធ្លាក់​ក្បាច់រចនា​លើ​ផ្ទាំងសិលា​…រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទ​ទួល​បាន​នូវ​ភាព​ជោគជ័យ​គួរសម ​។ ព្រោះ​មាន​អតិថិជន​ជា​ច្រើន​បាន​មក​កុម្ម៉ង់​ទិញ​នូវ​រូបចម្លាក់​ថ្ម ឬចម្លាក់​ក្បាច់​ផ្ទាំងសិលា​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​រក​ពេលទំនេរ​គ្មាន​»​។ នេះ​ជា​អំណះអំណាងនៃ​ជាងចម្លាក់​ថ្ម​ដ៏​ល្បី​ម្នាក់ នៅ​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ ។

ក្នុង​វ័យ​៣៣​ឆ្នាំ លោក​សឿ​ម ប៊ុ​ន​ធន បច្ចុប្បន្ន លោក​មានឈ្មោះ​បោះ​សំឡេងជា​ជាងចម្លាក់​រូប និងក្បាច់​រចនាគ្រប់​ប្រភេទ ​ដែល​ធ្វើ​ពី​ថ្មយ៉ាង​ជំនាញ​ ។ លោក​ប៊ុ​ន​ធនបាន​និយាយ​ថា «​ខ្ញុំ​ចេះ​ឆ្លាក់​តែ​ថ្ម​.. តែ​ខ្ញុំ​មិន​ចេះ​ឆ្លាក់​ឈើ​ទេ​.. ហើយ​ខ្ញុំ​ចេះ​ឆ្លាក់​តែ​រូប​ ឬ​ក្បាច់​ខ្មែរ​បុរាណ តែ​ខ្ញុំ​ក៏​មិន​ចេះ​ឆ្លាក់​រូប ​ឬ​ក្បាច់​បែប​សម័យនេះ​ដែរ ​។ ខ្ញុំ​មាន​ជំនាញ​បំផុត​ឆ្លាក់​រូប និងក្បាច់រចនា ដែល​មាន​លក្ខណៈ​ជា​រចនា​បថ សិល្បៈ វប្ប​ធ​ម៌ បុរាណ​ខ្មែរ ​។ ខ្ញុំ​អាច​ឆ្លាក់​រូបភាព ឬឆ្លាក់​ក្បាច់​គ្រប់​បែប​យ៉ាង និងគ្រប់​ទំហំដែល​ធ្វើ​អំពី​ថ្ម»​ ។

ស្ថិត​លើ​ទីតាំង​ដ៏​តូច​ចង្អៀត ដែល​មាន​តែ​ដំណាំ​ក្រូច​ប៉ុន្មាន​ដើម​ប៉ុណ្ណោះ​គ្រប​ជា​ម្លប់ លោក​សឿ​ម ប៊ុ​ន​ធន ជាមួយនឹង​កូនជាង​ប៉ុន្មាន បានសំងំអារកាត់ ដាប់​ឆ្លាក់​ដុំ​សិលា (​ថ្មភក់​) ដែល​មាន​ទំហំ​ធំ​ៗ និងមាន​ទម្ងន់​រាប់​សិប​តោន​យ៉ាង​ស្ងាត់ស្ងៀម ​។ គ្រានោះ លោក​ប៊ុ​ន​ធន បាន​ចំណាយពេល​ជាង​កន្លះ​ម៉ោង ដើម្បី​ជួប​ផ្ដល់​បទ​សម្ភាស​ន៍ជាមួយ​កោះសន្តិភាព អំពី​ប្រវត្តិ​ខ្លះ​ៗ ដែល​នាំ​ឲ្យ​គាត់​បាន​រៀន​ចេះ​ចាំ​មុខ​វិជ្ជា​ឆ្លាក់​ថ្ម​នេះ រហូត​
ទ​ទួល​បាន​ជោគជ័យ​មក​ដល់​សព្វ​ថ្ងៃនេះ​។

លោក​សឿ​ម ប៊ុ​ន​ធន បាន​រៀបរាប់​អំពី​ប្រវត្តិ​ដំបូង​របស់​គាត់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ធ្លាប់​ចូល​រៀន​នៅ​សាលា​​វិចិត្រសិល្បៈ​ផ្នែក​ចម្លាក់​ ឬ​សូន្យ​រូប ឬចេះ​នៅ​តាម​មណ្ឌល​ដែល​បង្រៀន​ឆ្លាក់​រូប​ទេ​.. ហើយ​ពូជពង្ស​ខាង​ឪពុកម្ដាយ​ខ្ញុំ ក៏​គ្មាន​នរណា​មាន​ប្រវត្តិ​ចេះ​ឆ្លាក់​រូប ឬ ជា​អ្នកសិល្បៈ​ដែរ​..! ខ្ញុំ​ចេះ​ឆ្លាក់​រូប និងឆ្លាក់​ក្បាច់​រចនា​ផ្សេង​ៗ​នេះ​បន្ត​ពី​បងថ្លៃ​ខ្ញុំ​.. ដែល​គាត់​ជា​ជាងចម្លាក់​ថ្ម និងចម្លាក់​ក្បាច់​ដ៏​ខ្លាំងពូកែ​ម្នាក់​»ពោល​គឺ​លោក​ចេះ​«​ក្រៅ​សាលា​»​។ លោក​បាន​រំលឹក​ដែរ​ថា ដំបូង​ឡើយ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៣ គាត់​បាន​ទៅ​ស៊ីឈ្នួល​ឆ្លាក់​រូប និងឆ្លាក់​ក្បាច់​ផ្សេង​ៗ​ឲ្យ​ថៅកែ​ជនជាតិ​ថៃនៅ​ប្រទេស​ថៃជាប់​ព្រំដែន​ខ្មែរ រហូត​ដល់​ឆ្នាំ​២០១៥ ទើប​គាត់​ត្រឡប់​មក​ធ្វើ​ការងារ​នេះ ដោយ​ខ្លួនឯង នៅ​ស្រុក​កំណើតក្នុងស្រុក​ខ្មែរ​វិញ ដល់​បច្ចុប្បន្ន​នេះ​(​នៅផ្ទះ​សព្វថ្ងៃ​)​។

បច្ចុប្បន្ន លោក​សឿ​ម ប៊ុ​ន​ធន មានកូន​ជាង​ចំនួន​៣​នាក់ ដែល​កំពុង​បំពេញការងារ​ចម្លាក់​ថ្ម​នេះ យ៉ាង​សកម្ម​ជាមួយ​គាត់​នៅ​លើ​ទីតាំង​ដ៏​តូច​ចង្អៀត​មួយនៅ​ខាង​មុខ​ផ្ទះ​របស់​គាត់​ ។ ពួក​គេ​បាន​ពាក់​ម៉ាស់​មុខ​ពេល​បំពេញ​​ការងារ ដើម្បី​ការពារ​លំអងធូលី​ថ្ម តែ​មិនមែន​សម្រាប់​ការពារ​វីរុស​កូ​រ៉ូ​ណា​ស្អី​នោះ​ទេ​ ។ ទំនងជា​ចាស់​វស្សា​ជាងគេ ក្នុង​ចំណោម​កូនជាង​ទាំង​៣​នាក់ ​នៅ​ក្នុង​ការដ្ឋាន​ចម្លាក់​ថ្ម​នេះ ក្នុង​វ័យ​២៥​ឆ្នាំ យុវជន សឿ​ម ឈុ​ន​លី បាន​ទាញ​ទម្លាក់​ម៉ាស់​បន្តិច រួច​និយាយ​ថា «​ខ្ញុំ​បាន​រៀន​ឆ្លាក់​រូប​ឬ​ក្បាច់ ធ្វើ​អំពី​ថ្ម​នេះ​រយៈ​ពេល​៣​ឆ្នាំ​ហើយ​។ ខ្ញុំ​អាច​សម្រេច​កិច្ចការ​នេះ​បាន​ដោយ​ខ្លួនឯង​..! ខ្ញុំ​ចេះ​ឆ្លាក់​ក្បាច់រចនា​ខ្មែរ ច្រើន​ជា​ឆ្លាក់​រូបភាព​»​។

ដៃ​របស់​គេ​មិន​ទុក​ឲ្យ​ទំនេរ​ឡើយ ឈុ​ន​លី បាន​ឆ្លៀត​ពន្យល់​អំពី​ផលវិបាក នៃ​ការ​ឆ្លាក់​ក្បាច់​និង​ឆ្លាក់​រូប​យ៉ាង​​ដូច្នេះ​ថា « ខ្ញុំ​បានដឹង​ថា ការ​ឆ្លាក់​ក្បាច់​នៅ​លើ​ថ្ម មានការ​លំបាក​ខ្លាំង​ណាស់​។ ព្រោះ​ទម្រង់​ក្បាច់រចនា​របស់​ខ្មែរ មាន​ច្រើន​បែប ច្រើន​យ៉ាង តែ​ខ្ញុំ​ចង់​ចេះ​វា​ច្រើន​ជាង​ចង់​ចេះ​ឆ្លាក់​រូបភាព ​។ សព្វថ្ងៃ​ខ្ញុំ​អាច​ឆ្លាក់​ក្បាច់រចនា​ខ្មែរ ស្ទើរ​គ្រប់​ទម្រង់​នៅ​លើ​ផ្ទាំងសិលា​ផ្សេង​ៗ តែ​ខ្ញុំ​មិន​ជំនាញ​ឆ្លាក់​នៅ​លើ​ឈើ​ទេ »​។ គេ​មិន​ឃើញ​មាន​គល់​ឬ​កំណាត់ឈើ​សម្រាប់​ឆ្លាក់​រូប​ទេ នៅ​ក្នុង​ការដ្ឋាន​ចម្លាក់​ថ្ម​របស់​លោក​សឿ​ម ប៊ុ​ន​ធន តែ​គេ​ឃើញ​មាន​ដុំ​សិលា​ធំ​ៗ មាន​ទម្ងន់​រាប់​សិប​តោន ដាក់​រកេតរកូត​នៅ​លើ​ទីតាំង​ដ៏​ចង្អៀត​ណែននោះ ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ស្បៃ​ជ័រ​ការពារ​លំអងធូលី​ ។ គេ​ក៏​មិនឃើញ​មាន​រូបចម្លាក់ ​ឬ​ផ្ទាំងសិលា​ចម្លាក់​អ្វីសេសសល់​នៅ​ទីនោះ ​សម្រាប់​មើល​ដែរ​។ ស្ថិត​ក្នុង​ទិដ្ឋភាព​បែប​នេះ លោក​សឿ​ម ប៊ុ​ន​ធន បាន​ចង្អុល​ប្រាប់​ថា ដុំ​ថ្ម​ធំ​ៗ​ទាំងនោះ ជា​ប្រភេទ​«​ថ្មភក់​» ដែល​លោក​ទិញ​មក​ពី​ខេត្តព្រះវិហារ​។ រីឯ​រូបភាព​ដែល​ឆ្លា​ក់រូច ក៏​ត្រូវ​បាន​ដឹក​យក​ទៅ​ប្រគល់​ឲ្យ​អតិថិជន​អស់ហើយ​ដែរ គ្មាន​នៅ​សល់​សម្រាប់​មើល​ទេ​។

លោក​ប៊ុ​ន​ធន បាន​ប្រាប់​ថា ដុំ​ថ្មភក់​ទាំងនេះ ត្រូវ​បាន​កាត់​ជ្រៀក​ជា​ខ្នាត​រួច​ស្រេច ទៅ​តាម​រូបភាព​ដែល​ត្រូវ​ឆ្លាក់ ឬចម្លាក់​ជា​ក្បាច់ ឬជា​ផ្ទាំង​សិលាចារឹក​ផ្សេង​ៗ ដែល​ម៉ូយ​កុម្ម៉ង់​ទិញ​ជា​មុន ​។ លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ការដ្ឋាន​ចម្លាក់​គាត់ កម្រ​មាន​រូបចម្លាក់​នៅ​សេសសល់​ សម្រាប់​ភ្ញៀវ​មើល​ណាស់ ព្រោះ​ឆ្លាក់​រួច​ត្រូវ​ដឹក​ទៅ​ប្រគល់​ឲ្យ​ម៉ូយ​ភ្លាម​ៗ​តែ​ម្ដង​ ។ ម៉ូយ​ភាគច្រើន​ជា​មន្ត្រី​ធំ​ៗ ឬអ្នកមាន​ទ្រព្យ​ច្រើន​នៅ​រាជធានី​ភ្នំពេញ ដែល​គេ​ទិញ​យក​ទៅ​ដាក់​តាំង​ក្នុង​បរិវេណ​ភូមិ​គ្រឹះ ឬដាក់​តាំងនៅ​តាម​ស្ថាប័នរដ្ឋ​នានា ដែល​រូបចម្លាក់ ឬ ផ្ទាំង​ចម្លាក់​ក្បាច់​នីមួយ​ៗ​មាន​តំលៃ​រាប់​ពាន់​ដុល្លា​។ ដូច្នេះ​ហើយ ទើប​នៅ​កន្លែង​របស់​លោក មិនសូវ​មាន​រូប​សេសសល់ លើក​លេង​តែ​លោក​កំពុង​ឆ្លាក់​តែ​ម្ដង ទើប​អាច​បាន​មក​ឃើញ​ ។

ពាក់ព័ន្ធ​នឹង​ចំនួន​ជាង​ជំនាញ​កម្លា​ក់​ថ្ម​នេះ បើ​តាម​លោក​សឿ​ម ប៊ុ​ន​ធន បាន​ប៉ាន់​ប្រមាណ​ថា សម្រាប់​នៅ​ខេត្ត​បាត់ដំបង ជាង​ដែល​ជំនាញ​ខាង​ចម្លាក់​«​ថ្ម​» ទំនង​មាន​មិន​ច្រើន​ប៉ុន្មាន ដូច​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទេ​ ។ ភាគច្រើន​សំបូរ​តែ​ជាងចម្លាក់ ​«​ឈើ​» ហើយ​ក៏​សំបូរ​តែ​ជាង​ជនជាតិ​វៀតណាម​ទៅ​ទៀត​។ លោក​
ប៊ុ​ន​ធន ក៏​បាន​លើកយក​ស្នាដៃ​ដ៏​ល្បី នៃ​ជាងចម្លាក់​ថ្ម ដែល​កំពុង​ឆ្លាក់​«​ព្រះ​ពុទ្ធរូប​» នៅ​លើ​ជញ្ជាំង​ថ្មភ្នំ​សំពៅ សព្វថ្ងៃ​មក​ធ្វើ​ជា​ឧ​ទា​ហរ​ណ៍​ផង​ដែរ ដែល​លោក​អះអាង​ថា «​ជាងចម្លាក់​ថ្ម នៅ​ក្នុង​ខេត្តបាត់ដំបង មាន​ចំនួន​តិច​បំផុត​»​។

យ៉ាងណា​ក៏​ដោយ​ ជាមួយនឹង​ជំនាញ​ឆ្លាក់​ថ្ម​នេះ លោក​សឿ​ម ប៊ុ​ន​ធន បាន​ថ្លែង​ថា មុខ​ជំនាញ​ចម្លាក់​នេះ ត្រូវ​មានការ​អត់ធ្មត់​ខ្លាំង​បំផុត ហើយ​ត្រូវ​ចំណាយពេល​រាប់​ខែ បើ​ឆ្លាក់​រូប​ឬ​ក្បាច់រចនា​ផ្សេង​ៗ​នៅ​លើ​ផ្ទាំង​ថ្ម​ធំ​ៗ ទើប​រួចរាល់ ​។ ប៉ុន្តែ​ជាងចម្លាក់​ថ្ម​ដ៏​ល្បី​រូប​នេះ ក៏​បាន​ទ​ទូល​ស្គាល់​ដែរ​ថា ការ​ចេះ​ចាំ​មុខ​ជំនាញ​ឆ្លាក់​ថ្ម​នេះ លោក​ពិតជា​មិន​បាន​ឆ្លងកាត់ ​«​សាលា​» ត្រិ​ម​ត្រូវ​តាម​ក្បូន​ខ្នាត​មែន តែ​លោក​ហាក់​ទ​ទូល​បាន​ជោគជ័យ​ក្នុង​អាជីព​ជាងចម្លាក់​នេះ​។ ព្រោះ​បច្ចុប្បន្ន មាន​អតិថិជន​ជា​ច្រើន បាន​និង​កំពុង​កុម្ម៉ង់​ទិញ​រូបចម្លាក់ ឬ ផ្ទាំង​សិលា​ចម្លាក់​ក្បាច់រចនា ឬ សិលាចារឹក​ផ្សេង​ៗ​ពី​លោក​។ សព្វថ្ងៃ លោក​និង​កូនជាង​ប៉ុន្មាន​នាក់ បាន​ប្រឹងប្រែង​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ស្ទើរ​មិន​ទាន់​តម្រូវការ​ផង​។

ដូច្នេះ​ លោក​គិត​ថា នេះ​មោទនភាព និងជា​ភាព​ជោគជ័យ​មួយ​ក្នុង​អា​ជី​កម្ម​ចម្លាក់​ថ្មរបស់​លោក ដែល​បាន​តស៊ូ​យ៉ាង​អំណត់​ក្នុង​រយៈ​ពេល​១៨​ឆ្នាំ​កន្លង​ទៅ​នេះ​។ លោក​ប៊ុ​ន​ធន ក៏​មិន​ភ្លេច​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរជួយ​គាំទ្រ​ដល់​ស្នាដៃ និងជួយ​លើកទឹកចិត្ត​ដល់ ជាងចម្លាក់​ក្បាច់​បុរាណ​ខ្មែរនានា ដែល​កំពុង​ប្រឹងប្រែង ស្ទើរ​គ្រប់​រូបភាព​នា​សម័យនេះ ឲ្យ​បាន​ពេញទំហឹង​ផង​ដែរ​​។

អត្ថបទសរសេរ ដោយ