ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជិនី​ប៉េតង់​កម្ពុជា​ កែ ឡេ​ង ជាប់​ក្នុង​បញ្ជី​​ប្រវត្តិសាស្ត្រ ​កីឡាការិនី​ឆ្នើម​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ឈ្នះ​មេដាយមាស​ពិភពលោក​មួយ​បន្ថែម​ទៀត​កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ បាន​នាំ​ឲ្យ​វីរ​កីឡាការិនី​កែ ឡេ​ង​ក្លាយជា​កីឡាការិនី​ទី​មួយ​នៅ​លើ​ពិភពលោក​ដែល​ឈ្នះ​មេ​ដាយមាស​ពិភពលោក​ដល់​ទៅ​៤​សម័យកាល​ជាប់​ៗ​គ្នា ធ្វើ​ឱ្យ​គណៈកម្មការ​អន្តរជាតិ​បាន​ចារ​ឈ្មោះ​អ្នកស្រី​ក្នុង​បញ្ជី​ជា​កីឡាការិនី​ឆ្នើម​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទៀត​ផង ។ យោង​តាម​ប្រវត្តិ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០១៣…

រាជធានី​ភ្នំពេញ ៖ ការ​ឈ្នះ​មេដាយមាស​ពិភពលោក​មួយ​បន្ថែម​ទៀត​កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ បាន​នាំ​ឲ្យ​វីរ​កីឡាការិនី​កែ ឡេ​ង​ក្លាយជា​កីឡាការិនី​ទី​មួយ​នៅ​លើ​ពិភពលោក​ដែល​ឈ្នះ​មេ​ដាយមាស​ពិភពលោក​ដល់​ទៅ​៤​សម័យកាល​ជាប់​ៗ​គ្នា ធ្វើ​ឱ្យ​គណៈកម្មការ​អន្តរជាតិ​បាន​ចារ​ឈ្មោះ​អ្នកស្រី​ក្នុង​បញ្ជី​ជា​កីឡាការិនី​ឆ្នើម​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទៀត​ផង ។

យោង​តាម​ប្រវត្តិ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០១៣ និង​២០១៥ កែ ឡេ​ង បាន​យកឈ្នះ​កីឡាការិនី​ទុ​យ​នី​ស៊ី Beji Mouna ទាំង​ពីរ​លើក ដោយ​ឆ្នាំ​២០១៣​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង Montauban ប្រទេស​បារាំង និង​ឆ្នាំ​២០១៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ធ្វើ​ឱ្យ​អ្នកស្រី​ឈ្នះ​មេដាយមាស​ពិភពលោក ។ កាលពី​ឆ្នាំ​២០១៧ វីរ​កីឡាការិនី​កម្ពុជា​រូប​នេះ​បាន​យកឈ្នះ​កីឡា​ការិនី ថៃ Phantipha Wongchuvej នៅ​ទីក្រុង Kaihua ប្រទេស​ចិន​ជា​ថ្មី​ទៀត គ្រង​បាន​តំណែង​ជា​កីឡាការិនី​ប៉េតង់​ឆ្នើម​របស់​ពិភពលោក​។

បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០២​មក កីឡាការិនី​បារាំង Papon Angelique មាន​កំណត់​ត្រា​ឈ្នះ មេដាយមាស​៣​លើក​ជាប់​គ្នា​នៅ​ឆ្នាំ​២០០៦,​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៩ ។ កីឡាការិនី​ផ្សេង​ទៀត​ដែល​ធ្លាប់​ឈ្នះ​មេដាយមាស រួម​មាន កីឡាការិនី​អេ​ស្ប៉ា​ញ Mattaranz Yolanda (​ឆ្នាំ​២០០២), កីឡាការិនី​ថៃ​Thamakord Thongsri និង​កីឡាការិនី​ម៉ា​ដា​ហ្គា​ស្កា Randriambahiny Hanta Francine ។

ប៉ុន្តែ​ក្រឡេក​មើល​អ្នកស្រី​កែ ឡេ​ង គឺ​ឈ្នះ​មេដាយមាស​ដល់​ទៅ​៤​លើក​នាំមុខ​គេ​គឺ​ក្នុង​ឆ្នាំ​២០១៣ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩ ដែល​ជា​តួលេខ​ពិភពលោក​ទទួលស្គាល់ និង​ចុះ​ក្នុង​បញ្ជី​ថា​ជា​កីឡាការិនី​ឆ្នើម ។ ដូច្នេះ​ហើយ​ទើប​អ្នកស្រី​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​តំណែង​ជា​មន្ត្រី​ផ្កាយ​២ ដើម្បី​ឱ្យ​ស័​កិ្ត​សម​នឹង​គុណ​បំណាច់​អ្នកស្រី​បាន​ជួយ​ឱ្យ​កម្ពុជា​កាន់តែ​មាន​ការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​។

យ៉ាងណាមិញ អ្នកស្រី​បាន​ប្រកាស​ជំហរ​ហើយ​ថា មិន​ភ្លេច​កំណើត​កីឡា និង​មិន​ធ្វើខ្លួន​ឱ្យ​ឆ្ងាយ​ពី​មហាជន​ទេ បើ​ទោះជា​អ្នកស្រី​បាន​ក្លាយជា​មន្ត្រី​ផ្កាយ​២​ក៏​ដោយ​។

គួរ​រំលឹក​ថា ផ្អែក​តាម​ប្រវត្តិ កីឡាការិនី កែ ឡេ​ង ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដំឡើង ឋានន្តរ​ស័ក្តិ​ជា​បន្តបន្ទាប់ ចាប់តាំងពី​អ្នកស្រី បាន​សាង​ភាព​ល្បីល្បាញ​ជូន​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ជា​ហូរហែ គឺ​ក្រោយ​ពី​ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​បារាំង កាលពី​ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​បាន​ដំឡើង​ឋានន្តរស័ក្តិ​អ្នកស្រី​ពី​អនុសេនីយ៍ទោ​ទៅ​ជា​អនុសេនីយ៍​ឯក​ភ្លាម​ៗ​នៅ​ក្នុង​ក្រប​ខណ្ឌ​ក្រសួងការពារជាតិ ។ កាលពី​ឆ្នាំ​២០១៥ អ្នក​ស្រី កែ ឡេ​ង ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​អនុសេនីយ៍ឯក​ទៅ​វរសេនីយ៍ត្រី​ដូច​គ្នា បន្ទាប់​ពី​អ្នកស្រី​ដណ្តើម​បាន​មេ​ដាយមាស​ពិភពលោក​នៅ​ក្នុង​ប្រទេស​ថៃ​។

អ្នកស្រី កែ ឡេ​ង ដែល​ត្រូវ​គេ​ស្គាល់​ថា​មាន​វ័យ​៥៧​ឆ្នាំ​រូប​នេះ បាន​អះអាង​ថា ក្នុង​ពេល​អ្នកស្រី​កាន់តែ​ខ្ពស់ អ្នកស្រី​កាន់តែ​ភ័យ ដោយ​ក្នុង​នោះ​ត្រូវ​ប្រយ័ត្ន​ទាំង​ឥរិយា​បទ និង​គិត​ទាំង​ស្នាដៃ ដើម្បី​ឱ្យ​ប្រាកដ​ចិត្ត​ថា តើ​អ្នកស្រី​នឹង​មាន​ស្នាដៃ​បែប​ណា​បន្ត​ទៀត ដើម្បី​ជួយ​ដល់​វិស័យ​កីឡា ។ ក្រៅពី​ប្រឹង​ក្នុង​ការ​ហ្វឹកហាត់ ក្នុង​ពេល​អ្នកស្រី​មិន​ទាន់​ត្រូវ​ចូល​និវត្តន៍​ផ្នែក កីឡា​ប៉េតង់ អ្នកស្រី​ក៏​នឹង​ពុះពារ​បណ្ដុះបណ្ដាល​ក្មេង​ៗ​ជំនាន់​ក្រោយ​ឱ្យ​បាន​ល្អ​ផង​ដែរ​ដើម្បី​ជួយ​ដល់​វិស័យ​កីឡា ។ ក្នុង​នោះ ការ​រៀបចំ​ឥរិយា​បទ ក្នុង​នាម​ជា​មនុស្ស​របស់​មហាជន​ក៏​ត្រូវ​គិត​ផង​ដែរ ដើម្បី​កុំឱ្យ​មាន​ពាក្យ​ថា​អ្នកស្រី​ក្រោយ​ពេល​មានយស​ស័ក្តិ ប្រែប្រួល​។

ជាមួយនឹង​ការ​តាំងចិត្ត អ្នកគាំទ្រ​យល់​ថា អ្នកស្រី​គឺជា​កីឡាការិនី​ឆ្នើម​ដែល​មាន​ជំហរ​ល្អ​គួរ​ឱ្យ​សរសើរ បើ​ទោះជា​អ្នកស្រី​បាន​ឡើង​ស័​កិ្ត​បន្តបន្ទាប់​ផ្ទុយ​ពី​ប្រវត្តិ​សិក្សា​ដែល​អ្នកស្រី​គ្មាន​ឱកាស​សិក្សា​បាន​ខ្ពស់​កាលពី​អតីតកាល ។

អ្នកស្រី​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ ឯក ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​លើក​ទី​៣​នៅ​ប្រទេស​ចិន និង​ក្រោយ​ឈ្នះ​មេដាយ មាស​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ម៉ា​ឡេ​ស៊ី កាល​ពី​ឆ្នាំ​២០១៧ ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ
ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​វីរ​កីឡាការិនី​កែ ឡេ​ង ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី (​ផ្កាយ​១)​។

កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៩ មុន​នេះ ទំនងជា​អាច​ត្រូវ​រាជរដ្ឋាភិបាល ពិសេស​ក្រសួង ការពារ​ជាតិ​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧត្តមសេនីយ៍ ត្រី​(​ផ្កាយ​មួយ​) ទៅ​ជា​ឧត្តមសេនីយ៍ទោ (​ផ្កាយ​ពីរ) ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភ្លាម​ៗ​ក្រោយ​វីរ​កីឡាការិនី កែ ឡេ​ង ឈ្នះ​មេដាយមាស សម្តេច​តេ​ជោ​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពី​ការ​អបអរ​ជាមួយ​ជ័យជម្នះ ដោយ​​សម្តេច​ចាត់ទុកជា​មោទនភាព​ជាតិ និង​ជា​ប្រវត្តិសាស្ត្រ​ដ៏​កម្រ​ផង ។ ការ​ចាត់​ទុក​បែប​នេះ ដោយសារ​សម្តេច​យល់​ថា​សមិទ្ធផល​នេះ​វា​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​លើក​​ដំបូង និង​ម្យ៉ាងទៀត​កែ ឡេ​ង ជា​កីឡាការិនី​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ដែល​បាន​ឈ្នះ​មេដាយមាស​ពិភពលោក​៤​ជំនាន់​ជាប់​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ